សន្និសីទសារព័ត៌មាន “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” បានប្រពឹត្តទៅយ៉ាងរលូន
- 2022-05-06 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្និសីទសារព័ត៌មាន “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” បានប្រពឹត្តទៅយ៉ាងរលូន
កម្មវិធីសន្និសីទសារព័ត៌មាននិយាយអំពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិត (CSCW) បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៩:00 នាទីព្រឹកមិញដល់ម៉ោង ១១:៣០ នាទីព្រឹក រយ:ពេលកន្លះថ្ងៃ។
ប្រធានបទផ្សព្វផ្សាយ សម្រាប់សន្និសិទសារព័ត៌មាននេះគឺការប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) និងភាគីពាក់ព័ន្ធនានា។
ដោយមានការអញ្ជើញចូលរួមជាកិត្តយស ពីតំណាងជនបង្គោលសុវត្ថិភាពចរាចរណ៍តាមរោងចក្រ, ឌីជេ ណាណា (DJ Nana) អ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ (Influencer), លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និង Mr. William Conklin នាយកកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាព និងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន តំណាងសហជីព រោងចក្រគោលដៅ ភាគីពាក់ព័ន្ធ និងភ្នាក់ងារសារព័ត៌មាន ដែលប្រព្រឹត្តទៅនៅ ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh)។
យុទ្ធនាការនេះផងដែរត្រូវបានទទួលការគាំទ្រថវិកាពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Centre) អង្គការមូលនិធិបង្កររបួស អាស៊ី (AIP Foundation)។
កម្មវិធី “លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានាដូចជា ការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា ការបង្កើត និងការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ តាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់។
ម្យ៉ាងវិញទៀត យុទ្ធនាការនេះជាការជូនដំណឹងឲ្យបានទូលំទូលាយដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយអំពីយុទ្ធនាការហ៊ាននិយាយ, កៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងធានាថាប្រព័ន្ធផ្សព្វផ្សាយ ជាយន្តការដ៏មានឥទ្ធពល ក្នុងការ ការគ្របដណ្តប់ការផ្សព្វផ្សាយពត៌មានអំពីយយុទ្ធនាការហ៊ាននិយាយ,យ៉ាងទូលំទូលាយ៕