មូលហេតុ ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជារឿងល្អឡើយ
- 2022-02-28 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជារឿងល្អឡើយ
មានមូលហេតុចម្បងៗមួយចំនួនដែលការវាយធ្វើបាបសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនគួរត្រូវបានត្រូវធ្វើឡើងនោះទេ ពីព្រោះវាត្រូវបានគេចាត់ទុកថាជាអំពើអយុត្តិធម៌សម្រាប់សត្វឆ្កែរបស់អ្នក។ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាសត្វឆ្កែគឺជាដៃគូដ៏ស្មោះស្ម័គ្រនឹងស្មោះត្រង់បំផុត ពួកវាមិនដូចជាមនុស្សឡើយ គឺពួកវាមិនចេះសងសឹកនោះទេ។ នៅពេលណាដែលសត្វឆ្កែធ្វើឲ្យម្ចាស់វាតូចចិត្តឬខឹង វាមិនមែនដោយសារតែពួកវារប៉ិលរប៉ូចខិលនោះទេ តែវាគឺជាអ្វីដែលសត្វឆ្កែតែងតែធ្វើឡើងតាមបែបធម្មជាតិរបស់សត្វឆ្កែ ហើយពួកវានឹងមិនបញ្ឃប់ពីការធ្វើសកម្មភាពទាំងនោះឡើយ ពីព្រោះពួកវាមិនយល់អំពីស្តង់ដារ និងច្បាប់របស់មនុស្សលោកឡើយ។
ដូច្នេះវាអាស្រ័យទៅលើម្ចាស់សត្វនោះក្នុងការផ្ដល់ការណែនាំ និងបង្ហាញភាពជាមេដឹកនាំ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបង្រៀនសត្វចិញ្ចឹមរបស់ពួកគេប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមិនប្រឈមមុខទៅនឹងការប្រើអំពើហិង្សា។ ការបណ្ដុះបណ្ដាលប្រភេទនោះផ្ដោតសំខាន់ទៅលើការកោតសរសើរអាកប្បកិរិយាល្អ និងការមិនអើពើទៅនឹងអាកប្បកិរិយាមិនល្អ។ ម្ចាស់ដែលមិនបានបង្រៀនសត្វឆ្កែចិញ្ចឹមរបស់ពួកគេទៅតាមវិធីសាស្ត្រនេះ គឺងាយនឹងងាកទៅរកការវាយធ្វើបាបសត្វឆ្កែណាស់ដែលវាអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនចំពោះសត្វឆ្កែ និងទៅលើទំនាក់ទំនងទូទៅជាមួយម្ចាស់។
ខាងក្រោមនេះគឺជាហេតុផលចម្បងៗទាំង ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនគួរត្រូវធ្វើឡើងឡើយ៖
១. វាឈឺ៖ សត្វឆ្កែគឺវាមានប្រព័ន្ធសរសៃប្រសាទដូចជាមនុស្សយើងដែរ ហេតុដូច្នេះហើយបានជាពួកវាមានអារម្មណ៍ឈឺចាប់ក្នុងលក្ខណដូចគ្នានៃមនុស្សដែរ។ សត្វឆ្កែខ្លះប្រហែលជាមិនអាចធ្វើការបង្ហាញអំពីការឈឺចាប់របស់ពួកវាដោយការស្រែកនោះទេ ប៉ុន្តែពួកវាអាចនឹងរងទុក្ខដោយមិនបង្ហាញវាចេញ ក្រៅពីនោះការវាយសត្វឆ្កែក៏អាចបណ្តាលឲ្យមានរបួសស្លាកស្នាម និងមានវិបត្តិផ្លូវអារម្មណ៍ផងដែរ។
២. វានឹងជុំរុញឲ្យមានការភ័យខ្លាចដែលឈានដល់ការខាំ៖ នៅពេលដែលសត្វឆ្កែត្រូវបានវាយធ្វើបាប ពួកវានឹងមានការភ័យខ្លាចចំពោះម្ចាស់របស់វា ហើយនៅទីបំផុតពួកវានឹងមានកំហឹងទៅលើម្ចាស់ដែលបណ្ដាលឲ្យពួកវាភ័យខ្លាចរហូតដល់ងាកមកខាំវិញដើម្បីការពារខ្លួនពួកវាតែប៉ុណ្ណោះ។
៣. វាបណ្តាលឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា៖ ក្រៅពីការខាំ វាក៏អាចធ្វើឲ្យសត្វឆ្កែមានការផ្លាស់ប្ដូរអារម្មណ៍នឹងអាកប្បកិរិយាបានដោយងាយ ដូចជាការមិនគោរពឲ្យតម្លៃខ្លួនឯងដោយការដើរឱនក្បាលចុះ ការដើរជាមួយនឹងកន្ទុយធ្លាក់ចុះនៅចន្លោះជើង ហើយពួកវាអាចនឹងមានការភ័យព្រួយ និងមានការភ័យខ្លាចកាន់តែខ្លាំងនៅគ្រប់ខលៈទេសៈ។
៤. វានឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព៖ ឆ្កែដែលត្រូវបានវាយធ្វើបាបនឹងមិនទុកចិត្តម្ចាស់វាទៀតឡើយ ពីព្រោះម្ចាស់គឺជាជាប្រភពនៃការជឿទុកចិត្ត និងការណែនាំដំបូងរបស់ពួកវា។ ដូច្នេះនៅពេលណាដែលពួកវាត្រូវបានម្ចាស់ធ្វើបាប ពួកវានឹងមានភាពភ័យខ្លាច ហើយការភ័យខ្លាចនោះនឹងវិវត្តទៅជាការបាត់បង់ជំនឿងទុកចិត្តជាមួយម្ចាស់របស់ពួកវា។
ប្រសិនបើម្ចាស់គិតថាការធ្វើបែបនេះគឺជាការបង្ហាត់បង្រៀននោះ វាគឺជាការយល់ច្រឡំដ៏ធំមួយនឹងខុសទាំងស្រុង ពីព្រោះសត្វឆ្កែមិនបានគិតដូចជាមនុស្សនោះឡើយ។ ការហ្វឹកហ្វឺនសម័យទំនើបគឺដូចដែលបានប្រាប់ខាងលើអញ្ចឹងថា (ការបណ្ដុះបណ្ដាលដោយផ្ដោតសំខាន់ទៅលើការកោតសរសើរអាកប្បកិរិយាល្អ និងការមិនអើពើទៅនឹងអាកប្បកិរិយាមិនល្អ)។ ប្រសិនបើអ្នកពិតជាចង់បង្កើតចំណងមិត្តភាពល្អជាមួយសត្វឆ្កែរបស់អ្នកនោះ អ្នកត្រូវបង្កើតការទុកចិត្តជាចម្បង មិនមែនជាការភ័យខ្លាចនោះទេ។ អ្នកត្រូវដឹងថាសត្វឆ្កែមិនអាចយល់ដឹងអំពីអ្វីដែលមនុស្សចង់បានឡើយ ដូច្នេះបើអ្នកនៅតែបន្ដធ្វើបាបសត្វឆ្កែបែបនោះទៀត វាគឺជារឿងអយុត្តិធម៌បំផុតសម្រាប់សត្វចិញ្ចឹមរបស់អ្នក៕
ចុចអានបន្ត៖ ច្បាប់ថ្មី៖ ការចាប់ពង្រត់សត្វចិញ្ចឹមគឺជាបទល្មើសថ្មីមួយនៅក្នុងប្រទេសអង់គ្លេស