​វិធី​​សាស្ត្រ​ ៦​ យ៉ាង​នារី​​ខ្លាំង​ពូកែ​​​​​​​តែង​​​មាន​ ទុកជួយ​​សង្គ្រោះ​​ខ្លួន​ឯង​​​ពេល​​ខូច​ចិត្ត

  • 2020-07-07 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា​ "ខូច​ចិត្ត"​ ត្រឹម​ពីរ​ម៉ាត់​ខ្លី​ តែ​វា​​​ពោរពេញ​​​ដោយ​ភាព​​ឈឺ​ចាប់​​​​​ពិបាក​នឹង​​​ពណ៌នា​។ ​​ភាព​គ្រាំគ្រា​​បាន​​រោលរាល​ឡើង​ ពេល​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ ឬ​​​​​​​​​​នៅ​ពេល​​​​ស្នេហា​​បរាជ័យ។ ​​យ៉ាង​ណា​​ក៏​ដោយ​ ​មាន​​របួស តែង​មាន​​​វិធី​​ព្យាបាល​​​ ហើយ​នារីដែល​​ខ្លាំង​​ពូកែម្នាក់ ​នឹង​​មិន​​បណ្តោយ​​ឲ្យ​បេះ​ដូង​​ខ្ទេច​ខ្ទី​​​នោះ​ឡើយ​។ នាង​​​​​​មិន​ដែល​​ភ្លេច​​​​​អនុវត្ត​វិធីសាស្រ្ត​​​​​​​​ល្អ​ៗ​​ រក​​ដំណោះ​ស្រាយ​​​ឆ្លាត​វ័យ​ ដើម្បី​ជួយ​​សង្រ្គោះ​​​​​ខ្លួន​​ឯង​​ពី​​​​ទុក្ខ​​ក្រៀម​ក្រំ​មួយ​នេះ។

១. យំ​ឲ្យ​អស់​ចិត្តកុំ​​​ខ្លាច​​គេ​ឮ

​មិន​បាច់​​​ខំ​ទប់​​​​ទឹក​ភ្នែក​ទេ ​​​​បើ​ឈឺ​​​ណាស់​​ យំ​​ទៅ យំ​ឲ្យ​ចិត្ត ​​​កុំ​ខ្លាច​​គេ​ឮ​​។ ​ប្រៀប​​បាន​​​​​ដូច​​ជា​​​ការ​វះកាត់​​ព្យាបាល​បេះ​ដូង​​អីចឹង​ដែរ ​​​វះ​កាត់​​ហើយ​ភ្លាម​​មិន​មែន​អាច​ជា​សះ​ស្បើយ​​វិញ​ភ្លែត​​​ទេ។ វា​ត្រូវ​ការ​​ពេល​​វេលា​​​​​​យូរ​​​​បន្តិច ដូច្នេះ​​​កើត​ទុក្ខ​​​​សិន​ ក៏​​មិន​អី​​ដែរ​ ​​ប៉ុន្តែ​​កុំ​យូរ​​​​​​ខ្លាំង​​ពេក​​។ បន្ទាប់​ពី​​​ឆ្លង​កាត់​​​ការ​​ឈឺ​​ចាប់​​​​​​​រួច​​ហើយ ​​លើក​ក្រោយៗ​​​​​បើ​មាន​​​​​​​បញ្ហា​​បែប​នេះ កើត​ឡើង​​ម្តង​ទៀត​ អ្នក​នឹង​​អាច​​សម្រប​​ខ្លួន​និង​ដឹង​​ថា​​ត្រូវ​​ប្រឈម​​​យ៉ាង​ណា​ជាមួយ​វា។

២. ​នៅ​ឲ្យ​​ឆ្ងាយ​​ពី​ម្នាក់​នោះ

​​ពេល​​ទំនាក់​ទំនង​​​​ស្នេហា​​​​​​ឈាន​​ដល់​ទី​​​​បញ្ចប់​ ឬ​មួយ​​​ក៏​គេ​ប្រកែក​មិន​ទទួល​ស្នេហា​របស់​អ្នក​ អ្វី​ដែល​​​ត្រូវ​ធ្វើ​គឺ​​​នៅ​​ឲ្យ​ឆ្ងាយ​​ពី​ម្នាក់​នោះ។ ​កុំ​​​ព្យាយាម​ទូរសព្ទ ផ្ញើ​សារ​ ​​តាម​​ដាន​ក្នុង​បណ្តាញ​សង្គម ចង់​ឃើញ​មុខគេ​​​​ ឬ​​សាក​សួរ​​​ដំណឹង​​​ពី​​មិត្តភ័ក្តិ​របស់​គេ​ឲ្យ​សោះ​។ ​​​បើ​​ចប់​​គ្នា​ហើយ​​ ត្រូវ​​ធ្វើ​​ឲ្យ​ដាច់​​ស្រឡះ ទើប​បេះ​ដូង​​មិន​នឿយ​ហត់​​​​រត់​តាម​អ្នក។

៣.​ កុំ​នៅ​ម្នាក់​ឯង រក​​មិត្ត​ភ័ក្តិ​បាន​ជា​គ្នា

បើ​​ខូច​ចិត្ត​ កុំ​នៅ​ម្នាក់​ឯង​​អី គួរ​​ទៅ​ជួប​មិត្តភ័ក្តិ​ណា​​ ដែល​អាច​និយាយ​​លើក​ទឹក​ចិត្ត​អ្នក ប្រាប់ពី​ទុក្ខ​កង្វល់​​​​ ឬ​​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ក៏​បាន។ ពេល​មាន​មនុស្ស​​​ដែល​អ្នក​​ទុក​ចិត្ត​​បំផុត​នៅ​ក្បែរ ហោច​ណាស់​ ​បាន​ធូរ​​ទ្រូង គ្រាន់​​បើ​ជាង​​សម្ងំ​​​ក្នុង​បន្ទប់​​បៀម​ទុក្ខ​ម្នាក់​ឯង។ កាន់​តែ​​ស្ងាត់​ កាន់​តែ​មាន​អារម្មណ៍​ថា​ឯកា កាន់​តែ​​ដុនដាប​​លើស​​​ដើម។

៤. ​ស្តាប់​​​​​ភ្លេង​​ឬ​​ចម្រៀង​​​​​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ​

​​​​​​ធ្វើ​អ្វី​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ដូច​ជា​​​​ស្តាប់​ភ្លេង ចម្រៀង​​ មើល​រឿង​ជា​ដើម ព្រោះ​​វា​ជា​​អាច​​​​កាត់​បន្ថយ​ភាព​​តាន​តឹង​ ព្រម​ទាំង​​រំសាយ​​​​​​​ទុក្ខ​​កង្វល់​ផង​​ដែរ។

៥. ​​​​​​រៀប​​​​​ចំ​ផែន​ការ​​ថ្មី​សម្រាប់​​​​​​សកម្មភាព​​ប្រចាំ​​ថ្ងៃ

​​​​​​​​​​មិន​ត្រូវ​​​ឲ្យ​​ខ្លួន​​​ឯង​លិច​លង់​ជាមួយ​ភាព​​ឈឺ​ចាប់​ទាំង​នោះ ព្យាយាម​​ងើប​ឡើង​​​វិញ ដោយ​ការ​​​​សាក​​ល្បង​អ្វី​ថ្មីៗ​​​ រៀប​​ចំ​ផែន​ការ​ថ្មី​ ផ្លាស់​ប្តូរ​​ទម្លាប់​ប្រចាំ​​ថ្ងៃ ឲ្យ​មាន​ភាព​​ស្រស់​​​បំព្រង។ ចុង​សប្តាហ៍ អាច​រក​កន្លែង​ណា​​​​សម្រាក​លំហែ ចេញ​​ដើរ​​​លេង​​តាម​ខេត្ត ជាយ​ក្រុង​ ឬ​ទៅ​​​​ដើរ​ផ្សារ​លេង​ក៏​បាន​​។ ​​​ចង់​​ចាប់​​ផ្តើម​ជីវិត​សារ​ជា​ថ្មី​ គឺ​ផ្តើម​ចេញ​ពី​ការ​ផ្លាសើ​ប្តូរ​ទម្លាប់​ល្អៗ​ជាមុន​សិន។

៦. ទទួល​ស្គាល់​ការពិត

វិធី​​​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង គឺ​ទទួល​ការ​ពិត​​ហើយ​ព្យាយាម​បំភ្លេច​​ចោល។ ​រឿង​នេះ​​​​មិន​មែន​​ងាយ​ស្រួល​ធ្វើ​​ដូច​​​ពាក្យ​ថា​​នោះ​ទេ ប៉ុន្តែ​​​​​​នារី​​​ខ្លាំង​ពូកែ​ មិន​បោះ​​បង់​ចោល​ ​ហើយ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ព្យាបាល​របួស​បេះដូង ព្រោះ​នាង​ជឿ​ជាក់​ថា​​​​ បើ​នៅ​​តែ​កើត​ទុក្ខ​​ត​ទៅ​ទៀត ក៏​​គ្មាន​បាន​ប្រយោជន៍​អ្វី​មក​វិញ​ដែរ​។ នាង​មិន​​បន្ទោស​ខ្លួន​​​ឯង​​ ឬ​​​នរណា​ទាំង​អស់​​​ ​សំខាន់​​​នាង​​អាច​ប្រកាន់​​ខ្ជាប់​នូវ​គំនិត​វិជ្ជមាន និង​អភិវឌ្ឍ​​ខ្លួន​ឲ្យ​​រីក​​ចម្រើន​​​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​​​​៕

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម