លោក កែវ ឡង់ឌី ប្រាប់គន្លឹះ ៤ យ៉ាងវិវត្តន៍ខ្លួនពីបុគ្គលិកធម្មតាម្នាក់ឲ្យក្លាយជាអគ្គនាយកក្រុមហ៊ុន
- 2021-09-23 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កែវ ឡង់ឌី ប្រាប់គន្លឹះ ៤ យ៉ាងវិវត្តន៍ខ្លួនពីបុគ្គលិកធម្មតាម្នាក់ឲ្យក្លាយជាអគ្គនាយកក្រុមហ៊ុន
មុនក្លាយជាអ្នកជំនួញជោគជ័យម្នាក់នៅក្នុងប្រទេសកម្ពុជា លោក កែវ ឡង់ឌី ក៏ធ្លាប់បម្រើការងារនៅក្នុងស្ថាប័នអប់រំមួយកន្លែង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មុនលោកបញ្ចប់អាជីពជាអ្នកធ្វើការឲ្យគេ មកបង្កើតអាជីវកម្មដោយខ្លួនឯង ។
ឆ្លើយឆ្លងជាមួយអ្នកសម្របសម្រួលនៅក្នុងកម្មវិធី Starting Up លោក កែវ ឡង់ឌី បានលាតត្រដាងពីប្រវត្តិរបស់លោកមុននឹងក្លាយជាសហគ្រិនឆ្នើមម្នាក់។ យុវជនកើតឆ្នាំ ១៩៨៣ រូបនេះបានបញ្ចប់ការសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស IFL នៅឆ្នាំ ២០០៥ និងបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ ២០១២ ។
បើនិយាយពីជីវិតជាអ្នកធ្វើការវិញ លោកចាប់ផ្ដើមចេញធ្វើការរកលុយតាំងពីនៅរៀនថ្នាក់ទី ១១ ពេលនោះលោកបង្រៀនភាសាអង់គ្លេសក្រៅម៉ោងតាមផ្ទះ រៀនបណ្ដើរ ធ្វើការបណ្ដើរ។ នៅឆ្នាំ ២០០៥ លោកបានចូលបម្រើការងារនៅសាលាអន្តរទ្វីបអាមេរិកកាំងរបស់លោកឧកញ៉ា គួច ម៉េងលី ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងម្នាក់។ ក្នុងពេលបំពេញការងារនៅក្នុងស្ថាប័នអប់រំមួយនេះ លោកបានវិវត្តន៍ខ្លួនពីគ្រូក្រៅម៉ោងម្នាក់ ក្លាយជាគ្រូពេញម៉ោង ជាអ្នកគ្រប់គ្រងបង្រៀនផ្នែកភាសាអង់គ្លេង និងក្រោយមកទៀតគ្រប់គ្រងគ្រូភាសាខ្មែរ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងស្ថាប័នទាំងមូលក្នុងតួនាទីជាអគ្គនាយក។
មកដល់ត្រង់ចំណុចនេះសហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ចហាងឯកទេសទំនិញកុមារ Baby Outlet ក៏បានប្រាប់ពីគន្លឹះសំខាន់ៗ ៤ ចំណុចនាំឲ្យលោកត្រូវបានថ្នាក់គ្រប់គ្រងក្រុមហ៊ុនសម្រេចដំឡើងតំណែងលោកពីមួយថ្នាក់ទៅមួយថ្នាក់បែបនេះ។ ក្នុងនោះមាន៖
១. ភាពស្មោះត្រង់៖ លោកថាសំខាន់ណាស់សម្រាប់អ្នកធ្វើការ និងអ្នករកស៊ីលោកមានចំណុចមួយនេះច្រើននៅក្នុងខ្លួន ជាភាពស្មោះត្រង់ចំពោះការងារនេះ ទើបលោកត្រូវបានជ្រើសរើស។
២. ភាពទទួលខុសត្រូវ៖ មានភាពទទួលខុសត្រូវលើកិច្ចការរបស់ខ្លួនកុំទម្លាក់ឲ្យអ្នកដទៃ ត្រូវចេះទទួលខុសប្រសិនបើបង្កើតកំហុស។
៣. ភាពសាច់ការ៖ ភាពសាច់ការត្រង់ចំណុចនេះលោក កែវ ឡង់ឌី លើកឡើងថាបើគេប្រាប់ម្ដងគឺធ្វើបាន មិនមែនប្រាប់ពីរបីដងហើយនៅតែធ្វើមិនបាននោះ គេហៅមនុស្សមិនបានការយកជាសាច់ការមិនបាន។
៤. ធ្វើអ្វីមួយធ្វើឲ្យបានល្អបំផុតជាមួយតួនាទីរបស់ខ្លួន៖ «បើធ្វើគ្រូ Part Time ត្រូវធ្វើឲ្យល្អជាមួយតួនាទី បើគ្រូពេញម៉ោងត្រូវធ្វើឲ្យបានល្អក្នុងនាមជាគ្រូពេញម៉ោង ហើយបើធ្វើជាអ្នកគ្រប់គ្រងគ្រូត្រូវធ្វើឲ្យបានល្អបំផុត បើធ្វើបានល្អទើបអាចក្លាយជាអ្នកគ្រប់គ្រងស្ថាប័ន បើធ្វើអ្នកគ្រប់គ្រងស្ថាប័នល្អ ទើបអាចក្លាយជាម្ចាស់អាជីវកម្មដ៏ល្អម្នាក់» ។ លោក កែវ ឡង់ឌី ថ្លែង។
លោក កែវ ឡង់ឌី បានបញ្ចប់តួនាទីនៅក្នុងវិស័យអប់រំឆ្នាំ ២០១៧ ក្នុងវ័យ ៣៤ ឆ្នាំដើម្បីប្រឡូកក្នុងវិស័យជំនួញពេញលេញ ដែលចូលហ៊ុនគ្នាជាមួយគ្រួសារ និងទទួលបានជោគជ័យជាខ្លាំងដោយបច្ចុប្បន្ននេះ ហាងឯកទេសទំនិញកុមារ Baby Outlet មាន ១១ សាខា និងត្រៀមបើកមួយសាខាទៀតនៅក្រុងតាខ្មៅខេត្តកណ្ដាល ៕
ទស្សនាវីដេអូសម្ភាស៖