កូវីដ៖ ប្រទេសនូវែលសេឡង់នឹងបើកព្រំដែនប្រទេសឡើងវិញជា ៥ ដំណាក់កាល

  • 2022-02-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេសនូវែលសេឡង់បានប្រកាសពីការបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញជាដំណាក់កាល ដោយសារតែប្រទេសនេះបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតអំពីជំងឺរាតត្បាត កូវីដ-១៩ ដែលជាការដ៏ធំបំផុតមួយជុំវិញពិភពលោក។

ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយនៅក្នុងប្រទេសអូស្ត្រាលីអាចវិលត្រឡប់ទៅផ្ទះវិញបានចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយមិនចាំបាច់ឲ្យមាន «​ចត្តាឡីស័ក» នៅសណ្ឋាគារឡើយ។ នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថាពលរដ្ឋដែលត្រូវបានការចាក់វ៉ាក់សាំងនៅកន្លែងផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវិញចាប់ពីថ្ងៃទី ១៣ ខែមីនា។ ប៉ុន្តែពួកគេនៅតែតម្រូវឲ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃដោយអាចធ្វើនៅផ្ទះបាន។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​កាន់​តែ​ខ្លាំង​ឡើង​លើ​គោល​នយោបាយ​បិទ​ព្រំដែន​ដ៏ចម្រូងចម្រាស​នៅក្នុងទី​ក្រុង Wellington នៃប្រទេសនូវែលសេឡង់ ដើម្បី​ការពារ​មេរោគ​ឆ្លង ហើយព្រំដែននៃប្រទេសនូវែលសេឡង់នេះត្រូវបានបិទជិតពីរឆ្នាំហើយ។

ការបើកដំណើរការឡើងវិញរបស់ប្រទេសនូវែលសេឡង់នឹងមានប្រាំដំណាក់កាល៖

  • ជំហានទី១៖ ជនជាតិនូវែលសេឡង់ដែលទទួលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញពីប្រទេសអូស្ត្រាលីអាចត្រលប់មកផ្ទះវិញបានចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ។
  • ជំហានទី២៖ ប្រជាពលរដ្ឋដែលទទួលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញពីប្រទេសផ្សេងទៀតទាំងអស់អាចមកបានចាប់ពីថ្ងៃទី ១៣ ខែមីនា។
  • ជំហានទី៣៖ និស្សិតអន្តរជាតិរហូតដល់ ៥,០០០ នាក់ត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវិញចាប់ពីថ្ងៃទី ១២ ខែមេសា។
  • ជំហានទី៤៖ ជនជាតិអូស្ត្រាលី និងអ្នកទេសចរផ្សេងទៀតទាំងអស់ដែលធ្វើដំណើរដោយគ្មានទិដ្ឋាការទៅប្រទេសនូវែលសេឡង់នឹងអាចធ្វើដំណើរទៅកាន់ប្រទេសនេះបានមិនលើសពីខែកក្កដា។
  • ជំហានទី៥៖ ទាំងអ្នកទេសចរ និងសិស្សផ្សេងៗទៀតទាំងអស់ ដែលត្រូវការទិដ្ឋាការនឹងចាប់ផ្តើមក្នុងខែតុលា។

ប្រហែលជាង ៩៤ ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះដែលមានអាយុលើសពី ១២ ឆ្នាំត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញហើយ និងជាង ៥៦ ភាគរយនៃអ្នកដែលមានសិទ្ធិទទួលបានវ៉ាក់សាំងក៏បានចាក់រួចហើយដែរ៕

ចុចអានបន្ដ៖ ការក្លែងបន្លំស្នេហា៖ បុរសម្នាក់បាត់បង់ទឹកប្រាក់ជាង ១៥០ ពាន់ផោនក្នុងការបោកប្រាស់ BITCOIN

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម