រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកសុខចិត្តលាលែងពីតំណែង ដើម្បីមើលថែប្តីដែលឈឺ
- 2022-05-03 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកសុខចិត្តលាលែងពីតំណែង ដើម្បីមើលថែប្តីដែលឈឺ
លោកស្រី Sophie Wilmès ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្ស៊ិក និយាយថា លោកស្រីនឹងចុះចេញពីតំណែងជាបណ្ដោះអាសន្ន ដើម្បីនៅមើលថែទាំស្វាមីរបស់នាង ដែលកំពុងតែមានជំងឺមហារីកខួរក្បាល។ លោកស្រីនឹងឈប់សម្រាករហូតដល់ ចុងរដូវក្តៅ ប្រសិនបើស្ថានភាពគ្រួសាររបស់នាងបានប្រសើរឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រី Alexander De Croo បាននិយាយថា ជម្រើសរបស់លោកស្រី Wilmès គឺបង្ហាញអំពីការគោរពបំផុត ពីព្រោះមុននឹងសម្រេចចិត្តបែបនេះ នាងបានធ្វើការពិគ្រោះយោលបលយ៉ាងលម្អិតបំផុតជាមួយនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា នាងនឹងមិនលាលែងពីតំណែងជាផ្លូវការពីរដ្ឋាភិបាលនោះទេ ហើយអំណាចរបស់នាងនឹងត្រូវផ្ទេរជាបណ្ដោះអាសន្នទៅកាន់រដ្ឋមន្ត្រីផ្សេងទៀតដោយ «ព្រះរាជក្រឹត្យ»។ លោកស្រីបន្តថា ការធ្វើជារដ្ឋមន្ត្រីទាមទារភាពហ្មត់ចត់ ពេលវេលា និងការប្តេជ្ញាចិត្តទាំងស្រុង ដែលនឹងមិនអនុញ្ញាតឲ្យនាងមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារក្នុងអំឡុងពេលដ៏លំបាកនេះឡើយ។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកនឹងទទួលតំណែងជាបណ្ដោះអាសន្នរបស់លោកស្រី Wilmès ជារដ្ឋមន្ត្រីការបរទេស៕
ចុចអានបន្ដ៖ បារាំងបានបង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា