ហេតុអ្វីព្រហ្មលិខិត ធ្វើបាបស្នេហាមួយនេះម្ល៉េះ?

  • 2021-05-13 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កំហុស​របស់​ខ្ញុំ ពិត​ជា​ពិបាក​លើក​លែង​ឲ្យ​ណាស់ ​ព្រោះ​ជា​កំហុស​ធំ​ពេក ​ហើយ​មាន​តែ​ពាក្យ​ថា​ហួស​ហើយ ….. ​ប៉ុណ្ណោះ។ ​តែ​ចិត្ត​ដែល​នៅ​ស្រលាញ់ ​ទោះ​ជា​ខ្ញុំ​ដឹង​ថា​​ពេល​នេះ ​អ្នក​លែង​មាន​​ខ្ញុំ​ក្នុង​ចិត្ត​ទៀត​ក៏ដោយ ​ក៏​ខ្ញុំ​ពិត​ជា​ពិបាក​ប្រាប់​ខ្លួន​ឯង ឲ្យ​ដើរ​ចេញ​ពី​ជីវិត​របស់​​អ្នក​ណាស់។

​អំពើ​ល្អ​របស់​អ្នក​កន្លង​មក ​ខ្ញុំ​មើល​រំលង​រហូត ​រហូត​ទាល់​តែ​អ្នក​អស់​ចិត្ត ​ហើយ​ពួក​យើង​បែក​គ្នា​ដោយ​ស្ងៀម​ស្ងាត់​បំ​ផុត។ ​ហេតុ​អ្វី​ក៏​ព្រហ្មលិខិត​ធ្វើ​បាប​ស្នេហា​មួយ​នេះ​ម្ល៉េះ ​ហេតុ​អ្វី​ក៏​ឲ្យ​ខ្ញុំ​ទាំង​ពីរ​ត្រូវ​រង​ចុក​ចាប់​ម្តង​ម្នាក់​យ៉ាង​ខ្លោច​ផ្សារ​បំ​ផុត​បែប​នេះ​??? ​នៅ​ពេល​គេ​មាន​ចិត្ត​លើ​ខ្ញុំ ខ្ញុំ​បែរ​​ជា​មិន​អើពើ ​ដល់​ពេល​គេ​អស់​ចិត្ត​ទៅ​ហើយ​បែរ​ជា​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​នឹក​គេ​ស្ទើរ​ឆ្កួត ស្ទើរ​ឡប់​បែប​នេះ? ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ​ឲ្យ​តែ​នឹក​ឃើញ​គេ ​នឹក​ដល់​រឿង​ពី​មុន ​ខ្ញុំ​ទប់​ចិត្ត​មិន​ជាប់ ​មិន​ដឹង​ថា​នេះ​ជា​​វេន​កម្ម​ដែល​ខ្ញុំ​ធ្លាប់​សាង​ដាក់​គេ​ពី​មុន ហើយ​ត្រូវ​មក​​ទទួល​កម្ម​ពៀរ​ក៏​ថា​បាន។

​​​​ពេល​ឃើញ​​គេ​មិន​សប្បាយ​ចិត្ត ​ខ្ញុំ​ពិត​ជា​ចង់​ឆាត​ទៅ​សួរ​នាំ​គេ​ណាស់ ​​តែ​ខ្ញុំ​មិន​ហ៊ាន​ ព្រោះ​វា​ហួស​ព្រំ​ដែន​ពេក​សម្រាប់​​យើង​ទាំង​ពីរ ព្រោះ​គេ​មាន​គូដណ្តឹង​ទៅ​ហើយ នៅ​ចាំ​តែ​ថ្ងៃ​ចូល​រោង​ការ​ទេ។ ​ខ្ញុំ​ម៉េច​នឹង​ហ៊ាន​បង្ហាញ​អារម្មណ៍​ខ្វល់​ខ្វាយ​ពី​គេ​ទៅ ​តែ​​ចិត្ត​របស់​ខ្ញុំ​វិញ ​ស្ទើរ​តែ​បែក​ប្រេះ​ទៅ​ហើយ នៅ​ពេល​ឃើញ​មនុស្ស​ដែល​ខ្លួន​ឯង​ស្រលាញ់ ​មិន​សប្បាយ​ចិត្ត ​រង​ទុក្ខ​បែប​នេះ។ ​ពេល​ឃើញ​គេ​ធ្វើការងារ​ហត់ ​ក្រោម​កម្តៅ​ថ្ងៃ​ខ្លាំង ​ខ្ញុំ​ចង់​ទៅ​បាំង​ឆ័ត្រ​ឲ្យ​គេ ​ជួយ​ជូត​ញើស​ឲ្យ​គេ ​ប្រាប់​គេ​ឲ្យ​ផឹក​ទឹក​បាន​ច្រើន ​និង​ត្រូវ​ថែ​ទាំ​សុខភាព ​​ខ្ញុំ​ចង់​មើល​ថែ​គេ​ណាស់ ​ចង់​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ឲ្យ​គេ​ញ៉ាំ ​និយាយ​ទៅ​គឺ​ចង់​មើល​ថែ​គេ​គ្រប់​ពេល​​វេលា ។ តែ​អ្វី​ៗ​បាន​ត្រឹម​ជា​ការ​​ស្រមៃ ​ព្រោះ​គ្រប់​យ៉ាង ​ខ្ញុំ​លែង​មាន​សិទ្ធ​ទៀត​ហើយ ​ទោះ​​ចង់​ធ្វើ​ល្អ​ដាក់​គេ ​ក៏​គ្មាន​ឱកាស​ទៀត​ដែរ។

ដោយសារ​តែ​ខ្ញុំ​ដឹង​ថា ​ការ​ស្រលាញ់​មួយ​នេះ​វា​មិន​អាច​ទៅ​រួច ​ទើប​ខ្ញុំ​​សម្រេច​ចិត្ត​បង្ខំ​ខ្លួន​ឯង​ម្តង​ទៀត​ ​ឲ្យ​ដើរ​ចេញ​ពី​ជីវិត​គេ​ទៅ ។ ​​ខ្ញុំ​មាន​តែ​ប្រឹង​កាត់​ចិត្ត​ទាំង​អាល័យ ព្រោះ​បើ​ខ្ញុំ​នៅ​តែ​ធ្វើ​បែប​នេះ ​មិន​ខុស​ពី​កំពុង​បំផ្លាញ​សុភមង្គល​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​​ទេ ខ្ញុំ​មិន​អាច​ធ្វើ​ជា​អ្នក​ទី​៣ ទៅជ្រៀត​ជ្រែក​ជីវិត​ស្នេហា​របស់​​គេ​បាន​ឡើយ ព្រោះ​គេ​មាន​គូ​ហើយ។

​ខ្ញុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រវល់​កាន់​តែ​ខ្លាំង ​ដើម្បី​ឆាប់​បំភ្លេច​​គេ​បាន ​តែ​ពេល​យប់​ចូល​មក​ដល់ ​ខ្ញុំ​នៅ​តែ​នឹក​គេ​មិន​បាត់។ ​ពេល​​ខ្លះ ​ខ្ញុំ​ចង់​ចូល​មើល profile ​គេ​​ណាស់ ​តែ​ខ្ញុំ​ខ្លាច​ពេល​ចូល​​មើល​ហើយ ​ឃើញ​​រូប​ថត​​ដែល​ខ្ញុំ​មិន​គួរ​ឃើញ ។ ​ពេល​ឃើញ​មាន​​តែ​អត់​សប្បាយ​ចិត្ត ​ហើយ​ក៏​អន់​ចិត្ត ​តែ​សួរ​ថា​​អន់​ចិត្ត​ធ្វើ​អី? ​យើង​មាន​សិទ្ធ​ដែរ​អី.....?

​ចុង​ក្រោយ​មាន​តែ​ជូន​ពរ​ខ្លួន​​ឯង​ឲ្យ​ឆាប់​បាន​ធូរស្បើយ​ពី​ជំ​ងឺ​ស្នេហា មួយ​នេះ៕

អត្ថបទ៖ ​Di Sora

អត្ថបទពេញនិយម