តារា​ចម្រៀង​ស្រី​កូរ៉េ​ត្រូវ​ប្ដី​វាយ​ជាំ​ភ្នែក ហើម​មុខ គំរាម​សម្លាប់

  • 2022-09-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​កូរ៉េ Seo Sa Rang បង្ហោះ​រូបមុខ​របស់​នាង​ត្រូវ​ហើម និង​ជាំ​ដោយ​លើក​ឡើង​ថា​ស្វាមី​នាង​គឺ​ជា​អ្នក​វាយ​នាង។

កាល​ពី​ថ្ងៃ​ទី ២០​ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Xports News បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​កូរ៉េ Seo Sa Rang បាន​ចោទ​ប្ដី​ ដែល​អ្នក​ជំនួញ Lee Jung Hwan បាន​​ប្រើ​អំពើ​ហិង្សារ​លើ​នាង​ជា​រឿយ​ៗ។

នៅ​លើ​បណ្ដាញ​សង្គម តារា​ចម្រៀង​ស្រីកើត​ឆ្នាំ ១៩៩៤ បានបង្ហោះ​រូប​ភ្នែក​ត្រូវ​ជាំ និង​ហើម​មុខ ហើយ​បក​ស្រាយ​ថា នេះ​គឺ​ជាលទ្ធផល​ដោយ​សារ​ប្ដី​នាង​វាយ​ធ្វើ​បាប។ ដើម​ហេតុ​នោះ​គឺ​ នាង​បាន​មក​ដល់​កម្មវិធី​មួយ​ដែល​មាន​ប្ដី​ជា​ភ្ញៀវ​យឺត​ពេល ដូច​នេះ​ ពេល​មក​ដល់​ផ្ទះ ប្ដី​នាង​ក៏​ដាល់​នាង​ចំ​មុខ។

“នៅ​ចំពោះ​មុខ​កូន​ខ្ញុំ គាត់​បាន​គំរាម​សម្លាប់​ខ្ញុំ ហើយ​ដក​កាំបិត​មក​ដេញ​តាម​ខ្ញុំ​ក្នុង​ផ្ទះ​បាយ។ ទោះ​បីជា​ខ្ញុំ​ក្លាយ​ទៅ​ជា​បែប​នេះ​ហើយ​ក្ដី តែ​ប៉ូលិស​នៅ​តែ​មិន​ដោះ​ស្រាយ​ដោយ​ពួក​គេ​ថា នេះ​គ្រាន់​តែ​ជា​ជម្លោះ​ប្ដី​ប្រពន្ធ​ធម្មតា” សិល្បការិនី​អាយុ ២៨​ឆ្នាំ​បន្ថែម។

បច្ចុប្បន្ន តារា​ស្រី​នេះ​បាន​រើ​ទៅ​នៅ​ផ្ទះ​ជួល​ខាង​ក្រៅ​ជាមួយ​កូនស្រី​អាយុ ៤​ឆ្នាំ​ហើយ​ ដោយ​សារ​ខ្លាច​ប្ដី​វាយ​ធ្វើ​បាប​បន្ត​ទៀត។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ លោក Lee Jung Hwan បាន​ចេញ​មុខ​បដិសេធ និង​ប្រាប់​មហាជន​ថា សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​មិន​ស្ដាប់​រឿង​អ្វី​តែ​ពី​ម្ខាង។ តារា​ចម្រៀងស្រី Seo Sa Rang បង្ហាញ​មុខ​ក្នុង​ក្រុម​ចម្រៀង O My Jewel កាល​ពី​ឆ្នាំ​២០១៥ តែ​ដោយ​សារ​មិន​ជោគជ័យ​ក៏​រំសាយ​ក្រុម​ បន្ទាប់​មក​នាង​រៀបការ​នឹង​អ្នក​ជំនួញ Lee Jung Hwan៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម