ញាត់កូនជ្រូកបានជិត១ម៉ឺនដុល្លារ មិនទាន់បាត់អីផង បាត់ទាំងកូនជ្រូក បាត់ទាំងអ្នកនៅជាមួយ
- 2021-12-21 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាត់កូនជ្រូកបានជិត១ម៉ឺនដុល្លារ មិនទាន់បាត់អីផង បាត់ទាំងកូនជ្រូក បាត់ទាំងអ្នកនៅជាមួយ
ហេតុការណ៍ប្ដីប្រពន្ធមួយគូ ត្រូវអ្នកនៅជាមួយលួចកូនជ្រូកមានលុយជិត១ម៉ឺនដុល្លារបានបង្ករការចាប់អារម្មណ៍ជាខ្លាំងនៅប្រទេសវៀតណាម។ កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ ប៉ូលិសទីក្រុង Dong Xoai ខេត្ត Binh Phuoc ប្រទេសវៀតណាមបានប្រាប់ទៅកាន់បណ្ដាញព័ត៌មានក្នុងស្រុកថា ប្ដីប្រពន្ធមួយគូ ស្នាក់នៅអាសយដ្ឋានខាងលើ ត្រូវបានអ្នកនៅជាមួយ (ឈ្នួល) របស់ខ្លួន លួចលុយជិត១ម៉ឺនដុល្លារទៅបាត់។
តាមនោះដែរ ប្ដីប្រពន្ធមួយគូ នេះបានសន្សំលុយដោយញាត់កូនជ្រូកជាង១ឆ្នាំមកហើយ ដោយសរុបជាងទឹកប្រាក់គឺជាង២០០លានដុង (ជិត១ម៉ឺនដុល្លារ)។ ខណៈសប្បាយចិត្ត និងមិនទាន់ដឹងថាត្រូវធ្វើអ្វីជាមួយទឹកប្រាក់ខាងលើនោះ ស្រាប់តែព្រឹកឡើយ ពួកគេឃើញថា កូនជ្រូករបស់ខ្លួនបានបាត់ខ្លួនហើយ ទន្ទឹមនឹងនោះ អ្នកនៅជាមួយក៏បាត់ខ្លួនទៅដូចគ្នា។ នៅពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបពួកគេឃើញថា អ្នកនៅជាមួយបានច្រកកូនជ្រូកចូលថង់ខ្មៅ ហើយជិះទៅទាំងគ្មានពាក្យលា។
តាមសម្ដីរបស់ជនរងគ្រោះ នៅពេលត្រលប់ទៅផ្ទះវិញ មិនឃើញអ្នកនៅជាមួយ ពួកគេក៏ឆ្ងល់ដែរ ត្បិតនាងមិនដែលទៅណាចោលផ្ទះឡើយ។ យ៉ាងណាក្ដី នៅពេលចូលបន្ទប់ខ្លួន ហើយឃើញថាបាត់កូនជ្រូក ទើបពួកគេភ័យតក់ស្លុត។ កាមេរ៉ាបានបង្ហាញឲ្យឃើញថា អ្នកនៅជាមួយបានលួចកូនជ្រូកចេញទៅតាំងពីម៉ោង១១ព្រឹកឯណោះ។ បច្ចុប្បន្ន ប៉ូលិសកំពុងតែតាមដានដើម្បីចាប់យកជនល្មើសមកវិញ ត្បិតប្ដីប្រពន្ធមួយគូនេះ ស្គាល់អត្តសញ្ញាណអ្នកនៅជាមួយច្បាស់៕