រៀនធ្វើចាហ៊ួយផ្លែឈើ Cute Cute ផ្សំពីទឹកដូង ញ៉ាំលេងជាមួយគ្រួសារ

  • 2020-04-10 08:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​ បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​នារិ​ៗ​ដែល​សម្រាក​នៅ​ផ្ទះ​អាច​សាក​ធ្វើ​ចាហ៊ួយ​ផ្លែ​ឈើ​សម្រាប់​បរិភោគ​ជួបជុំ​គ្រួសារ​ក្នុង​ផ្ទះ​យ៉ាង​រីករាយ​។ ដែល​រូបមន្ត​នៃ​ការ​ធ្វើ​ចាហ៊ួយ​នេះ មាន​លក្ខណៈ​ងាយ​ស្រួល​ មិន​សាំញ៉ាំ​ ចំណាយ​ពេល​ខ្លី​​ និង​ មាន​គ្រឿង​ផ្សំតែ​៤ មុខ​ប៉ុណ្ណោះ៖

  • ទឹក​​ដូង​ចំនួន​ ៤ ពែង​តូចៗ
  • ម្សៅចាហ៊ួយ ១ស្លាបព្រា
  • ស្ករស ៦ស្លាបព្រា
  • ផ្លែឈើជាជម្រើសអ្នក៖ ស្វាយ​ទុំ ម្នាស់​ ក្រូច មៀន​ និងស្ត្រ៊បឺរី​ជា​ដើម​ កាត់​ជា​ចំណិត​តូច​ៗប្រមាណ​ប៉ុន​មេដៃ​
  • ប្រអប់​ទន់ចាក់​ចាហ៊ួយ​ដែល​អាច​បត់​បែន​បាន​​

​វិធី​ធ្វើ៖​​

  • ​ចាក់​ទឹក​ដូង​​ពាក់​កណ្ដាល​ ចូល​ឆ្នាំង​ ហើយ​ដាក់​ម្សៅ​ចាហ៊ួយ​ចូល រួចកូរឲ្យ​សព្វ​​ និង​ដាក់​ដាំ​ឲ្យ​ពុះ​ ហើយ​ពិនិត្យ​មើល​ម្សៅ​បាន​រលាយ​ចូល​ទឹក​ដូង​អស់​ហើយ​ សឹម​បិទ​​ភ្លើង​

  • បន្ទាប់​មក​ដាក់​ស្ករ ហើយ​ដាក់​ទឹក​ដូង​ដែល​នៅសល់​ចូល​​ដើម្បីឲ្យ​ទឹក​ចាហ៊ួយ​​​ក្ដៅ​ឧណ្ហៗ(សូម​កុំ​ទុក​ឲ្យ​ទឹក​ត្រជាក់​) ហើយ​កូរ​វា​ម្ដង​ទៀត ​​​​យក​ផ្លែឈើ​ចិត​រួច​ដាក់​ក្នុង​​ប្រអប់ រួច​ចាក់​ទឹក​ចាហ៊ួយ​ចូល (​សូម​ព្យាយាម​កុំឲ្យ​​ទឹក​ហៀរ​ចូល​គ្នា​ ព្រោះ​វា​នឹង​ធ្វើ​រូបរាង​ចាហ៊ួយ​មិន​ស្អាត ហើយ​ពិនិត្យ​មើល​ផ្លែឈើ​​ដោយ​តម្រៀប​ឲ្យ​ត្រូវ​ទម្រង់​គូប​នៃ​ប្រអប់​ដាក់​)

  • ​រក្សា​ទុក​វា​​ក្នុង​ទូទឹក​កក​ (មិន​មែន​ទុក​ផ្នែក​កក​នោះ​ទេ​) ទុក​យ៉ាង​តិច​ ២ម៉ោង​ឡើង​ ​ ហើយ​បន្ទាប់​មក​យក​វា​ចេញ ចាក់​លើ​ដោយ​ប្រើ​ដៃ​ល្មម​ៗកុំ​ឲ្យ​ខូច​រូបរាង ហើយ​រៀប​លើ​ចាន​ និង​បរិភោគ​ដោយ​រីករាយ​ជាមួយ​សមាជិក​គ្រួសារ​​​​​​​​។

សូមមើលវីដេអូលម្អិតនៃរបៀបធ្វើបន្ថែម៖

​​

ប្រភព៖ Hot Thai Chicken ប្រែ​សម្រួល៖ ស៊ិន សាវ៉េត