ការ​សិក្សា​រក​ឃើញ​ថាស្រ្តី​វ័យលើស​៥០​ឆ្នាំញ៉ាំភេសជ្ជៈផ្អែមរាល់ថ្ងៃ​ប្រឈមជំងឺថ្លើមខ្ពស់

  • 2023-08-09 04:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ស្រ្តី​វ័យ​លើស​ពី​៥០​ឆ្នាំ​​ដែល​បាន​ញុាំភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ជា​ប្រចាំ​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​​មហារីក​ថ្លើម ឬ​ស្លាប់​ដោយសារ​​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២៣​។​

បើ​តាម​ CNN​នៅ​សហរដ្ឋអាមេរិក​មនុស្ស​ពេញ​វ័យ​ប្រាំមួយ​​នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ផឹក​ភេសជ្ជៈ​ផ្អែម​ជា​ប្រចាំ​ថ្ងៃ​។ សម្រាប់​ស្រ្តី​វ័យ​ចំណាស់​វិញ ការ​សិក្សា​រក​ឃើញ​ថា​ទំនង​ជា​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​ថ្លើម ឬ​ស្លាប់​ដោយ​សារ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ។

​របាយការណ៍​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ឈ្មោះ​ថា​JAMA ​បាន​តាម​​ដាន​លើ​ស្រ្តី​ជិត​១០០ ០០០​នាក់​អាយុ​ចន្លោះ​ពី​៥០​ទៅ​៧៩​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​ និង​តាម​​ដាន​សុខភាព​អ្នក​ទាំង​នោះ​រយៈ​ពេល​​ជាង​២០​ឆ្នាំ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រ្តី​វ័យ​ចំណាស់​ដែល​មិន​សូវ​ញុាំ​ភេសជ្ជៈ​ផ្អែម​ (sugar-sweetened beverage) គេ​រក​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ញុាំភេសជ្ជៈ​ផ្អែម​ជា​ប្រចាំ​មាន​អត្រា​ខ្ពស់​កើត​ជំងឺ​មហារីក​ថ្លើម និង​ស្លាប់​ដោយ​សារ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ។​

​បើ​តាម​CNN អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​បាន​រាយការណ៍​ចំនួន​ដង​នៃ​ការ​ញុាំភេសជ្ជៈ​ផ្អែម ឬ​ទឹក​ផ្លែ​ឈើ​ថា​តើ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ចាប់​ពី​ប្រាំ​មួយ​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ការ​សិក្សា​ក៏​បាន​ពិនិត្យ​លើ​ចំនួន​ស្រ្តី​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​ថ្លើម ឬ​ស្លាប់​ដោយ​ជំងឺ​ថ្លើម​ររុាំរ៉ៃ​ក្នុង​រយៈ​ពេល​នៃ​ការ​សិក្សា​គិត​ជា​មធ្យម​ជិត​២១​ឆ្នាំ​។​​​​​​​​​​​​​

ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​ដែល​បាន​ញុាំ​ភេសជ្ជៈ​ផ្អែម​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ថ្ងៃ​មាន​អត្រា​កើត​ជំងឺ​មហារីក​ថ្លើម​១,៧៥​ដង​ខ្ពស់​ជាង​ស្រ្តី​ដែល​ញុាំភេសជ្ជៈ​ប្រភេទ​នេះ​ត្រឹម​បី​ដង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ខែ​។​ សម្រាប់​អ្នក​ញុាំភេសជ្ជៈ​ផ្អែម​ទាំង​នេះ​ជា​ប្រចាំ​ក៏​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​ថ្លើម​រុាំរ៉ៃ​២,៥​ដង ខ្ពស់​ជាង​​អ្នក​មិន​សូវ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​ផង​ដែរ​។​​​ ​ បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​បាន​ណែ​នាំ​ថា​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំភេសជ្ជៈ​ផ្អែម​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ ហើយ​កុំ​ញុាំ​ញឹក​ញាប់​ពេក​។

ប្រភព៖ CNN អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម