កំពុង​តែ​ដាច់​លុយ​ផង Zheng Shuang ឈ្នះ​បណ្ដឹង​សង្សារ​ចាស់​ចំនួន ៣​លាន​ដុល្លារ

  • 2021-04-02 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដឹង​ដែល​បាន​ប្ដឹង​តាំង​ពី​ឆ្នាំ ២០១៩​នោះ នៅ​ពេល​នេះ តារា​សម្ដែង​ស្រី​ចិន Zheng Shuang បាន​យក​ឈ្នះ​បាន​ហើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តុលាការ​ក្រុង​សៀងហៃ​បាន​កាត់​ក្ដី​បណ្ដឹង​ដែល​បាន​ប្ដឹង​រវាង តារា​សម្ដែង​ស្រី Zheng Shuang និង​អតីត​មិត្ត​ប្រុស Zhang Heng រួច​រាល់​ហើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​កាត់​ក្ដី​នេះ ភាគី​ដែល​ឈ្នះ​នោះ គឺ​ខាង​តួ​រឿង F4។ តុលាការ​មិន​ទទួល​ការ​បដិសេធ​របស់​ខាង​ប្រុស ហើយ​តម្រូវ​ឲ្យ​លោក​ត្រូវ​សង​លុយ​ដែល​បាន​ខ្ចី​ចំនួន ៣​លាន​ដុល្លារ បូក​រួម​ទាំង​ការប្រាក់​ឲ្យ​អតីត​មិត្ត​ស្រី​របស់​ខ្លួន។

តាម​នោះ​ដែរ ស្រី​ស្អាត​៣០​ឆ្នាំ មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា លុយ​ដែល​នាង​ឲ្យ​ខ្ចី​នោះ គឺ​ពិត​ជា​ស្រប​ច្បាប់​ពិត​មែន ហើយ​ខាង​ប្រុស​វិញ មិន​មាន​អ្វី​មក​សំអាង​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តារា​សម្ដែង​ស្រី​កើត​ឆ្នាំ ១៩៩០ បាន​ដាក់​ពាក្យ​បណ្ដឹង​ដល់​មិត្ត​ប្រុស ព្រោះ​សង​លុយ​មិន​ទៀងទាត់ និង​តម្រូវ​ឲ្យ​លោក​សង​ទាំង​ការ និង​ដើម។ តែក្រោយ​មក​ខាង​​ប្រុស​មក​ចេញ​មុខ​បដិសេធ​ដោយ​បាន​លើក​ឡើង​ថា លុយ​៣​លាន​ដុល្លារ​នេះ គឺ​ប្រើប្រាស់​រួម មិន​មែន​លោក​ប្រើ​ម្នាក់​ឯង​នោះ​ឡើយ។

ការ​ឈ្នះ​បណ្ដឹង​ចំនួន ៣​លាន​ដុល្លារ​នេះ គឺ​ជា​ការ​រំដោះ​ដ៏​ធំ​គួរ​សម​មួយ​សម្រាប់​តួ​រឿង F4 ត្បិត​ខណៈ​ពេល​នេះ​នាង​មិន​មាន​ការងារ​ថ្មី និង​ត្រូវ​សង​បំណុល​ច្រើន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម