មូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល អ្នកឧស្សាហ៍ឈឺក្បាលមិនគួរមើលរំលង

  • 2023-08-01 07:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដឹងទេ? ជំងឺហូរឈាមនៅក្នុងស្រោមខួរក្បាល ជាប្រភេទជំងឺធ្ងន់ធ្ងរដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ និងអាចបណ្តាលឲ្យស្លាប់ភ្លាមៗប្រហែលពី ៤០% ទៅ ៦០%។ នៅក្នុងចំណោមគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥ ទៅ ១០% ។

ការហូរឈាមនៅក្នុងស្រោមខួរក្បាលត្រូវបានគេចាត់ទុកជាគ្រោះមហន្តរាយមួយធ្ងន់ធ្ងរ ដែលបង្កឲ្យស្លាប់ និងមានពិការភាព ទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកទេសថ្មីៗ នៃការវះកាត់ទៅលើប្រព័ន្ធប្រសាទ ការរីកចម្រើនផ្នែកសង្រ្គោះបន្ទាន់ និងប្រពោធនកម្មក៏ដោយ។

តើការហូរឈាមនៅក្នុងស្រោមខួរក្បាលបណ្តាមមកពីមូលហេតុអ្វី?

មន្ទីរពេទ្យកាល់ម៉ែត្របង្ហាញថា ៨០% នៃការហូរឈាមនៅក្នុងស្រោមខួរក្បាល បណ្តាលមកពីការដាច់សរសៃឈាមដែលរីកប៉ោងនៅក្នុងខួរក្បាល។

ក្រៅពីនេះជំងឺនេះបណ្តាលមកពី៖

• ការដាច់សរសៃឈាមមិនប្រក្រតីពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ

• ការប៉ះទង្គិចក្បាលដោយប្រការផ្សេងៗ

• ការព្យាបាលដោយថ្នាំប្រឆាំងកុំឲ្យឈាមកករយៈពេលយូរ

• ការឡើងសម្ពាធឈាមដោយគំហុក

• ការពុលសារជាតិពុលមួយចំនួន

ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

តើនៅក្នុងកាលៈទេសៈណាខ្លះ ដែលធ្វើឲ្យដាច់សរសៃឈាមប៉ោង?

  • នៅពេលតប់ប្រមល់ (Stress)
  • នៅពេលប្រឹងធ្វើការ
  • នៅពេលរំភើបចិត្តខ្លាំង
  • នៅពេលត្រូវកំដៅថ្ងៃខ្លាំង
  • នៅពេលស្រវឹងស្រា

តើការហូរឈាមនៅក្នុងស្រោមខួរក្បាលមានរោគសញ្ញាអ្វីខ្លះ?

យោងតាមមន្ទីរពេទ្យកាល់ម៉ែត្រ រោគសញ្ញាពី ៨៥% ទៅ ៩៥% គឺឈឺក្បាលខ្លាំងភ្លាមៗខុសពីធម្មតា ហើយឈឺកាន់តែខ្លាំងនៅពេលត្រូវពន្លឺ ឬពេលឭសំឡេង។ ការឈឺចាប់នេះនឹងមិនបាត់ដោយការលេបថ្នាំបំបាត់ការឈឺចាប់ទេ។

ក្រៅពីនេះ រោគសញ្ញារួមមាន៖

  • ឈឺក្បាលខ្លាំងមានរួមជាមួយចង្អោរ ឬក្អួត
  • បាត់បង់ស្មារតីមួយភ្លែត រួចហើយដឹងខ្លួនវិញ ប៉ុន្តែបើបាត់បង់ស្មារតីយូរ វាជាសញ្ញាធ្ងន់ធ្ងរ
  • ការប្រកាច់ភ្លាមៗ រួមជាមួយនឹងការបាត់បង់ស្មារតី ហើយនៅពេលដឹងខ្លួនមកវិញ អ្នកជំងឺមានឈឺក្បាលខ្លាំង និងក្អួត ឬចង្អោរ
  • និយាយមិនរួច (aphasie)
  • ស្ពឹក ឬស្លាប់មួយចំហៀងខ្លួន (Hémiparésie ou hémiplégie)
  • មើលឃើញរូបពីរ (diplopie)
  • អាការៈសន្លប់ ជាបញ្ហាមួយធ្ងន់ធ្ងរ ចំពោះអ្នកហូរឈាមនៅក្នុងស្រោមខួរក្បាល។
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យដោយពឹងផ្អែកលើអ្វីខ្លះ?

  • ការសែ្កនណែរខួរក្បាល(Scanner cérébral)
  • ការបូមទឹកខួរឆ្អឹងខ្នង (Ponction lombaire) ទឹកខួរឆ្អឹងមានឈាមតែមិនកក (Liquide xanthochromique)

តើយើងអាចការពារខ្លួនពីការហូរឈាមនៅក្នុងស្រោមខួរក្បាលដោយរបៀបណា?

មានវិធីមួយចំនួនដែលយើងអាចអនុវត្តដើម្បីការពារខ្លួនពីការហូរឈាមនៅក្នុងស្រោមខួរក្បាល នេះបើតាមមន្ទីរពេទ្យកាល់ម៉ែត្រ៖

  • បញ្ឈប់ការជក់បារី ការសេពគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនមួយចំនួន និងការប្រើប្រាស់គ្រឿងញៀនជាដើម
  • ទទួលការសែ្កនខួរដើម្បីរកសរសៃឈាមក្នុងក្បាលដែលរីកប៉ោង ដើម្បីព្យាបាលមុនពេលបែក។

មន្ទីរពេទ្យកាល់ម៉ែត្រក៏បានណែនាំផងដែរថា ការហូរឈាមនៅក្នុងស្រោមខួរក្បាល ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងធ្វើការព្យាបាលឲ្យបានទាន់ពេល នៅមន្ទីរពេទ្យដែលមានឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងក្រុមការងារជំនាញពាក់ព័ន្ធពហុឯកទេស។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា