កម្មករបោសសំរាមត្រូវបង្ខំឲ្យលុតជង្គង់សុំទោស ព្រោះជ្រុលបោសសំរាមប៉ះឡានថ្លៃ
- 2022-11-16 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មករបោសសំរាមត្រូវបង្ខំឲ្យលុតជង្គង់សុំទោស ព្រោះជ្រុលបោសសំរាមប៉ះឡានថ្លៃ
ប្ដីប្រពន្ធមួយគូនៅប្រទេសចិនត្រូវបានគេរិះគន់ខ្លាំង និងស្វែងរកក្រោយបង្ខំកម្មករបោសសំរាមម្នាក់ឲ្យសុំទោសព្រោះជ្រុលបោសសំរាមត្រូវឡានពួកគេ។
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ហេតុការណ៍មិនគួរឲ្យជឿមួយបានកើតឡើងនៅខេត្ត Zhejiang ប្រទេសចិន។ តាមនោះដែរ ប្ដីប្រពន្ធមួយគូមកពីតំបន់ខាងលើ មិនអាចទទួលយកបានក្រោយពេលកម្មករបោសសំអាតផ្លូវម្នាក់បានបោសស្លឹកប៉ះចំឡានរបស់ពួកគេ។ ប្រភពខាងលើបានឲ្យដឹងថា រថយន្តរបស់ប្ដីប្រពន្ធខាងលើ គឺទើបទិញថ្មី និងជាប្រេនលំដាប់មួយ។
ជាក់ស្ដែង ក្រោយពេលត្រូវបោសសំរាមប៉ះឡានខ្លួន ប្ដីប្រពន្ធនេះបានគំរាមកម្មករថា ត្រូវលុតជង្គង់សុំទោសពួកគេ បើមិនដូចនោះទេនឹងត្រូវវាយដល់ស្លាប់។ សំណាងល្អ សកម្មភាពរបស់ប្ដីប្រពន្ធគ្មានមេត្តានេះ ត្រូវបានគេថតបាន និងបង្ហោះលើបណ្ដាញសង្គម Douyin ដោយមានអ្នកមើលដល់ ៨លាននាក់។ ពួកគេរងការរិះគន់ជាខ្លាំង ដោយមតិភាគច្រើនបានលើកសួរថា តើពីរនាក់ប្ដីប្រពន្ធនេះគ្មានឪពុកម្ដាយ ឬយ៉ាងម៉េច បានអាចធ្វើបែបនេះបាន។ មហាជនក៏សំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការចំពោះករណីនេះដូចគ្នា៕