រៀនរស់ឲ្យល្អជាងមុនដោយខ្លួនឯងនូវវិធីទាំងនេះ ក្រោយពីបែកបាក់ស្នេហា
- 2021-08-02 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនរស់ឲ្យល្អជាងមុនដោយខ្លួនឯងនូវវិធីទាំងនេះ ក្រោយពីបែកបាក់ស្នេហា
ក្រោយពីបែកបាក់ស្នេហា អ្នកមានអារម្មណ៍ថាពិភពលោកហាក់ព្រងើយកន្តើយនឹងអ្នក គ្មានសូម្បីមនុស្សម្នាក់ខ្វល់ខ្វាយ ឬស្រលាញ់អ្នកទៀតទេ។ តែតាមពិតវាមិនដូច្នោះទេ នេះជាពេលវេលាដែលអ្នកត្រូវចាប់ឱកាសក្រោកឈរនិងចាប់ផ្តើមជាថ្មី។
១. ទទួលស្គាល់ការពិត
ដើម្បីចាកចេញឆ្ងាយពីអារម្មណ៍អវិជ្ជមាន អ្នកគួរតែធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដ ដោយព្រមទទួលស្គាល់រឿងទាំងនោះថាបានកើតឡើងរួចហើយ។ ដូច្នេះ ជំនួសឲ្យការស្អប់ និងមិនអើពើចំពោះខ្លួនឯង អ្នកត្រូវស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ព្រោះបើអ្នកមិនស្រលាញ់ខ្លួនឯងទេ កុំរំពឹងថាមានអ្នកដទៃនឹងស្រលាញ់អ្នកវិញឲ្យសោះ។
២. ឈប់គិតរឿងមិនល្អ
ក្រោយពីយំហើមភ្នែក អ្នកក៏ចាប់ផ្តើមគិតអវិជ្ជមានចំពោះខ្លួនឯងដោយយល់ថា អ្នកមិនល្អគ្រប់គ្រាន់ទើបធ្វើឲ្យស្នេហាមួយនេះបែកបាក់។ យ៉ាងណាក្តី អ្នកគួរងាកមកអានសៀវភៅ ហាត់ប្រាណ ឬធ្វើសមាធិវិញ ។
៣. គាំទ្រខ្លួនឯងដោយពាក្យលើកទឹកចិត្ត
ប្រាប់ខ្លួនឯងថាការឈឺចាប់នឹងរសាត់ចេញពីអ្នកមិនខាន ដូច្នេះអ្នកត្រូវតែប្រឹងលើកទឹកចិត្តខ្លួនឯងដូចជា ខ្ញុំស្រលាញ់ខ្លួនឯង ខ្ញុំមិនអីទេនៅពេលនេះ ខ្ញុំនឹងមើលថែខ្លួនឯងឲ្យបានបើទោះគ្មាននរណាមកមើលថែខ្ញុំក៏ដោយ។ ពាក្យទាំងនេះ ប្រហែលធ្វើឲ្យអ្នកអៀនបន្តិចដើម្បីនិយាយ តែវានឹងជួយឲ្យបេះដូងរបស់អ្នកល្អឡើងវិញ។
៤. ស្វែងរកគុណសម្បត្តិរបស់ខ្លួនឯង
ដើម្បីបង្កើនទំនុកចិត្តដល់ខ្លួនឯង អ្នកត្រូវតែស្គាល់ពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯង។ ឬក៏អ្នកត្រូវដឹងថា តើអ្នកជាមនុស្សចិត្តទន់? អត់ធ្មត់? ចិត្តល្អ? ចេះជួយអ្នកដទៃឬទេ? ដែលទាំងនេះនឹងជួយជម្រុញឲ្យអ្នក បន្តនូវការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបាន។
៥. ចេញឲ្យឆ្ងាយពីរឿងអវិជ្ជមាន
ក្រោយពីបែកបាក់ស្នេហា អ្នកប្រាកដជាមិនទាន់ឈប់គិតពីមនុស្សម្នាក់នោះបាននៅឡើយ។ អ្នកយករូបថតគេមកមើល ហើយរំលឹកអនុស្សាវរីយ៍គ្រប់យ៉ាងជាមួយគ្នា។ អ្នកថែមទាំងចូលមើល Profile គេថែមទៀត ដើម្បីចង់ដឹងថាពេលនេះគេកំពុងធ្វើអ្វី តើគេកំពុងឈឺចាប់ដូចអ្នកដែរទេ។ តែសួរថា តើអ្វីដែលអ្នកកំពុងធ្វើនេះ វាជួយឲ្យអ្នកសប្បាយចិត្តឬអត់?
នៅចំនុចនេះ វិធីល្អ អ្នកគួរតែចេញឲ្យឆ្ងាយនូវអ្វីដែលពាក់ព័ន្ធនឹងមនុស្សម្នាក់នោះ ព្រោះរឿងទាំងនោះនឹងបន្ថែមឲ្យអ្នកកាន់តែមិនសប្បាយចិត្ត រស់ក្នុងភាពអវិជ្ជមានជារៀងរហូតមិនខាន៕