ឈប់ច្រឡំទៅ! គ្មានការផ្អាកចាយលុយ ១$ ២$ និង ៥$ ទេ នៅប្រើប្រាស់ធម្មតា

  • 2020-05-29 12:59:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 18

ថ្មីៗ​នេះ​មាន​មតិ​ និង​ការ​បកស្រាយ​ខុស​ៗ​គ្នា​ ស្ដី​ពី​ការ​ផ្អាក​ដំណើរ​ការ​ចាយវាយ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ ១$ ២$ និង ៥$ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ និង​ការ​បកស្រាយ​ខុស​បន្ត លោកជំទាវ ជា សិរី អគ្គ​នាយក​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បក​ស្រាយ​តាម​រយៈសារ​១ ក្នុង​គណនី​ហ្វេសប៊ុករ​បស់​លោកជំទាវ នាថ្ងៃ២៩ ខែ​ឧសភា ឆ្នាំ២០២០នេះ។

ខ្លឹមសារដើម ពីគណនី​ហ្វេសប៊ុករ​បស់​លោកជំទាវ

លោកជំទាវ ជា សិរី អគ្គ​នាយក​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បក​ស្រាយ​ថា៖ ការបកស្រាយតាម សេចក្តីថ្លែងការរបស់ធនាគារជាតិ ច្បាស់លាស់ហើយ។ សូមអានឱ្យចប់មុននឹងឆ្ងល់ និងមានមតិ។ ការបកស្រាយខុស ហើយបំភ័យគ្នាមិនមែនជារឿងល្អសម្រាប់ប្រទេសទេ។ ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅតែអាចចរាចរបាន។

ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ។ រវាងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងធនាគារជាតិក៏នៅតែទទួលយកក្រដាសប្រាក់នេះធម្មតា។ គ្រាន់តែថាលើកមុនធនាគារជាតិជាអ្នករ៉ាប់រងសេវាដឹកជញ្ជូនក្រដាសប្រាក់ ចាស់ ទក់ រហែក និងលើស ទៅប្រទេសដើមគេគឺសហរដ្ធអាមេរិក ដើម្បីចាត់ចែងបន្ត ព្រោះកម្ពុជាគ្នានសិទ្ធអ្វីលើក្រដាសប្រាក់ដុល្លារអាមេរិកក្រៅពីចាយនោះទេ។ ប៉ុន្តែ ចាប់ពី ៣ខែ បន្ទាប់ពីនេះទៅ គ្រឹះស្ថានត្រូវទទួលរ៉ាប់រងសេវាដឹកជញ្ជូនដោយខ្លួនឯង។ ការសម្រេចចិត្តនេះគឺធ្វើឡើងដោយមានការឯកភាពគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។

តាមច្បាប់ការទទួលក្រដាសប្រាក់ប្រភេទនេះជាសិទ្ធិរបស់គ្រឹះស្ថានឯកជន ធនាគារជាតិមិនមានសិទ្ធិលើគេទេ។ ប៉ុន្តែបើគេមិនទទួលក្រដាសប្រាក់រៀល ទោះប្រភេទណាក៏ដោយ នោះទើបធនាគារជាតិមានសិទ្ធិចាត់វិធានការតាមច្បាប់ជាធរមាន។ មួយវិញទៀតធនាគារជាតិមិនបានសម្រេច ថាមិនទទួល យកនោះទេ។ តែធនាគារជាតិនឹងពិចារណា ទៅថ្ងៃក្រោយអំពីបញ្ហានេះ ហើយ សូមឱ្យចាត់ទុកថាជាការជូនដំណឹងដែរចុះ កុំឱ្យថាគេអនុវត្តអីមិនប្រាប់ទុកមុន។

សូមរំឮកថាការប្រើប្រាស់ប្រាក់រៀល ដើម្បីមោទនភាពជាតិ អធិបតេយ្យភាពជាតិ មិនអាចធ្វើទៅបានដោយមិនមានវិធានការអ្វីសោះនោះទេ។ ហើយវិធានការអ្វីក៏ដោយធ្វើហើយ នឹងមានអ្នកទទួលផលច្រើន និងទទួលផលតិច ទទួលផលភ្លាមៗ និងទទួលផលនា ពេលក្រោយ។ ហើយបើចាំឱ្យទទួលប្រយោជន៍បានស្មើៗគ្នា គឺមិនអាចទៅរួចទេ ត្រូវគិតប្រយោជន៍រួមជាធំ។ តែបើមានជួយប្រាប់ផង។ សូមឱ្យការស្រលាញ់លុយរៀល ការស្រលាញ់ជាតិ ចេញពីទឹកចិត្តពិត និងសកម្មភាពជាក់លាក់ កុំឱ្យចេញតែពីមាត់។

អត្ថបទ៖ ពៅ រក្សា