ខ្ញុំ​ស្ងប់ស្ងាត់​មិន​និយាយ​ មិន​មែន​​មាន​ន័យ​ថា​ល្ងង់​នោះ​ទេ តែ​ជា​ការ​ផ្ដល់​តម្លៃ​ឲ្យ​អ្នក

  • 2021-04-24 05:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​តែង​តែ​នៅ​ក្បែរ​អ្នក ឲ្យ​ពេល​ទៅ​អ្នក គិត​ពី​អ្នក ទាំង​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​តែ​ម្ខាង​ក៏​ដោយ។ មិន​មែន​ខ្ញុំ​មិន​ចេះ​ខឹង មិន​ចេះ​អន់​ចិត្ត​នោះ​ទេ តែ​មក​ពី​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក ចង់​នៅ​ជាមួយ​អ្នក។

រូបតំណាង

អ្នក​ឃើញ​ខ្ញុំ​មិន​មាត់​ៗ អ្នក​ឃើញ​ខ្ញុំ​នៅ​ស្ងៀម អ្នក​ប្រហែល​គិត​ថា​ខ្ញុំ​ល្ងង់ អ្នក​ប្រហែល​មាន​មោទនភាព​ដែល​អ្នក​អាច​លាក់​បាំង​ខ្ញុំ​ពី​ទង្វើ​ដែល​អ្នក​ធ្វើ​ខុស​ដាក់​ខ្ញុំ ប៉ុន្តែ​អ្នក​មិន​ដឹង​ទេ​ថា​អ្នក​កំពុង​បំផ្លាញ​ទឹក​ចិត្ត​ដែល​ខ្ញុំ​មាន​ឲ្យ​អ្នក​ម្ដង​បន្តិចៗ​ហើយខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​នូវ​រឿង​មួយ​ចំនួន​ដែល​នៅ​ពី​ក្រោយ​ភាព​ស្ងប់ស្ងាត់​បែប​នេះ។

១. រឿង​ជា​ច្រើន​ដែល​ខ្ញុំ​មិន​និយាយ​មិនមែន​មាន​ន័យ​ថា​ខ្ញុំ​មិន​ដឹង​នោះ​ទេ

មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ដឹង​ពី​អ្នក ខ្ញុំ​មិន​មែន​ឮ​តាម​​តែ​គេ​នោះ​ទេ តែ​ខ្ញុំ​ឃើញ​ខ្ញុំ​ស្គាល់​ច្បាស់​ពី​អ្នក។ មិត្តភក្តិ​ក៏​ដោយ សង្សារ​ក៏​ដោយ បង​ប្អូន​ក៏​ដោយ​គឺ​ខ្ញុំ​សុទ្ធ​តែ​ទទួល​​ដឹង​ឮ​ទាំង​អស់ គ្រាន់​តែ​រឿង​ខ្លះ​ខ្ញុំ​មិន​និយាយ​ត្រង់ៗ ឬ​ជីកឬស​ជីក​គល់​ ដោយសារ​ចេះ​តែ​យល់​មុខ យល់​មិត្តភាព និង​យល់​មនោសញ្ចេតនា​ដែល​មាន​តែ​ប៉ុណ្ណោះ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ចង់​ចាំ​មើល​ថា​តើ​អ្នក​អាច​កែប្រែ​វា​បាន​ដែរ​អត់ បើ​សិន​ជា​គ្មាន​អ្នក​បក​ស្បែក​មុខ​អ្នក។ ខ្ញុំ​ក៏​ចង់​ដឹង​ថា​អ្នក​ចេះ​ភ្ញាក់​រលឹក​ទេ ឬ​ក៏​មាន​អារម្មណ៍​ខ្មាស​ខ្លួន​ឯង​ទេ​នៅ​ពេល​អ្នក​បោកប្រាស់ ដើរ​ខ្សែ​លើ ឬ​ក៏​ក្បត់​មនុស្ស​ដែល​ខ្ញុំ​ជឿជាក់​អ្នក ស្រឡាញ់​អ្នក​នោះ។ មិត្តភក្តិ​ខ្លះ​ដើរ​ជាមួយ​គ្នា​រាប់​ឆ្នាំ​មិន​អី​សោះ គ្រាន់​តែ​ឃើញ​ខ្ញុំ​បាន​ការងារ បាន​ប្រាក់ខែ​គ្រាន់​បើ និង​រៀប​ចំ​ខ្លួន​ស្អាត​ជាង​មុន ក៏​ចាប់​ផ្ដើម​មាន​កូន​ចិត្ត​ច្រណែន​ខ្ញុំ ហើយ​ប្រើ​ចរិត​ពស់​វែក​ជាមួយ​ខ្ញុំ នេះ​ខ្ញុំ​និយាយ​ឲ្យ​ចំ​តែ​ម្ដង​ទៅ។ សង្សារ​ដែល​ខ្ញុំ​ស្រឡាញ់ ក្បត់​ខ្ញុំ​មាន​ស្រី​ផ្សេង ខ្ញុំ​ដឹង​ទាំង​អស់ តែ​ខ្ញុំ​មិន​ចង់​ឈ្លោះ​ ហើយ​ចាំ​មើល​គេ​កុហក​ខ្ញុំ​អី​បន្ត​ទៀត​តែ​ប៉ុណ្ណោះ។ សុំ​ចិត្ត​ណា សុំ​កុំ​គិត​ថា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ល្ងង់​ជាង​អ្នក មិន​ដឹង​ខ្យល់​អី​ទាំង​អស់​នោះ។

រូបតំណាង

២. អ្នក​មាន​រឿង​លាក់​បាំង​ខ្ញុំ តែ​ខ្ញុំ​មិន​ចង់​ប្រើ​វា​ទៅ​លើ​អ្នក​វិញ​នោះ​ទេ

អ្នក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​អ្នក​ស្អប់​មនុស្ស​កុហក មនុស្ស​លាក់​បាំង​ណាស់ តែ​ចុង​ក្រោយ​អ្នក​គឺ​ជា​អ្នក​កុហក​ខ្ញុំ អ្នក​គឺ​ជា​អ្នក​លាក់បាំង​ខ្ញុំ។ ខ្ញុំ​មិន​ដែល​និយាយ​ថា​ខ្ញុំ​ស្អប់​អ្នក​កុហក​អី​នោះ​ទេ តែ​ខ្ញុំ​មិន​ប្រព្រឹត្ត​វា​តែ​ម្ដង។ ខ្ញុំ​សុខចិត្ត​ស្ដាប់​ពាក្យ​ដែល​អ្នក​កុហក​ខ្ញុំ តែ​ខ្ញុំ​មិន​ដែល​កុហក​អ្នក​នោះ​ទេ។

តែ​ខ្ញុំ​សូម​ផ្ដាំ​អ្នក​រឿង​មួយ​ណា ថ្ងៃ​ណា​មួយ​អ្នក​នឹង​ស្ដាយ​ក្រោយ​នូវ​ទង្វើ​ដែល​អ្នក​ធ្វើ​មក​លើ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​មែន​ព្រះ អាច​ទ្រាំ​ធ្វើ​ល្ងង់​រហូត​នោះ​ទេ។ មិន​យូរ​ទេ​ខ្ញុំ​នឹង​ហត់ ហើយ​ខ្ញុំ​នឹង​ដើរ​ចេញ​ខ្លួន​ឯង​យ៉ាង​ពេញ​ចិត្ត​បំផុត មិន​ថា​ស្នេហា មិន​ថា មិត្តភាព​ឡើយ៕

រូបតំណាង

ចុចអាន៖ជីវិត​គឺ​លំបាក ប៉ុន្តែ​បើ​អ្នក​អាច​យល់​នូវ​​ការពិត​១០​យ៉ាង​ អ្នក​​នឹង​អាច​ឆ្លង​កាត់​​វា​បាន​យ៉ាង​ប្រសើរ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម