កម្ម៉ង់​ទិញ iPhone 12 Promax តែ​ទទួល​បាន​ដុំ​ថ្ម​ទម្ងន់​កន្លះ​គីឡូ​ទៅ​វិញ

  • 2020-12-15 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស​វៀតណាម​បាន​សម្ដែង​ការ​ខឹង​ជា​ខ្លាំង នៅពេល​ខ្លួន​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​ទូរសព្ទ​សេរី​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Apple តែ​បែរ​ជា​ទទួល​បាន​ដុំ​ថ្ម​​ទៅ​វិញ។

មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​វៀតណាម​បាន​ល្បី​កក្រើក​នូវ​ហេតុការណ៍​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​នោះ​គឺ នារី​ម្នាក់​ឈ្មោះ Phuong មក​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​កម្ម៉ង់​ទិញ​ទូរសព្ទ iPhone 12 Promax 256GB មួយ​គ្រឿង ពី​ហាង​ទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា Di Dong Viet ដោយទូរសព្ទ​មាន​មាន​តម្លៃ ៣២​លាន​ដុង ( ១៣៨០ដុល្លារ)។

ក្រោយ​ពេល​កម្ម៉ង់​មួយ​ថ្ងៃ នៅ​ថ្ងៃ​បន្ទាប់​ មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ទៀត​ ដឹក​ឥវ៉ាន់​ឲ្យ​ភ្ញៀវ​ខាង​លើ។ ដោយ​សារ​តែ​ខ្លួន​មិន​នៅ ទើប​បុគ្គលិក​នៅ​ហាង​របស់​នារី​រូប​នេះ ទទួល​ជំនួស​ដោយ​មិន​​មាន​ស៊ីញ៉េ​ទទួល​អ្វី​ទាំង​អស់។ រឿង​ដែល​ហួស​ចិត្ត​កើត​ឡើង ​នៅពេល​នារី​ជា​ម្ចាស់​ទូរសព្ទ​មក​ដល់ ហើយ​បើក​មើល​ ទើប​ដឹង​ថា ទូរសព្ទ​ដែល​ខ្លួន​ទទួល​នេះ គឺ​ជា​ដុំ​ថ្ម​មួយ​ដុំ​ទម្ងន់​ជិត​កន្លះ​គីឡូ។

ក្រោយ​ពេល​រឿង​នេះ បែក​ធ្លាយ​ខ្លាំង​ពេក តំណាង​របស់​ក្រុមហ៊ុន​លក់​ទូរសព្ទ​ខាង​លើ​ បាន​ចេញ​មុខ​បកស្រាយ​ថា ការ​វេចខ្ចប់​របស់​បុគ្គលិក​ខ្លួន​ទាំង​ស្រុង​គឺ​ត្រូវ​បាន​ធ្វើ​ក្រោម​ការ​ពិនិត្យ​របស់​កាមេរ៉ា​សុវត្ថិភាព គឺ​មិន​មាន​ថ្លោះ​ធ្លោយ​ឡើយ។ យ៉ាងណាក្ដី កំឡុង​ពេល​​ស្វែង​រក​ទូរសព្ទ​នេះ​មក​វិញ ខាង​ក្រុមហ៊ុន​បាន​បញ្ចេញ​ទូរសព្ទ​ថ្មី ហើយ​ប្ដូរ​ឲ្យ​នារីខាង​លើ​ហើយ។ មុន​នោះ​ដែរ មាន​ករណី iPhone 12 Promax មួយ​ដើម​ទៀត​នៅ​ទីក្រុង​ហាណូយ​ត្រូវ​ប្ដូរ​ជា​ប្រអប់​គូល័រ​ផាត់​ពណ៌​​វិញ​ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel