សាកគន្លឹះងាយៗ ជួយបំបាត់ភាពតានតឹង និងស្ត្រេសយ៉ាងមានប្រសិទ្ធភាព
- 2022-10-25 02:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកគន្លឹះងាយៗ ជួយបំបាត់ភាពតានតឹង និងស្ត្រេសយ៉ាងមានប្រសិទ្ធភាព
ភាពតានតឹង និងស្ត្រេសគឺតែងតែកើតមានជាទូទៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់។ ដោយការឆ្លើយតបរបស់រាងកាយចំពោះព្រឹត្តិការណ៍ជីវិតដ៏លំបាកធ្វើឲ្យ ភាពតានតឹង និងស្ត្រេសអាចបង្កឡើងដោយព្រឹត្តិការណ៍ជាច្រើន ចាប់ពីបញ្ហាប្រចាំថ្ងៃតូចៗ រហូតដល់ការផ្លាស់ប្តូរធំដូចជាការលែងលះ ឬការបាត់បង់មនុស្សជាទីស្រឡាញ់។ ភាពតានតឹងអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ រោគសញ្ញាទូទៅនៃភាពតានតឹងរួមមាន ឈឺក្បាល ឈឺ គេងមិនលក់ សម្ពាធឈាមខ្ពស់ ភាពតានតឹងសាច់ដុំ និងក្រពះ ការតូចចិត្ត អន់ចិត្ត ឬការថប់បារម្ភ។ គ្រាន់តែអ្នកខ្លះ គេមានវិធីស្រាយបញ្ហាទាំងអស់នោះបាន តែអ្នកខ្លះទៀតមិនអាចកែប្រែបាន ។
ប្រសិនបើភាពតានតឹងវានៅរ៉ាំរ៉ៃយូរអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ និងជំងឺសរសៃឈាមបេះដូង។ កញ្ញាសូមណែនាំ គន្លឹះងាយៗ ទៅកាន់អ្នកទាំងអស់គ្នា ក្នុងការ គ្រប់គ្រងស្ត្រេស ទប់ទល់នឹងភាពតានតឹងដែលជះផលប៉ះពាល់របស់ចំពោះជីវិតប្រចាំថ្ងៃរបស់អ្នកខាងក្រោម៖
១. ការសមាធិ ការសិក្សាជាច្រើនបានបង្ហាញថាការធ្វើសមាធិគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងភាពតានតឹង និងស្ត្រេស។ វាជាបច្ចេកទេសសាមញ្ញមួយ តែបើធ្វើញឹកញាប់ជាប្រចាំថ្ងៃអាចជួយបង្កើតភាពធន់នឹងភាពតានតឹង។
២.ការស្តា ប់តន្ត្រីបន្ធូរអារម្មណ៍ ការស្តាប់តន្ត្រីបន្ធូរអារម្មណ៍អាចធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងជួយសម្រាលភាពតានតឹងនិងស្ត្រេបានយ៉ាងមានប្រសិទ្ធភាពដូចគ្នាដែរ។ ប៉ុន្តែគួររកមើល តន្ត្រីបន្ធូរអារម្មណ៍ដែលជួយលើកទឹកចិត្ត និងធ្វើចិត្តរបស់អ្នករីករាយ នឹងស្រាយអារម្មណ៍ទៅជាមួយវាកាន់តែប្រសើរជាងមុន។ ហាមដាច់ខាតតន្ត្រី ឬចម្រៀងកម្សត់ធ្វើឲ្យចិត្តធ្ងន់ធ្ងរបន្ថែម។
៣. ការទទួលបានម៉ាស្សា នឹងបន្ថែមការទទួលទានភេសជ្ជស:តែបន្ធូរអារម្មណ៍ ការព្យាបាលដោយម៉ាស្សាមានអនុភាពក្នុងការកាត់បន្ថយភាពតានតឹង ហើយបំបាត់ស្ត្រេស។ សារ:សំខាន់នៃការម៉ាស្សា គឺដើម្បីបំបាត់ភាពតានតឹងសាច់ដុំ នឹងសម្រួលចលនាខួរក្បាលឲ្យមានភាពធូរស្រាល។ នៅពេលដែលការសំរាកលំហែកើនឡើង ភាពតានតឹងនឹងថយចុះ រួមជាមួយនឹងចង្វាក់បេះដូង និងសម្ពាធឈាម។ ពិសេសការទទួលទានតែរុក្ខជាតិខ្លះអាចជួយបន្ធូរភាពតានតឹង និង ការថប់បារម្ភ ស្ត្រេសម្តងម្កាល ។ តែរុក្ខជាតិដែលគួរយកមកទទួលទានមានដូចជាតែ peppermint តែ chamomile និងតែ lavender ជួយកាត់បន្ថយភាពតានតឹងសាច់ដុំ ឆាប់ខឹង និងគេងមិនលក់។
៤. ការងូតទឹកក្តៅ ការងូតទឹកក្តៅឧណ្ណៗក៏ត្រូវបានគេស្គាល់ផងដែរថាអាចបំបាត់ភាពតានតឹង នឹងស្ត្រេសបាន។ ការងូតទឹកក្តៅឧណ្ហៗអាចជួយសម្រួលសាច់ដុំដែលនឿយហត់ និងជំរុញឱ្យមានការសម្រាក និងបន្ថយភាពតានតឹង ពិសេសប្រជាជនជប៉ុនបិតជាជឿលើការងូតទឹកក្តៅ និងត្រាំទឹកក្តៅឧណ្ហៗជួយដល់សុខភាពរាងកាយល្អប្រសើរបំផុតក្នុងបញ្ចេញជាតិពុល នឹងការសម្រាកខួរក្បាល។
៥.ការទូរស័ព្ទទៅមិត្តភក្តិ ការពិភាក្សាជាមួយនរណាម្នាក់អំពីបញ្ហារបស់អ្នកអាចជួយឱ្យអ្នកទទួលបានទស្សនៈថ្មីអំពីពួកគេ។ មិត្តភ័ក្តិក៏ជាប្រព័ន្ធគាំទ្រដ៏រឹងមាំមួយដែលអាចជំរុញទឹកចិត្តអ្នក និងលើកទឹកចិត្តអ្នកនៅពេលអ្នកកំពុងមានអារម្មណ៍ធុញថប់។ លើសពីនេះ សំឡេងរបស់នរណាម្នាក់ដែលអ្នកចាប់អារម្មណ៍អាចធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង និងបន្ធូរភាពតានតឹង។ ដូច្នេះសូមទូរស័ព្ទទៅមិត្តរបស់អ្នកសូម្បីតែពីរបីនាទីក៏ដោយវាអាចជួយអ្នកបានកាន់តែប្រសើរក្នុងការបំបាត់ភាពធុញថប់ និងស្ត្រេស។
៦. ការទៅដើរលេងក្នុងធម្មជាតិ ការសិក្សាជាច្រើនបានបង្ហាញថា ការដើរគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបំបាត់ភាពតានតឹង។ នៅពេលអ្នកដើរ រាងកាយរបស់អ្នកបញ្ចេញសារធាតុ Endorphins ដែលជួយសម្រួលដល់ខួរក្បាលរបស់អ្នក និងកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ ពិសេសការដើរក្នុងបរិយាកាស ដែលមានធម្មជាតិពណ៌បៃតងស្រស់បំព្រងជួយឲ្យសុខភាពរាង កាយនឹងអារម្មណ៍ធូរស្រាយពីភាពតានតឹង នឹងទទួលបានថាមពលល្អចូលក្នុងខ្លួន
៧. ការបញ្ជាក់ជាវិជ្ជមាន ការបញ្ជាក់គឺជាមធ្យោបាយដ៏មានឥទ្ធិពលដើម្បីប្រឆាំងនឹងការនិយាយដោយខ្លួនឯងអវិជ្ជមាន។ នៅពេលអ្នកអនុវត្តការអះអាងវិជ្ជមានជាញឹកញាប់ វាបង្កើនទំនុកចិត្តរបស់អ្នកលើសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហារបស់អ្នក។ ការបញ្ជាក់ជាវិជ្ជមានក៏ជួយទប់ទល់នឹងអារម្មណ៍ភ័យស្លន់ស្លោ និងភាពតានតឹងផងដែរ។
៨. ការសើច នៅពេលអ្នកស្ត្រេស សាកល្បងមើលរឿងកំប្លែង ឬដើរលេងជាមួយមិត្តភក្តិដែលធ្វើឱ្យអ្នកសើច។ ការសើចកាត់បន្ថយកម្រិត cortisol ដែលជាអរម៉ូនស្ត្រេសចម្បងរបស់យើង។ វាក៏បង្កើនកម្រិតអរម៉ូន endorphins ដែលបង្កើនសុភមង្គល។
៩. ការកាត់បន្ថយ ទទួលទានជាតិកាហ្វេអ៊ីន ជាតិកាហ្វេអ៊ីនគឺជាសារធាតុរំញោចដែលមាននៅក្នុងកាហ្វេ តែមួយចំនួន និងភេសជ្ជៈប៉ូវកម្លាំង។ បរិមាណជាតិកាហ្វេអ៊ីនខ្ពស់អាចបង្កើនកម្រិត cortisol ដែលនាំឱ្យមានភាពតានតឹង ការថប់បារម្ភ និងរំខានដល់ដំណេករបស់អ្នក។
១០. ការអានសៀវភៅដែលអ្នកចូលចិត្ត ដោយគ្រាន់តែអានសៀវភៅ អ្នកអនុញ្ញាតឱ្យខ្លួនអ្នកទៅពិភពមួយផ្សេងទៀតដែលរំខានអ្នកពីភាពតានតឹងប្រចាំថ្ងៃ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន។ ការអានក៏អាចបន្ធូរបន្ថយភាពតានតឹងក្នុងសាច់ដុំរបស់អ្នក និងបន្ថយអត្រាបេះដូងរបស់អ្នក។
១១. ការធ្វើលំហាត់ប្រាណ លំហាត់ប្រាណគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងស្ត្រេស។ នៅពេលអ្នកហាត់ប្រាណ វាបន្ថយអ័រម៉ូនស្ត្រេសរបស់រាងកាយដូចជា adrenaline និង cortisol ។ វាក៏ជួយជំរុញការផលិតអរម៉ូន endorphins ដែលជាសារធាតុគីមីដែលជំរុញអារម្មណ៍វិជ្ជមានផ្តល់មកវិញនៅកាបញ្ចេញជាតិពុលក្នុងខ្លួន និងភាពរីករាយក្នុងអារម្មណ៍ផងដែរ។
១២. ការសម្រាកប្រើប្រាស់ទូរសព្ទ័ និងមើលប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍ដ៏ល្អមួយដើម្បីរក្សាទំនាក់ទំនង ប៉ុន្តែវាក៏អាចបង្កើនការថប់បារម្ភ ភាពតានតឹង និងការភ័យខ្លាច ជាច្រើនចូលមកក្នុងខ្លួនអ្នកមកវិញនៅពេលអ្នកធ្វើការតាមដានញឹកញាប់ពេក។ ការផ្អាកគម្លាតពីការទូរសព្ទ័ខ្លះ និងការសម្រាកតិចតួចពីប្រព័ន្ធផ្សព្វផ្សាយសង្គមជារឿងដែលល្អបំផុតក្នុងការព្យាបាលវា ហើយអនុញ្ញាតឱ្យខ្លួនបានសម្រាកខួរក្បាល ឈប់គិតរឿងមិនល្អពីខាងក្រៅ ជួយធ្វើឱ្យចិត្តរបស់អ្នកស្រស់ស្រាយ ងាកមកផ្តោតលើខ្លួនអ្នក និងគេងឱ្យបានច្រើនជាការប្រសើរ។