គន្លឹះសម្រកទម្ងន់សម្រាប់អ្នកអាយុ ៤០ សាមញ្ញតែប្រសិទ្ធភាព!
- 2021-10-22 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសម្រកទម្ងន់សម្រាប់អ្នកអាយុ ៤០ សាមញ្ញតែប្រសិទ្ធភាព!
ទោះបីជាចូលដល់វ័យ ៤០ក៏ពិតមែន តែអ្នកក៏នៅតែអាចសម្រកទម្ងន់ដូចវ័យនៅក្មេងផងដែរ។ ការសម្រកគីឡូអាចកើតឡើងទៅបាន លុះត្រាតែអ្នកមានការផ្លាស់ប្តូរពីរបៀបរស់នៅប្រចាំថ្ងៃបន្តិចតែប៉ុណ្ណោះ។ ដូច្នោះ បើអ្នកចូលដល់វ័យ ៤០ហើយចង់សម្រករាងនោះគឺមិនមានអ្វីពិបាកឡើយ ឲ្យតែអ្នកមានការតស៊ូនិងការផ្លាស់ប្តូរពីរបៀបរស់នៅប្រចាំថ្ងៃហើយចំណុចអស់ទាំងនោះរួមមាន៖
**១. គេងឲ្យបានគ្រប់គ្រាន់**
មានការស្រាវជ្រាវជាច្រើននិយាយពីការគេងមានទាក់ទងនឹងការឡើងទម្ងន់។ នៅពេលអ្នកគេងមិនបានគ្រប់ចំនួន រាងកាយនឹងនឿយហត់ ហាក់បីមិនចង់កម្រើក។ មិនត្រឹមតែប៉ុណ្ណោះក៏មានការសិក្សាទាក់ទងនឹងការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកចង់ញុំាអាហារពុំសូវផ្តល់សុខភាពល្អទៀតផង។
២. ព្យាយាមទទួលទានសូកូឡាខ្មៅ
ការទទួលទានសូកូឡាខ្មៅជួយសម្រួលឲ្យអ្នកមានអារម្មណ៍ល្អ។ វាក៏ជួយដល់កាត់បន្ថយភាពតានតឹងក៏ដូចជានាំឲ្យមានសារធាតុចិញ្ចឹមល្អសម្រាប់រាងកាយអ្នកផងដែរ។ វាផ្តល់ថាមពលចំនួន ២៥០ កាឡូរីស័ក្តិសមសម្រាប់អ្នកព្យាយាមសម្រកទម្ងន់។
៣. ទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើន
នរណាៗក៏ដឹងថាបន្លែផ្លែឈើជាប្រភពវីតាមីនដ៏សំខាន់សម្រាប់រាងកាយរបស់មនុស្ស។ ស្ថិតនៅក្នុងវ័យនេះ អ្នកត្រូវតែលៃឲ្យមានបន្លែនិងផ្លែឈើគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកមិនអាចខ្វះជីវជាតិដែលជួយបំប៉នសរីរាង្គកាយរបស់អ្នកបានឡើយ។
៤. កាត់បន្ថយគ្រឿងស្រវឹង
ចូលដល់វ័យនេះភ្លាម អ្នកគួរតែពិចារណាលើការកាត់បន្ថយចូលរួមកម្មវិធីដែលមានទទួលទានគ្រឿងស្រវឹងខ្លះហើយ។ ការពោលបែបនេះមិនមែនមានន័យថាហាមមិនឲ្យចូលរួមកម្មវិធីអ្វីនោះទេ តែអ្នកគួរតែគិតអំពីសុខភាពជាចម្បង។ ប្រសិនបើអ្នកមិនស្រឡាញ់សុខភាពខ្លួនឯង គ្មាននរណាមកស្រឡាញ់ជំនួសអ្នកនោះទេ។
៥. ហាមទទួលទានភេសជ្ជផ្អែមៗ
មិនត្រឹមតែកុមារគួរចៀសវាងទទួលទានភេសជ្ជផ្អែមនោះទេ តែអ្នកចូលវ័យនេះក៏គួរកាត់បន្ថយវាដែរ។ ពីព្រោះតែភេសជ្ជកាបូណាតនេះមានផ្ទុកជាតិស្ករខ្ពស់ខ្លាំងដែលវានឹងប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាមរបស់អ្នក។ លើសពីនេះវានឹងជួយឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។
៦. ធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់
វ័យនៅក្មេងអ្នកប្រាកដជាមិនបារម្ភក្នុងការធ្វើលំហាត់ប្រាណច្រើនប្រភេទនោះទេ។ តែនៅពេលចូលដល់វ័យជ្រេបន្តិច អ្នកប្រហែលជាខ្លាចលំហាត់ប្រាណមួយចំនួន។ ដូច្នោះ កុំឲ្យអាយុក្លាយជាឧបសគ្គរបស់អ្នកបាន អ្នកគួរជ្រើសរើសលំហាត់ប្រាណជួយសម្រួលដល់សរសៃឈាមបេះដូងដូចជា ការរត់ ការដើរ ការហែលទឹក និងការជិះកង់ជាដើម។
៧. ពិនិត្យសុខភាព
ចូលដល់វ័យមួយនេះ ការទៅជួបជាមួយគ្រូពេទ្យគួរតែផ្តល់អត្ថប្រយោជន៍ល្អសម្រាប់អ្នក។ នៅពេលអ្នកទៅពិនិត្យសុខភាព អ្នកនឹងបានដឹងថាអ្នកមានសុខភាពល្អឬយ៉ាងណានិងហានិភ័យនៃជំងឺណាមួយដែលអាចកើតឡើងលើរូបអ្នក។ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានយ៉ាងតិច ២ ដងក្នុងមួយឆ្នាំ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ស្រកគីឡូបានយ៉ាងងាយសម្រាប់អ្នកមិនចូលចិត្តកីឡាជាមួយសកម្មភាព ៥ ទាំងនេះ