សេដ្ឋីនី​ថៃ​រង​ការ​រិះគន់​ខ្លាំង​ព្រោះបៀតបៀន​តារា​សម្ដែង​ប្រុស​វ័យ​ក្មេងលើ​ឡាយ​ផ្ទាល់

  • 2022-09-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​ថៃនាំ​គ្នា​ប្រកាស​ធ្វើ​ពហិការ សេដ្ឋីនី​ថៃ Leena Jung ក្រោយ​ពេល​លោក​ស្រី​បៀតបៀន​ផ្លូវ​ភេទ​តារា​សម្ដែង​ប្រុស​មួយ​រូប​ពេល​ឡាយ។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sanook បាន​រាយការណ៍​ថា សេដ្ឋីនី​ចាស់​វស្សា Leena Jung កំពុង​ក្លាយ​ជា​ប្រធាន​បទ​រិះគន់​ដ៏​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​ក្រោយ នារី​រូប​នេះ​បៀតបៀន​តារា​សម្ដែង​ប្រុស Yoon Phusanu មិន​ប្រណី​ដៃ​នៅ​លើ​ឡាយ​ផ្ទាល់​តែ​ម្ដង។

ជាក់​ស្ដែង ប្រុស​ស្អាត​អាយុ ២៧​ឆ្នាំ បាន​ទទួល​ឡាយ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ជា​មួយ នារី​អាយុ​៦៣​ឆ្នាំ​ខាង​លើ។ យ៉ាងណាក្ដី នៅ​ពេល​កំពុង​ធ្វើ​ការ​នេះ លោក​ស្រី​ស្រាប់​តែ​លាត់​អាវ​របស់ Yoon ហើយ​ហិត​ក្លៀក​របស់​លោក ធ្វើ​ឲ្យ​តារា​ប្រុស​រូប​នេះ​ ពិបាក​ធ្វើ​ខ្លួន​ជា​ខ្លាំង បាន​ត្រឹម​តែ​សើច​បន្លប់។ ទស្សនិកជន​បាន​រិះគន់ អ្នក​ជំនួញ​នេះ​ថា បៀតបៀន និង​មិន​គោរព សិល្បករ​ខាង​លើ ដែល​លោក​មាន​អាយុ​ស្មើ​នឹង​ចៅ​របស់​លោក​ស្រី។ នៅ​លើ​បណ្ដាញ​សង្គម​ អ្នក​គាំទ្រ​របស់ Yoon ជាច្រើន​បាន​បញ្ចេញ #BanLeenaJung ដើម្បី​ធ្វើ​ពហិការ​ចំពោះ​អ្នក​ជំនួញ​ចាស់​វស្សា​នេះ។

ទន្ទឹម​នឹងនេះ Y.Entertainment តំណាង​ក្រុមហ៊ុន​របស់​តារា​ប្រុស​កើត​ឆ្នាំ ១៩៩៤ ក៏​បាន​ចេញ​មុខ​សូមទោស​ដែល​ទុក​ឲ្យ​តារា​របស់​ខ្លួន​ទទួល​ការងារ​ដែល​គ្មាន​ការ​គោរព​បែប​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel