ធំឡើងកូននឹងទទួលអត្ថប្រយោជន៍ច្រើនពេញមួយជីវិត បើម្តាយឪពុកចំណាយ១ម៉ោងមុនចូលគេងធ្វើរឿង៣យ៉ាងនេះ
- 2021-03-30 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធំឡើងកូននឹងទទួលអត្ថប្រយោជន៍ច្រើនពេញមួយជីវិត បើម្តាយឪពុកចំណាយ១ម៉ោងមុនចូលគេងធ្វើរឿង៣យ៉ាងនេះ
ដោយសារតែរវល់ធ្វើការនិងរកស៊ី ឪពុកម្ដាយមិនសូវមានពេលវេលាជាមួយកូនតូចៗនោះទេ។ តាមការសិក្សា ក្នុងមួយថ្ងៃមាន៣ពេលដែលម្ដាយឪពុកគួរចំណាយពេលជាមួយកូន ហើយមួយក្នុងចំណោមនោះគឺមុនពេលកូនតូចចូលគេង។
វាត្រូវបានគេចាត់ទុកថាជាពេលវេលាមាសក្នុងការរក្សាទំនាក់ទំនង និងបង្កើតចរន្តកម្មរវាងម្ដាយឪពុកនិងកូនរបស់ពួកគេ។ បើសិនអ្នកធ្វើបានល្អក្នុងវេលានោះ ទោះបីម្ដាយឪពុកមានពេលបន្តិចបន្តួចក្តី ក៏ពួកគេនូវតែអាចពង្រឹងព្រមទាំងជួយកូនឲ្យលូតលាស់ល្អ ដើរតាមគន្លងផងដែរ។
១. និយាយរឿងនិទាន
ប៉ាម៉ាក់គ្រប់រូបមិនគួរមើលរំលងការនិយាយរឿងនិទានឲ្យកូនស្ដាប់មុនចូលគេងនោះទេ។ ដោយសារវាអាចជួយកូនរបស់អ្នកឲ្យឆាប់ចាប់បានពាក្យថ្មីៗ បង្កើនសមត្ថភាពអាន ព្រមទាំងជួយអភិវឌ្ឍលើការស្រមើលស្រមៃនិងច្នៃប្រឌិតលើរឿងផ្សេងៗបានទៀតផង។ ក្មេងដែលបានលឺរឿងច្រើន ធ្វើឲ្យគេយល់និងវិភាគបានល្អជាងមិត្តភក្កិ ឬក្មេងដែលមានអាយុស្របាលគ្នាបាន។
តាមរយៈការអាននេះហើយ ធ្វើឲ្យគេមានជំនាញស្ដាប់បានល្អ ខួរក្បាលសកម្មជាងមុន មានការហ្វឹកហាត់ យល់ពីភាសា ដែលល្អសម្រាប់ឲ្យគេចេះចងចាំមនុស្ស ព្រមទាំងរឿងរ៉ាវចម្លែកផ្សេងៗនាពេលអនាគត។
២. ជជែកជាមួយកូន
វិធីនេះ ជួយបាន២យ៉ាងដូចជា បង្កើតភាពស្និទ្ធស្នាល មានទំនាក់ទំនងល្អជាមួយកូន បើទោះនៅពេលថ្ងៃអ្នកហាក់ដូចមានគម្លាតជាមួយកូនក៏ដោយ។ តាមពិត មុនពេលចូលគេងគឺជាពេលវេលាល្អក្នុងការជជែកគ្នា ព្រោះអារម្មណ៍ទាំងម្ដាយនិងឪពុក រួមទាំងកូនផង មានផាសុកភាពក្នុងការចែករំលែករឿងរ៉ាវផ្សេងៗដែលគេបានជួបប្រទះអំឡុងពេលថ្ងៃផងដែរ។ សូមរក្សាវិធីនេះឲ្យក្លាយជាទម្លាប់ ព្រោះម្ដាយឪពុកក៏អាចយល់ពីចិត្តកូន ហើយកូនរបស់អ្នកក៏ហ៊ានបើកចិត្តនិយាយប្រាប់អ្នកដោយភាពជិតស្និទ្ធ។ ដូច្នេះហើយ ឪពុកម្ដាយក៏គួរឆ្លៀតជម្រុញកូនឲ្យចេះបង្ហាញការគោរពនិងស្ដាប់បង្គាប់មនុស្សចាស់ និងឲ្យពួកគេយល់ពីការប្រឹងប្រែងធ្វើការរកស៊ីរបស់ឪពុកម្ដាយផងដែរ។
ក្នុងដំណាក់កាលនេះ ការចែករំលែករបស់កូនអ្នក សមត្ថភាពក្នុងការបញ្ចេញមតិដោយឯករាជ្យរួមទាំងអារម្មណ៍ វាជារឿងដ៏ប្រសើរយ៉ាងខ្លាំងដល់ការលូតលាស់របស់កូន។
៣. បង្ហាញក្ដីស្រលាញ់
កុំកំណាញ់ជាមួយកូននៅពេលវេលាមុនចូលគេងនេះ ព្រោះឆ្លងតាមសកម្មភាពនេះ ការបង្ហាញក្ដីស្រលាញ់ចំពោះកូន អាចឲ្យពួកគេមានទំនុកចិត្តនិងរឹងមាំ។ មិនថាថើបមុនចូលគេង ការឱបដោយភាពកក់ក្ដៅ ពាក្យសម្តីលើកទឹកចិត្តជាដើម ទាំងនេះឪពុកម្ដាយគួរបង្ហាញទៅកាន់កូនៗ ព្រោះនឹងធ្វើឲ្យគេមានអារម្មណ៍ថា ក្នុងកែវភ្នែករបស់ឪពុកម្ដាយ កូនពិតជាសំខាន់ខ្លាំង ជាទ្រព្យសម្បត្តិនិងការស្រលាញ់ជារៀងរហូត។
ម្ល៉ោះហើយ គ្រាន់តែរក្សា៣យ៉ាងនេះមុនចូលគេង ជាមួយកូនៗ ក្រុមគ្រួសារអ្នកប្រាកដជាមានភាពកក់ក្ដៅ និងមិនព្រួយខ្លាចថា កូនខូចដោយសារតែម្ដាយឪពុករវល់តែរកស៊ី ធ្វើការនោះទេ។ ការចំណាយពេលដ៏មានតម្លៃនេះ ជួយកូនរបស់អ្នកក្លាយជាក្មេងគួរឲ្យស្រលាញ់ ហើយពួកគេក៏ស្រលាញ់អ្នកវិញផងដែរ៕
អានបន្ត៖ តើគួរថែរក្សាកូនតូចយ៉ាងដូចម្តេចអំឡុងពេលធ្វើការនៅផ្ទះ