ស្លៀកឈុត ៦ម៉ឺនដុល្លារហើយ Yang Mi ត្រូវគេបង្អាប់ថា អត់ស្អាតទៀត
- 2021-04-08 03:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លៀកឈុត ៦ម៉ឺនដុល្លារហើយ Yang Mi ត្រូវគេបង្អាប់ថា អត់ស្អាតទៀត
ក្រោយពេលប្ដូរ Stylist ថ្មី ស្ទីលរបស់កំពូលតារាសម្ដែងស្រីចិន Yang Mi ក៏មានការផ្លាស់ប្ដូរខុសពីមុន តែមិនមែនឈុតណារបស់នាងក៏ទទួលបានការសរសើរនោះឡើយ។
សម្រាប់តារាស្រករគ្នា អាចនិយាយបានថា នៅក្នុងពិភព Fashion តារាសម្ដែងល្បីឈ្មោះចិន ចាញ់ប្រៀបតែមិត្តរួមអាជីព Angelababy តែប៉ុណ្ណោះ។ ក្រៅពីនេះ មិនមានអ្នកវ៉ាមុខស្រីស្អាតទាំង២នេះបានឡើយ។ អាស្រ័យហេតុនេះ តួរឿងនិស្ស័យស្នេហ៍ទេវតា ៣ជាតិ ជាសិល្បករិនីដែលមានសំណាងស្លៀកឈុតលំដាប់ខ្ពស់ Haute Couture ច្រើនជាងគេដូចគ្នា។
ជាក់ស្ដែង ថ្មីៗនេះបំផុត គ្រាន់តែចូលរួមក្នុងកម្មវិធីរបស់ប្រេនដែលខ្លួនតំណាង ស្រីស្អាត ៣៥ឆ្នាំ ក៏ស្លៀកឈុត Haute Couture ថ្មីបំផុតរបស់ពីប្រេន Antonio Grimaldi ផងដែរ។ ឈុតនេះស្ថិតនៅក្នុងការដាក់បង្ហាញថ្មីបំផុតរបស់ម៉ាកនេះ សម្រាប់ឆ្នាំ ២០២១ ដែលទើបតែចេញខែកុម្ភៈប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ឈុតនេះត្រូវចំណាយពេលធ្វើ ៧០០ម៉ោង និងមានតម្លៃដល់ ៦ម៉ឺនដុល្លារ។
យ៉ាងណាក្ដី ក្រោយពេលរូបភាពក្រៅឆាករបស់ស្រីស្អាតកូន១ ត្រូវបានបង្ហោះនោះ មនុស្សជាច្រើនបានលាន់មាត់ថា ទោះបីជាស្លៀករ៉ូបដែលមានតម្លៃស្មើឡានមួយគ្រឿងមែនពិត តែឈុតនេះហាក់មិនសមនឹង Yang Mi ដែលធ្វើឲ្យរាងរបស់នាងមើលទៅមិនស្អាតដូចរាល់ដង។
គួរបញ្ជាក់ផងដែរ រយៈពេលក្រោយនេះ Yang Mi បានប្ដូរ Stylist ដែលធ្វើឲ្យនាងមានឱកាសស្លៀកឈុតថ្លៃៗបានច្រើនជាងមុន តែទស្សនិកជន មិនមែនឲ្យតែឈុតថ្លៃទាំងអស់ សុទ្ធតែសមនឹងនាងឡើយ ព្រោះមានឈុតតម្លៃសមរម្យខ្លះ ក៏មើលទៅស្អាតជាងដូចគ្នា៕