តើការយំរបស់ទារក អាចឲ្យប៉ាម៉ាក់ដឹងអ្វីខ្លះអំពីទារក?

  • 2023-07-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើការយំរបស់ទារក អាចឲ្យប៉ាម៉ាក់ដឹងអ្វីខ្លះអំពីទារក? ជាការពិតណាស់ការយំរបស់ទារកគឺជាភាសាតែមួយគត់ដែលទារកចាប់ផ្តើមប្រាស្រ័យទាក់ទងជាមួយប៉ាម៉ាក់របស់គេចាប់តាំងពីចាប់កំណើតមក។

៥ចំណុចខាងក្រោមអាចឲ្យប៉ាម៉ាក់ការដឹងច្បាស់អំពីការយំរបស់ទារក និងគោលបំណងរបស់គាត់ ទាំងភាពប្រក្រតី និងមិនប្រក្រតី ឬគោលបំណងរបស់ទារក៖

១. ពេលកើតមកភ្លាម ជាធម្មតាទារកត្រូវតែយំ។ បើទារកយំមិនចេញទេ នោះឆ្មប ឬគ្រូពេទ្យនឹងទះគូទទារករហូតដល់មានសំលេងយំ។ ការយំនៅអំឡុងពេលនេះនឹងជួយបើកចំហសួតរបស់ទារកដើម្បីស្រូបយកខ្យល់អុកស៊ីសែន មានន័យថា ទារកចាប់ផ្តើមដកដង្ហើមជាលើកដំបូងដោយខ្លួនឯងហើយ។

២. ការយំជាភាសាទំនាក់ទំនងមួយដែលទារកចង់ប្រាប់ថា ពួកគេឃ្លាន កំពុងឈឺ ឬត្រូវការអ្វីមួយដូចជាត្រូវការឲ្យម៉ាក់ៗប្តូរកន្ទបទឹកនោមឲ្យគេជាដើម។ ពេលខ្លះទារកយំព្រោះពួកគេត្រូវការភាពកក់ក្តៅពីម៉ាក់ៗប៉ាៗ ការលួងលោម និងពិសេសពេលដែលពួកគេមិនសូវស្រួលខ្លួន។

៣. តើអ្នកជឿអត់ ថាការយំក៏ជាការធ្វើលំហាត់ប្រាណសម្រាប់ទារក? នៅពេលដែលទារកស្រែកយំ សាច់ដុំជាច្រើននៅក្នុងសារពាង្គរាងកាយនឹងមានភាពរឹងមាំហើយមានភាពសកម្ម។ ប៉ុន្តែទោះជាយ៉ាងណា ប៉ាម៉ាក់មិនត្រូវទុកឲ្យពួកគេយំយូរពេកទេ។

៤. ទារកដែលមួរម៉ៅច្រើន ពួកគេតែងតែស្រែកយំមិនឈប់ ហើយក្រោយពីស្រែកយំមួយភ្លែតហើយ ពួកគេនឹងមានអារម្មណ៍ល្អឡើងវិញជាមិនខាន។ ដូច្នេះការយំក៏ជួយបន្ធូរអារម្មណ៍របស់ទារកបានដែរ។

៥. ការយំក៏អាចជាសញ្ញាបង្ហាញពីស្ថានភាពសុខភាពរបស់ទារកដែរ។ ប្រសិនបើទារកយំមិនឮសំលេង វាអាចជារឿងមួយដែលគួរឲ្យបារម្ភ ព្រោះទារកអាចជួបនឹងវិបត្តិធ្ងន់ធ្ងរណាមួយដែលកើតមានឡើងនៅក្នុងខ្លួនដែលធ្វើឲ្យគេយំមិនចេញ។ ប៉ាម៉ាក់ត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីនេះ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍