ប៉ាម៉ាក់គួរធ្វើយ៉ាងណាបើកូនតូចៗមិនស្ដាប់បង្គាប់ ចូលរួមដុសសម្អាតធ្មេញ
- 2023-03-21 04:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាម៉ាក់គួរធ្វើយ៉ាងណាបើកូនតូចៗមិនស្ដាប់បង្គាប់ ចូលរួមដុសសម្អាតធ្មេញ
សុខភាពមាត់ធ្មេញរបស់កុមារចំណុចគួរចងចាំដំបូងសម្រាប់កុមារ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ ដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំ។
១-បើកូនតូចៗមិនស្ដាប់បង្គាប់ នៅពេលបង្រៀនដុសសម្អាតធ្មេញ យើងអាចប្រើវិធីសាស្ត្រខាងក្រោម៖ – ឲ្យអូនៗអង្គុយលើភ្លៅ បែរមុខផ្ទុយពីយើង – ទប់ចង្កាអូនតូចៗដោយដៃម្ខាង ហើយក្បាលមកប៉ះខ្លួនយើង – ដុសសម្អាតគ្រប់ផ្ទៃធ្មេញ រួមជាមួយអញ្ចាញធ្មេញ ក្នុងចលនាជារង្វង់តូចៗ – ក្រោយដុសធ្មេញរួច ឲ្យអូនៗខ្ជាក់ថ្នាំដុសធ្មេញចេញ មិនត្រូវលេបចូលពោះ ឬខ្ពុលជាមួយទឹកទេ ព្រោះវាអាចលាងជាតិភ្លុយអរសម្រាប់ការពារធ្មេញអស់។ រឿងខ្ជាក់ចោល ចំពោះអូនៗអាចពិបាកតិច ហេតុនេះគួរបង្ហាញពីរបៀបខាកស្ដោះឲ្យអូនៗមើល។
២- វីធីសាស្រ្តងាយៗអាចធ្វើឲ្យអូនៗព្រមដុសធ្មេញ – បង្កើតជាហ្គេមកម្សាន្តជាមួយកូន នៅពេលដុសធ្មេញ ដូចជា លេងធ្វើជាតួសម្ដែងរវាងអូនៗ និងតុក្កតាសំណព្វចិត្តអូនៗ ឲ្យអូនៗធ្វើជាគ្រូពេទ្យធ្មេញ ឯតុក្កតាជាអ្នកជំងឺ។ បន្ទាប់មក ឲ្យអូនតូចដុសធ្មេញឲ្យតុក្កតា ដោយដាស់តឿនអូនៗត្រូវសម្អាតផ្ទៃធ្មេញទាំងសងខាង។ វិធីនេះជាតិចនិកល្អមួយដើម្បីដាស់តឿនអូនៗឲ្យដុសធ្មេញខ្លួនឯងដូចគ្នា។ – ដោយសារក្មេងចូលចិត្តធ្វើត្រាប់តាមមនុស្សធំ ហេតុនេះគួរឲ្យសមាជិកគ្រួសារណាម្នាក់បង្ហាញពីរបៀបដុសធ្មេញឲ្យអូនៗបានឃើញ។ – ព្យាយាមដុសសម្អាតធ្មេញ ដោយមិនបាច់ប្រើថ្នាំដុសធ្មេញ បើអូនៗមិនចូលចិត្តរសជាតិថ្នាំដុសធ្មេញ បន្ទាប់មកចាំសាកប្រើថ្នាំដុសធ្មេញមានជាតិភ្លុយអរទាប ក្នុងកម្រិតតិចបំផុត ដើម្បីឲ្យអូនៗស៊ាំទៅនឹងរសជាតិ។ – បើអូនៗមិនព្រមរៀនដុសធ្មេញក្នុងបន្ទប់ទឹកទេ អាចជ្រើសរើសកន្លែងផ្សេងទៀតក៏បាន។ – សម្រាប់ក្មេងរាងធំបន្តិច គួរផ្ដល់រង្វាន់លើកទឹកចិត្ត កត់ចំនួនដុសធ្មេញ ២ ដង/ថ្ងៃ នៅលើប្រតិទិន និងផ្តល់ជារង្វាន់ ពេលកូនអាចសម្រេចបានគោលដៅ។
ចុងក្រោយការសហការគ្នារវាងឪពុកម្តាយ អាចចូលរួមដុសធ្មេញរួមគ្នាជាប្រចាំជាមួយកូនៗ រាល់ថ្ងៃ។ ឬនាំកូនៗ ទៅជួបគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។ ប្រភព៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់