ត្រូវសាច់ញាតិចាប់កូនប្រុស ពេលទទួលបានវិញ ត្រូវទារលុយចិញ្ចឹម១៧ឆ្នាំ
- 2022-11-15 02:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវសាច់ញាតិចាប់កូនប្រុស ពេលទទួលបានវិញ ត្រូវទារលុយចិញ្ចឹម១៧ឆ្នាំ
នារីមកពីប្រទេសចិនម្នាក់បានជួបជុំជាមួយកូនប្រុសវិញ ក្រោយ១៧ឆ្នាំ កូនត្រូវសាច់ញាតិលួចចាប់ទៅ តែពេលនេះពួកគេបែរជាទារលុយចិញ្ចឹមកូននេះទៅវិញ។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា នារីឈ្មោះ Zhang Caihong មកពីខេត្ត Jiangsu ប្រទេសចិន ទើបតែរកឃើញថា កូនប្រុសវ័យ១៧ឆ្នាំរបស់ខ្លួន គឺត្រូវប្អូនថ្លៃរបស់នាងលួចចាប់ទៅកាលពី១៧ឆ្នាំមុន។ ក្រោយពេលហេតុការណ៍នេះត្រូវបានចុះផ្សាយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា មានការលួចចាប់ក្មួយខ្លួនឯងបែបនេះកើតឡើងនៅសម័យបច្ចុប្បន្ន។
ដោយសារពេលពពោះ នាង និងប្ដីបានលែងលះរួចហើយ ដូចនេះនៅពេលជិតសម្រាលកូន នាងបានដូរផ្ទះព្រោះខ្លាចគ្រួសារខាងប្ដីធ្វើបាប។ យ៉ាងណាក្ដី នៅថ្ងៃសម្រាលកូន ប្អូនថ្លៃនាងបានមកមើល ហើយប្រាប់នាងថា កូនប្រុសនាងពិការជើងទាំងសងខាង។ បន្ទាប់មកក៏បានប្រាប់នាងថា កូននាងស្លាប់បាត់ហើយ។
សំណាងល្អ កាលពីពេលថ្មីៗនេះ នាងដឹងថាកូនប្រុសខ្លួននៅរស់ ហើយកំពុងរៀននៅវិទ្យាល័យមួយ។ អ្នកទាំងពីរចង់ត្រលប់មករស់នៅជាមួយគ្នាវិញ តែត្រូវបានប្អូនថ្លៃ និងប្ដីរបស់នាងទារថ្លៃចិញ្ចឹមកូន១៧ឆ្នាំកន្លងមកនេះ។ តែនាងបានបដិសេធ ព្រោះពួកគេបានលួចកូននាងទៅចិញ្ចឹមខុសច្បាប់៕