រឿងថ្មីរបស់ Yang Mi ត្រូវផ្អាកចាក់ផ្សាយគ្មានពេលកំណត់
- 2022-10-14 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីរបស់ Yang Mi ត្រូវផ្អាកចាក់ផ្សាយគ្មានពេលកំណត់
ខ្សែភាពយន្តភាគថ្មីរបស់តារាសម្ដែងស្រីជួរមុខចិន Yang Mi ត្រូវបានប្រកាសផ្អាកចាក់ផ្សាយដោយគ្មានពេលកំណត់ មុននោះរឿងនេះបានមានកាលបរិច្ឆេទផ្សាយច្បាស់លាស់ហើយ។
កាលពីថ្ងៃទី ១៣ ខែតុលាមុននេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ក្រុមហ៊ុន Tencent Video បានប្រកាសថា ខ្សែភាពយន្តភាគសម័យ She and Her Husband ដែលគ្រោងចាក់ផ្សាយលើគេហទំព័ររបស់ក្រុមហ៊ុននេះនឹងត្រូវផ្អាកផ្សាយគ្មានពេលកំណត់សិន។
វណ្ណកម្មរបស់កំពូលតារាសម្ដែងស្រីចិន Yang Mi និងតារាសម្ដែងប្រុសកំពុងឡើងកូដ Xu Kai បានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលតាំងពីដើមឆ្នាំ ហើយមុននោះគ្រោងចាក់ផ្សាយនៅថ្ងៃទី ១៣ ខែតុលា។
ប្រភពដដែលក៏បានបន្ថែមថា រឿងភាគខាងលើ មុននោះគ្រោងចាក់ផ្សាយទាំងអនឡាញ និងប៉ុស្តិ៍ទូរទស្សន៍ផងដែរ តែក្រោយមកមិនបានចាក់ផ្សាយលើទូរទស្សន៍ដោយបានត្រឹមផ្សាយអនឡាញប៉ុណ្ណោះ។ នេះគឺជាពេលដែលរឿងភាគត្រូវបានក្រសួងត្រួតពិនិត្យតឹងរឹងមុនបានចាក់ផ្សាយ ដូចនេះហើយអ្នកគាំទ្រកំពុងព្រួយបារម្ភចំពោះរឿងរបស់ Yang Mi ជាខ្លាំង។
ទន្ទឹមនឹងនោះ ការចាកចេញពីក្រុមហ៊ុន Jay Walk Studio របស់អ្នកម្ដាយកូន១ក៏ទទួលបានការចាប់អារម្មណ៍ ដ្បិតនៅក្នុងការបង្ហាញព័ត៌មានរបស់តារាសម្ដែងរឿងខាងលើ Yang Mi មិនឃើញដាក់ក្រុមហ៊ុនតំណាងរបស់ខ្លួនដូចសព្វមួយដងនោះឡើយ ដែលធ្វើឲ្យសង្ស័យថា ស្រីស្អាតអាយុ ៣៦ឆ្នាំសម្រេចចាកចោលផលិតកម្មនេះមែនទែនហើយ៕