មនុស្សស្រីមិនត្រូវការលុយរបស់បុរសទេ ត្រឹមផ្តល់ក្តីសុខឲ្យនាងគឺគ្រាប់គ្រាន់ហើយ

  • 2020-09-15 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​ជីវិត​​របស់​មនុស្ស​ស្រី មិន​ត្រូវ​ការ​អ្វី​អស្ចារ្យ​ច្រើន​ពេក​ទេ នាង​ក៏​មិន​ត្រូវ​ការ​ផ្ទះ​ធំ​ខ្ពស់ ​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក​ដែរ។ ​សំខាន់ គ្រាន់​តែ​មាន​ស្ងប់​សុខ​ជាមួយ​ស្វាមី​ល្អ​ម្នាក់ ​រួម​នឹង​កូន​ៗ​ចេះ​ស្តាប់​បង្គាប់​ នោះ​គឺ​គ្រប់​គ្រាន់​ហើយ។

សម្រាប់​មនុស្ស​ស្រី បែប​ផែន​នៃ​ការ​រស់​នៅ​របស់​នាង​ខុស​ៗ​គ្នា។ ​ខ្លះ ចង់​រស់​នៅ​ជាមួយ​ប្រាក់​​កាក់​ច្រើន ជាមួយ​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ។ ខ្លះ​គ្រាន់​តែ​ចង់​មាន​ភាព​សប្បាយ​រីករាយ​និង​ការ​ជឿ​ជាក់​នៅ​ពេល​ពួក​​គេ​ដើរ​​ក្នុង​សង្គម និង​ធ្វើ​អ្វី​ដែល​ពួក​​គេ​ចង់​ធ្វើ។ ​ខ្លះ​ទៀត ​គ្រាន់​តែ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ស្ងប់​ស្ងាត់ ​ចម្អិន​អាហារ​សម្រាប់​ប្តី​របស់​នាង​និង​កូន​ៗ ​ដោយ​រស​ជាតិ​​ឆ្ងាញ់​ពិសា ​នោះ​ហើយ​គឺ​ជា​សុភមង្គល​និង​ភាព​ស្ងប់​សុខ​ដែល​នាង​ត្រូវ​ការ។

ពិត​ណាស់ មនុស្ស​ស្រី​វ័យ​ក្មេង​ នាង​មាន​មហិច្ចតា​ច្រើន​​នៅ​ក្នុង​ចិត្ត​របស់​នាង។ ​នាង​មាន​ក្តី​ស្រមៃ ហើយ​នាង​ចង់​ទទួល​បាន​សមិទ្ធផល​ល្អ​បំ​ផុត​ក្នុង​ជីវិត​មួយ​នេះ។ ​នាង​តែង​តែ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ ​ចង់​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ និង​មាន​សមត្ថភាព​ក្នុង​កែវ​ភ្នែក​របស់​មនុស្ស​គ្រប់​រូប។ បើ​និយាយ​ពី​របៀប​រើស​គូ​ស្រករ​វិញ ​ក៏​នាង​ចង់​បាន​បុរស​ដែល​ជា role model ​នៃ​មហាជន​គ្រប់​គ្នា ​​​ជា​កូន​អ្នក​មាន រ៉ូមែន​ទិក ​ចេះ​ស្ទីល​តែង​ខ្លួន ​ជា​ដើម។ ​លើស​ពី​នេះ ​​ក្មេង​ស្រី​អាយុ​១៨-២២ ឆ្នាំ ​ច្រើន​គិត​ថា ​បើ​នាង​មាន​លុយ​ច្រើន ​ស្រស់​ស្អាត​ដូច​តារា​ម៉ូ​ដែល ឬ​តារា​ភាព​យន្ត ជីវិត​របស់​នាង​នឹង​អាច​រក​ក្តី​សុខ​ឃើញ​មិន​ខាន។​​

យ៉ាង​ណា​ក៏​ដោយ បើ​និយាយ​​ពី​មនុស្ស​ស្រី​ចាស់​ទុំ​ផ្នែក​គំនិត​ដែល​ធ្លាប់​​ឆ្លង​កាត់​បទ​ពិសោធន៍​យ៉ាង​ច្រើន​ក្នុង​ជីវិត​ ការ​គិត​របស់​នាង​ នឹង​អាច​ខុស​ពី​នេះ។ នាង​នឹង​មិន​ត្រូវ​ការ​លុយ​ច្រើន​ពេក​ឡើយ ​ហើយ​នាង​ក៏​មិន​ចង់​ក្លាយ​ជា​អ្នក​មាន​ស្តុក​អ្វី​ដែរ អ្វី​ដែល​នាង​ត្រូវ​ការ​គឺ ស្ងប់​សុខ ប៉ុណ្ណោះ​។ បើ​មើល​ទៅ​ពាក្យ​នេះ​ហាក់​សាមញ្ញ​ពេក​ណាស់ ​ប៉ុន្តែ​សួរ​ថា​ ​តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​អាច​ស្វែង​រក​វា​បាន​ក្នុង​ជីវិត​របស់​ពួក​គេ?

​ស្ងប់​សុខ​នេះ ​គឺ​នៅ​ពេល​ជីវិត​មាន​បញ្ហា​យ៉ាង​ណា ក៏​នៅ​មាន​បុរស​ម្នាក់​នៅ​តែ​ស្រលាញ់​នាង​លើស​អ្វី​ទាំង​អស់។ ស្ងប់​សុខ ​គឺ​នៅ​ពេល​មនុស្ស​ស្រី​ចេញ​ពី​ក្រុម​ហ៊ុន​ត្រលប់​មក​ផ្ទះ​វិញ ​នាង​ស្គាល់​ថា​នោះ​គឺ​ជា​ផ្ទះ ​ផ្ទះ​ដែល​ពោរ​ពេញ​ដោយ​ភាព​កក់​ក្តៅ​ដែល​កំពុង​រង់​ចាំ​នាង​មក​ដល់។ ​ស្ងប់​សុខ គឺ​នៅ​ពេល​មនុស្ស​ស្រី​សម្លឹង​ឃើញ​កូន​ៗ​ធំ​ធាត់​ឡើង​ដោយ​ក្តី​សប្បាយ​រីក​រា​យ ហើយ​រូបភាព​ដ៏​អស្ចារ្យ​ទៀត​នោះ ​គឺ​នាង​ឃើញ​​ប្តី​កំពុង​តែ​លេងប្រលែងជាមួយ និង​ថ្នាក់​ថ្នម​កូន​ៗ។

ដូច្នេះ​ហើយ ​ភាព​ស្រស់​ស្អាត​និង​ល្បី​ល្បាញ ​វា​មិន​មែន​ជា​ក្តី​សុខ​សំខាន់​​របស់​នាង​នោះ​ទេ។ ពេល​ខ្លះ ​ដោយសារ​តែ​តាម​រក​ទ្រព្យ​សម្បត្តិ ​​វា​បាន​ក្លាយ​ជា​ភាព​នឿយ​ហត់​មួយ​រហូត​ធ្វើ​ឲ្យ​ភ្លេច​អស់​ផ្ទះ​សម្បែង។ ​ហើយ​ចុង​ក្រោយ ​គោល​ដៅ​ក្នុង​ជីវិត គឺ​ប្រាកដ​ជា​មិន​សុំ​អ្វី​ច្រើន​ក្រៅ​ពី​ភាព​រីក​រាយ និង​សុភមង្គល​នោះ​ដែរ។

ដូច្នេះ​ហើយ ​ទើប​គេ​និយាយ​ថា ​សម្រាប់​មនុស្ស​ស្រី​ដែល​មាន​បទ​ពិសោធន៍​​ច្រើន​ក្នុង​ជីវិត​ នាង​មើល​ទៅ​កាន់​តែ​​មាន​ភាព​សាមញ្ញ។ ​នាង​មិន​ចង់​​បាន​អ្វី​ច្រើន​ហួស​ប្រមាណ​ទេ ​ត្រឹម​តែ​​ភាព​ស្ងប់​សុខ​ រួម​រស់​ជាមួយ​ប្តី​ល្អ​ម្នាក់ ​និង​កូន​ៗ គឺ​គ្រប់​គ្រាន់​ហើយ៕​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម