គួរដឹង! ភេសជ្ជៈ ៤ ប្រភេទត្រូវត្រៀម សម្រាប់រៀបចំសែនទទួលទេវតាឆ្នាំថ្មី ២០២០
- 2020-04-06 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! ភេសជ្ជៈ ៤ ប្រភេទត្រូវត្រៀម សម្រាប់រៀបចំសែនទទួលទេវតាឆ្នាំថ្មី ២០២០
ធ្មេចបើកៗ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតចូលមកដល់ទៀតហើយ គឺនៅសល់តែប្រមាណមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។ ទន្ទឹមនឹងការឈានចូលមកដល់នេះផងដែរ នេះគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប កំពុងមានការមមាញឹកយ៉ាងខ្លាំងជាមួយនឹងការរៀបចំផ្ទះសំបែងក៏ដូចជាការទិញស្បៀងអាហារ ភេសជ្ជៈ ព្រមទាំង ប្រដាប់ប្រដាតុបតែងនានាផងដែរ។
ដើម្បីឲ្យដំណើរការនៃការសែនព្រេនក្នុងគេហដ្ឋានរបស់អ្នកកាន់តែរលូន កញ្ញាសុំធ្វើការណែនាំនូវប្រភេទភេសជ្ជៈ ៤ប្រភេទ ដែលអ្នកគួរត្រៀមទុក សម្រាប់រៀបចំសែនទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២០ នេះផងដែរ៖
១. ទឹកក្រូចកំប៉ុង ឬ ទឹកផ្លែឈើគ្រប់មុខ៖ នៅតាមគេហដ្ឋាននីមួយៗគឺមិនងាយរំលងដាច់ខាតនូវប្រភេទទឹកក្រូច ឬទឹកផ្លែឈើកំប៉ុងនេះ ព្រោះមានរសជាតិច្រើនចម្រុះចូលគ្នា ងាយស្រួលជ្រើសរើស ព្រមទាំងមានសំបកវេចខ្ចប់ពណ៌ផ្សេងគ្នាមើលទៅមានសោភ័ណភាពស្រស់ស្អាត ជាពិសេសពេលរៀបចំដាក់សែនជាមួយរណ្ដាប់ដទៃទៀត។
២. ទឹកសំបុកត្រចៀកកាំ៖ ការដាក់សែននូវទឹកសំបុកត្រចៀកកាំក៏ជាជម្រើសមួយដ៏ល្អដែរ ជាពិសេសសម្រាប់គ្រួសារដែលមានលទ្ធភាពទិញវា ព្រោះវាមិនត្រឹមតែឆ្ងាញ់ គឺថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។
៣. ភេសជ្ជៈប៉ូវកម្លាំង៖ សម្រាប់ក្រុមគ្រួសារដែលមិនសូវនិយមទឹកក្រូច ឬ ទឹកផ្លែឈើ អាចដាក់លាយជាមួយនឹងប្រភេទភេសជ្ជៈប៉ូវកម្លាំងក៏ជាវិធីប្រសើរមួយដែរ ជាពិសេសគេហដ្ឋានដែលសម្បូរសមាជិកគ្រួសារជាមនុស្សប្រុស ព្រោះប្រភេទភេសជ្ជៈប៉ូវកម្លាំងច្រើនទទួលការពេញនិយមទទួលទានពីភាគីបុរស។
៤. ទឹកបរិសុទ្ធ៖ ប្រភេទភេសជ្ជៈមួយប្រភេទចុងក្រោយគឺ ទឹកសុទ្ធ។ ដើម្បីឲ្យបានចម្រុះមុខល្អ ក្រៅពីការត្រៀមទុកនូវប្រភេទភេសជ្ជៈមានរសជាតិផ្អែមនានាខាងលើ គប្បីបូកបន្ថែមនូវទឹកសុទ្ធ ដែលជាភេសជ្ជៈចាំបាច់ជាប្រចាំ សម្រាប់សែនផងដែរ កុំបីខកខាន។
គួរបញ្ជាក់ផងដែរថា រណ្ដាប់ទទួលទេវតាឆ្នាំថ្មី អាចមានលក្ខណៈខុសគ្នាពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ដោយយោងទៅតាមជំនឿ ទំនៀមទម្លាប់ ចំណង់ចំណូលចិត្ត និងលទ្ធភាពផ្សេងៗគ្នា។ ទោះជាយ៉ាងណា ពេលវេលាសែនទទួលទេវតាគឺដូចគ្នាគ្រប់ក្រុមគ្រួសារទាំងអស់ ដែលរាប់ចាប់ពីបុរាណកាលមកគឺ គេបានជ្រើសរើសថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានឈ្មោះថា "ថ្ងៃមហាសង្រ្កាន្ដ" ឬ "ថ្ងៃចូលឆ្នាំ" ដើម្បីរៀបចំផ្ទះសំបែង និង ធ្វើការសែនទទួលទេវតាឆ្នាំថ្មី៕
អានបន្ត៖ តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?