មិនចង់ឲ្យកូនពិការតាំងពីក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះត្រូវចៀសវាងផលិតផល៦យ៉ាង
- 2021-09-28 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យកូនពិការតាំងពីក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះត្រូវចៀសវាងផលិតផល៦យ៉ាង
អំឡុងពេលពរពោះ នារីត្រូវមានការប្រុងប្រយ័ត្នលើការប្រើប្រាស់គ្រឿងសម្អាងដោយសារតែស្បែកឆាប់ឡើងប្រតិកម្ម និងងាយរងគ្រោះ។ ពិសេសក៏មានផលិតផលខ្លះធ្វើឲ្យប៉ះពាល់សម្ពាធឈាមនិងសុខភាពទារកផងដែរ។ ដូច្នេះ ត្រូវចៀសវាងនូវការប្រើប្រាស់ផលិតផលមួយចំនួន។
១. ផលិតផលផ្សំពីប្រេង
ផលិតផលមួយចំនួនដូចជា ប្រេងដើមតែ ប្រេងផ្កាឡាវេនឌឺ និងប្រេងផ្កាកុលាប គឺមិនលើកទឹកចិត្តឲ្យប្រើនោះទេ។ ផលិតផលទាំងនេះប្រមូលម្ដុំខ្ពស់និងជាតិថ្នាំខ្លាំង ដែលអាចជះឥទ្ធិពលលើសម្ពាធឈាម បណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬប៉ះពាល់អវយវៈណាមួយ។ នេះជាហេតុផល ស្ត្រីមានផ្ទៃពោះមិនគួរប្រើសារធាតុមានក្លិនទឹកអប់ ទៀន ឬប្រេងក្រអូបឡើយ។
២. គ្រីមផ្ទុកជាតិរីទីណូ និងវីតាមីន A
អំឡុងពរពោះ អ្នកគួរឈប់ប្រើគ្រប់គ្រីមណាផ្ទុកជាតិរីទីណូ សេរ៉ូមប្រឆាំងភាពចាស់ វីតាមីន A ជាដើម។ កម្រិតវីតាមីន A ខ្ពស់ពេកអាចបណ្ដាលឲ្យទារកទៅជាពិការបាន។ ម្យ៉ាងទៀត ផលិតផលធ្វើឲ្យស្បែកស បំបាត់ជាំមុខ បន្តឹងស្បែកជាដើមដែលមានគ្រឿងផ្សំ Hydroquinone និង Glutathione មិនគួរបន្តប្រើទេ វាអាចប៉ះពាល់ដល់កោសិកាស្បែកទារកពេលនៅក្នុងផ្ទៃបាន។
៣. ថ្នាំលាបក្រចកដែលផ្ទុកសារធាតុ Formaldehyde និង Toluene សារធាតុទាំងពីរនេះជាគ្រឿងផ្សំទូទៅក្នុងថ្នាំលាបក្រចក។ វាអាចជះផលអាក្រក់លើសុខភាពមនុស្សទូទៅបាន ងាយនឹងអាឡែហ្ស៊ី និងឈានទៅដល់ការកើតមហារីកសម្រាប់ទារកទៀតផង។
៤. ផលិតផលលាងសម្អាតដែលផ្ទុកជាតិ BHA (អាស៊ីសាលីស៊ីលីដ)
វេជ្ជបណ្ឌិតណែនាំថា ស្ត្រីមានផ្ទៃពោះមិនគួរប្រើហ្វូមលាងមុខដែលមានជាតិ BHA ឡើយ។ សារធាតុនេះ មិនបះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែបើប្រើច្រើននឹងប៉ះពាល់ដល់ទារកឲ្យពិការបាន ដោយសារតែសារជាតិស្រដៀងនឹងថ្នាំអាស្ពីរីនដែរ។
៥. ថ្នាំលាបសក់
វេជ្ជបណ្ឌិតណែនាំថា ស្ត្រីមានផ្ទៃពោះត្រូវចៀសវាងលាបថ្នាំសក់យ៉ាងហោចនៅ១២សប្ដាហ៍ដំបូង។ បន្ទាប់ពីនេះ អ្នកអាចលាបសក់បានហើយ តែត្រូវលាបថ្នាំណាគ្មានជាតិគីមី ដែលជ្រាបចូលស្បែកក្បាលនិងក្នុងខ្លួនបាន។
៦. ឡេការពារកម្ដៅថ្ងៃមានជាតិគីមី
អ្នកត្រូវជ្រើសយកឡេការពារកម្ដៅថ្ងៃដែលផ្ទុកតែជាតិស័ង្កសីអុកស៊ីត ឬទីតានីញ៉ូមអុកស៊ីត ដែលជាធាតុផ្សំសំខាន់ក្នុងឡេការពារកម្ដៅថ្ងៃ៕
ចុចអាន៖ អាហារ៣មុខ ស្មានតែជួយស្រកគីឡូ តាមពិតឡើងទម្ងន់ខ្លាំងទៅវិញ