លែងបារម្ភធាត់ជ្រុលពេលកំពុងពពោះ ហើយទារកកើតមកនៅតែត្រូវតាមស្តង់ដា ដោយដំបូន្មាន៣យ៉ាងពីគ្រូពេទ្យ

  • 2021-01-19 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន ​ច្រណែន​នឹង​តារា​មួយ​ចំនួន​​ដែល​អំឡុង​ពេល​​​​ពពោះ ទោះ​ជា​រាង​​ពួក​គេ​មិន​សូវ​ធាត់​ខ្លាំង ​តែ​គីឡូ​ទារក​ពេល​កើត​មក​នៅ​តែ​​ត្រូវ​តាម​ស្តង់​ដា។ ​​ព្រោះ​ការ​មិន​ឡើង​គីឡូ​ពេក​ពេល​ពពោះ ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ប្រាថ្នា​ចង់​បាន។ ​​អាថ៌កំបាំង​ដ៏​សាមញ្ញ​នេះ ​មក​ពី​ការ​អនុវត្ត​នូវ​៣​កត្តា​ធំ​ៗ​ដូច​ខាង​ក្រោម​៖

រូបតំណាង

**​១. ​បំពេញ​វីតាមីន​បាន​គ្រប់​គ្រាន់**

ពេល​​​មាន​​ផ្ទៃ​ពោះ ​ស្រ្តី​ជា​ច្រើន​មាន​ទស្សនៈ​ស្រដៀង​គ្នា​ថា ​ពួក​គេ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​ដើម្បី​ទារក​​ធំ​​ធាត់ បើ​ទោះ​អ្នក​ម្ដាយ​ជា​ច្រើន​​មាន​ក្តី​បារម្ភ​ពី​ការ​ឡើង​ទម្ងន់​ជ្រុល​អំឡុង​ពពោះ​ក៏​ដោយ។ ​​យ៉ាង​ណា​មិញ ​ពួក​គេ​ក៏​ព្រួយ​​បើ​សិន​ជា​មិន​ហូប​អាហារ​ច្រើន ​​នោះ​ទារក​ប្រឈម​នឹង​ការ​ខ្វះ​ជីវជាតិ។ ​​តាម​ពិត ​ការ​ហូប​ច្រើន​ដោយ​មិន​ចេះ​គ្រប់​គ្រង​បរិមាណ​ ​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដោយ​មិន​នឹក​ស្មាន​ដល់។ ​

រូបតំណាង

​ស្ត្រី​មាន​ផ្ទៃ​ពោះ ​មិន​បាច់​ត្រូវ​ហូប​ច្រើន​ឡើង​តឹង​ពោះ​ឡើយ ​គ្រាន់​តែ​ហូប​គ្រប់​គ្រាន់​គឺ​សម​ល្មម​ហើយ។ ​គ្រូពេទ្យ​ជំនាញ​ជឿ​ថា ​ ​ការ​ទទួល​បាន​កាឡូរី​ចន្លោះ​ ​៣០០ -​៥០០ ​​កាឡូរី​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​គឺ​​គ្រប់​គ្រាន់​ហើយ។ ​អ្នក​ម្ដាយ​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​បន្ថែម​ពី​ការ​លេប​ថ្នាំ​ផ្តល់​វីតាមីន ដែល​វា​មិន​ប៉ះ​ពាល់​ដល់​ការ​ឡើង​ទម្ងន់​ឡើយ។ ​ម្យ៉ាង​ទៀត ​​វីតាមីន​ចម្រុះ​ទាំង​នោះ​ក៏​ត្រូវ​ផ្ទុក​សារធាតុ DHA ​និង​ប្រូ​បាយ​អូ​ទិក ​ដែល​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​ទារក​យ៉ាង​មាន​ប្រសិទ្ធភាព ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ដំណើរ​ការ ​ក្នុង​ការ​ស្រូប​យក​ជីវជាតិ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​។

រូបតំណាង

២. របប​អាហារ​មាន​តុល្យភាព

​​​​ការ​ឡើង​ទម្ងន់​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ​គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ​ហើយ​ការ​ធាត់​ជ្រុល​ពេក​​គឺ​មិន​ល្អ​ឡើយ។ ​ម្ល៉ោះ​ហើយ ​អ្នក​ម្តាយ​ទាំង​អស់​មិន​គួរ​​ធាត់​ហួស​កម្រិត​ពេក​នោះ​ទេ។ ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​ចង់​បាន​សុខភាព​ល្អ ​ត្រូវ​គ្រប់​គ្រង​លើ​របប​អាហារ ​និង​ចេះ​តម​លើ​អាហារ​គ្មាន​ជីវជាតិ​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ​ដើម្បី​តម្រូវ​ការ​អភិវឌ្ឍ​សុខភាព​ទារក ​និង​ការ​គ្រប់​គ្រង​ទម្ងន់​របស់​ខ្លួន។ ​អំ​ឡុង​ពេល​នេះ ​អ្នក​ម្ដាយ​​ត្រូវ​ការ​ឡើង​គី​ឡូ​ចន្លោះ ១០ -​១៤ kg ​គឺ​សម​ល្មម​ហើយ។

រូបតំណាង

៣. ​គេង​គ្រប់​គ្រាន់ ​និង​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់

​ស្ត្រី​ពពោះ​ជា​ច្រើន​ត្អូញត្អែរ​ថា ​ពិបាក​គេង​ ឬ​គេង​មិន​លក់​ជា​ដើម​ ដែល​ស្ថាន​ភាព​នេះ​ធ្វើ​ឲ្យ​ចិត្ត​និង​អារម្មណ៍​មិន​សូវ​ល្អ ​ដែល​ពិ​ត​ជា​ប៉ះ​ពាល់​ខ្លាំង​ដល់​​ការ​លូត​លាស់​របស់​ទារក​ណាស់។ ​​ផ្អែក​តាម​អ្នក​ឯក​ទេស​ឲ្យ​ដឹង​ថា ​​​បើ​សិន​​អ្នក​ម្ដាយ​គេង​បាន​គ្រប់​គ្រាន់ ​នោះ​នៅ​ពេល​​អ្នក​ម្តាយ​​​មាន​សុខភាព​ល្អ ​កូន​ក៏​សុខភាព​ល្អ​ដែរ ​ហើយ​វា​ងាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​​ដល់​ទារក​បាន​ទៀត​ផង។ ​លើស​ពី​នេះ ស្មារតី​ផ្នែក​ផ្លូវ​ចិត្ត​ក៏​ល្អ​ប្រសើរ​តាម​នោះ​ដែរ។ ​ ​

រូបតំណាង

​ម្យ៉ាង​ទៀត ​បន្ថែម​ពី​ទម្លាប់​ចូល​គេង​ពី​ព្រលប់ ​​ស្រ្តី​ពពោះ​ក៏​គួរ​បង្កើត​ទម្លាប់​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ​ដែល​ជួយ​ឲ្យ​ចលនា​ឈាម​ក្នុង​រាង​កាយ​រត់​ស្រួល​ ​ចំណេញ​ដល់​ការ​លូត​លាស់​របស់​ទារក ​និង​ធ្វើ​ឲ្យ​ម្ដាយ​មាន​សុខភាព​ល្អ ព្រម​ទាំង​មិន​ឡើង​គីឡូ​ខ្លាំង​ពេក​ដែរ៕​​​

​អាន​បន្ត​៖ ​ ផ្លែមង្ឃុតផ្តល់សុខភាពល្អដល់ស្រ្តីមានផ្ទៃពោះ និងជំនួយខួរក្បាលទារកថែមទៀត

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា