យកប្ដីមិនខុស មិនយកប្ដីក៏មិនខុស
- 2021-03-27 15:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកប្ដីមិនខុស មិនយកប្ដីក៏មិនខុស
យកប្ដី ឬមិនយកប្ដី ចុងបញ្ចប់ក៏គ្រាន់តែជាជម្រើសមួយ។ សរុបសេចក្ដីមក គឺគ្មានភាពខុសត្រូវចំពោះរឿងយក ឬមិនយកប្ដីនោះឡើយ។
កាលពីខែមុន នៅពេលខ្ញុំទៅស្រុកដើម្បីញ៉ាំការមិត្តភ័ក្ដិ។ នៅព្រឹកហែរជំនូន ម្ដាយខ្ញុំឈរជិតសរសើរខ្ញុំមិនដាច់ពីមាត់។ ក្រោយមកក៏ធ្វើសួរខ្លួនឯងថា មិនដឹងពេលណាទើបខ្ញុំចូលរោងការដូចគេ។ នៅពេលឃើញគេគ្រប់គ្នាការអស់ហើយ ទាំងខ្ញុំមិនទាន់មានសង្សារ ម្ដាយខ្ញុំរអ៊ូមិនឈប់។ គាត់ថាខ្ញុំគួរតែយកប្ដីឆាប់ៗ។ ខ្ញុំថា ខ្ញុំនៅតែខ្លួនឯងក៏ល្អ ដោយគ្មានបញ្ហាអ្វីទាំងអស់។ គាត់ក៏បន្ថែមថា ជីវិតខ្ញុំនឹងកាន់តែប្រសើរជាងនេះ បើខ្ញុំរៀបការ និងមានកូន។
តាមការពិត ខ្ញុំមិនបានប្រកែកអីជាមួយគាត់ឡើយ ដោយជាក់ស្ដែង ជីវិតខ្ញុំពិតជាល្អពិតមែន។ ខ្ញុំរៀនចប់នៅសកលមួយក្នុងក្រុង ចេញមកមានការងារល្អ ជាប្រធានក្រុមគេ ហើយប្រាក់ខែក៏មិនអន់ដែរ។ ទោះបីមិនទាន់មានអ្វីជាដុំកំភួនធំ តែខ្ញុំក៏មានសមិទ្ធិផលរបស់ខ្លួនឯង។ ចុងសប្ដាហ៍ខ្ញុំទៅដើរលេង ញ៉ាំអីជាមួយមិត្តភ័ក្ដិ។ ចុងឆ្នាំក៏ទិញកាដូធំល្មមមួយសម្រាប់ខ្លួនឯង។
ជីវិតខ្ញុំនៅតែល្អប្រសើរបែបនេះ រហូតដល់ថ្ងៃមួយត្រូវគេសួររឿងប្ដីកូនគ្រប់គ្នា ទើបខ្ញុំដាក់សំនួរចំពោះខ្លួនឯងថា តើខ្លួនឯងពិតជាមានក្ដីសុខមែន ឬអត់។ ព្រោះបើតាមសម្ដីពួកគាត់ មានតែមនុស្សស្រីដែលមានប្ដី មានកូនហើយនោះទេ ដែលមានក្ដីសុខពិតប្រាកដ។ យ៉ាងណាក្ដី អ្វីដែលខ្ញុំចង់ប្រាប់ទៅគាត់នោះគឺ មង្គលការមិនមែនជាខ្នងបង្អែកនៃជីវិតឡើយ ដោយវាគ្រាន់តែជាជម្រើសនៃជីវិតមនុស្សម្នាក់ៗប៉ុណ្ណោះ ហើយអ្នកខ្លួនឯង ទើបជាអ្នកសម្រេចចិត្តនៃជម្រើសជីវិតរបស់ខ្លួន។
យកប្ដីគ្មានអ្វីខុស មិនយកប្ដីក៏គ្មានអ្វីខុស។ ដល់អាយុរៀបការតែមិនរៀបការ រស់នៅតែម្នាក់ឯង រឹតតែគ្មានអ្វីខុស។ អ្វីដែលខុសនោះគឺ យើងដើរទៅដល់មង្គលការ មិនមែនដោយសារយើងចង់ តែដោយសារស្ដាប់តាមសម្ដីគេ ហើយជ្រើសខុសខ្លួនឯង៕