តារា​បណ្ដាញស​ង្គម​ចិន បញ្ចប់ជីវិតព្រោះ​ត្រូវ​គេ​ចំអក​ថា​មិន​រឹង​មាំចំ​ជា​ប្រុស

  • 2021-12-08 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​លាចាក​ចេញ​ទៅ ប្រុស​ស្អាត​បណ្ដាញ​សង្គម​ចិន​បាន​បន្សល់​សំបុត្រ​ចុង​ក្រោយ​ដែល​ប្រវែង​ដល់​ទៅ ៥០០០​អក្សរ។ កាល​ពី​ថ្ងៃ​ទី​​៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ប្រុស​បណ្ដាញ​សង្គម​ចិន Lu Dao Shen បាន​ទទួល​មរណភាព​ហើយ ដោយ​ប៉ូលិស​បាន​រក​ឃើញ​សព​របស់​លោក​នៅ​ឆ្នេរ​សមុទ្រ​មួយ​នៅខេត្ត Zhejiang។

ការ​ស៊ើប​សង្កេត​បឋម​បាន​រក​ឃើញ​ថា នេះ​ជា​ការ​សម្លាប់​ខ្លួន​ដោយ​ពុំ​មាន​អំពើង​ហិង្សា​អ្វី​ទាំង​អស់។ មុន​ពេល​បាត់​ខ្លួន​នេះ​ដែរ លោក​បាន​បន្សល់​ការ​ចែក​រំលែក​មួយ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ប្រវែង​ដល់​ទៅ ៥០០០​អក្សរ។ ក្រោយ​ឃើញ​ដូច​នេះ​ ក្រុម​អ្នក​គាំទ្រ​របស់​លោក​បាន​ប្ដឹង​ប៉ូលិស​មុន​ ដើម្បី​បង្ការ​ស្ថាន​ភាព​អាក្រក់​កើត​ឡើង តែ​គួរ​ឲ្យ​សោក​ស្ដាយ លោក​បាន​លាចាក​លោក​ហើយ។

នៅ​ក្នុង​សារ​របស់​ខ្លួន បុរស​វ័យ ២៦​ឆ្នាំ បាន​សរសេរ​យ៉ាង​ច្បាស់​ៗ​ថា តាំង​ពី​តូច​មក លោក​ស្គាល់​តែ​អារម្មណ៍​ត្រូវ​គេបោះបង់ ពាក្យ​ជេរ​ស្ដី និង​ការ​គំរាម​កំហែង។ “ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​ផលិតផល​ហួស​ដឺឡេ​ដែល​គ្មានអ្នក​ណា​ត្រូវ​ការ” Dao Shen រៀបរាប់។

លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ដើម​ទង​នៃ​ការ​រើសអើង​នេះ​​គឺ​មក​ពី​លោក​មិន​រឹង​មាំ​ដូច​មនុស្ស​ប្រុស។ “មនុស្ស​គ្រប់​គ្នា​គិត​ថា មនុស្ស​ប្រុស​ទាល់តែ​រឹង​មាំ រពឹស វាយ​គ្នា​ ហើយ​ជេរ​គ្នា​ជា​ដើម។ ពួក​គេ​គិត​ថា​អ្នក​ស្ងៀមស្ងាត់ អៀនប្រៀន ដូច​ជា​ខ្ញុំ​គឺ​អន់។ នៅ​សាលា​គេ​ហៅ​ខ្ញុំ​ថា​ញិញ៉ក់។ ដោយ​សារ​តែ​ខ្ញុំ​រាង​តូច​ គេ​ថា​ខ្ញុំ​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ស្រី” លោក​បន្ថែម។ ក្រោយ​ពេល​ការ​ស្លាប់​របស់ បុរស​ខាង​លើ​កើត​ឡើង មនុស្ស​ជា​ច្រើន​បាន​រិះគន់​លើ​គំនិត​ដែល​មនុស្ស​ប្រុស​ទាល់​តែ​រឹង​មាំ ទើប​គ្រប់​លក្ខណៈ​ជា​ខ្លាំង។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ផ្នែក​ភាពយន្ត​មក Lu Dao Shen ក៏​ចាប់​ថែម​ជំនាញ​ថត​រូប​ ដោយ​លោក​បាន​ថត​ឲ្យ​តារា​ជា​ច្រើន និង​បាន​សហការ​នឹង​ទស្សនាវដ្ដី​ល្បី​ឈ្មោះ Vogue ទៀត​ផង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel