តោះ! មករៀនធ្វើបង្អែមពងមាន់នំអ៊ីទុកញុំាជុំគ្រួសារ ក្នុងឱកាសចូលឆ្នាខ្មែរ
- 2020-04-06 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មករៀនធ្វើបង្អែមពងមាន់នំអ៊ីទុកញុំាជុំគ្រួសារ ក្នុងឱកាសចូលឆ្នាខ្មែរ
ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ឬខែចែត្រ ជាខែមួយដែលប្រជានជនខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមិនដែលអាក់ខាននៅតាមគេហដ្ឋាននីមួយៗឡើយ។ ជាការពិតណាស់ នៅតាមផ្ទះនីមួយៗនឹងមានភាពសប្បាយរីករាយជួបជុំកូនចៅ ញាតិមិត្តបងប្អូនជិតឆ្ងាយតាមភូមិស្រុកបានរៀបចំផ្ទះសម្បែង នំចំណីសម្រាប់ទទួលទេវតាឆ្នំាថ្មី និងម្ហូបអាហារ បង្អែម ភេសជ្ជៈសម្រាប់កូនចៅផងដែរ។ ហេតុដូចនេះហើយ ដើម្បីឲ្យស័ក្តិសមនឹងឱកាសដ៏សប្បាយរីករាយនេះ គេហទំព័រ កញ្ញា នឹងចែករំលែកពីវិធីធ្វើបង្អែមពងមាន់នំអ៊ីទុកសម្រាប់ប្រិយមិត្តធ្វើទុកញុំាជុំគ្រួសារទាំងអស់គ្នា។ នៅខាងក្រោមជាវិធីធ្វើក៏ដូចជាគ្រឿងផ្សំរួមមាន៖
**ចំណាំ៖** សម្រាប់បង្អែមមួយប្រភេទនេះគឺមិនសូវចំណាយពេលយូរប៉ុន្មាននោះទេ តែវារាងយូរបន្តិចនៅពេលលុញនំអ៊ីឲ្យតូចៗប៉ុនគ្នាល្មម។ បើអ្នកមានសមាជិកគ្រួសារច្រើន អ្នកអាចលុញកាន់តែឆាប់លឿននិងរហ័ស។
គ្រឿងផ្សំ៖
ម្សៅដំណើប 500g
ទឹក 6 កែវ
ខ្ទិះដូង 300 មីលីលីត្រ
ស្ករស ១ កូនចានតូច
ពងមាន់ 10 គ្រាប់
អំបិល មួយចុងស្លាបព្រាកាហ្វេ
ម្សៅឆា 1ស្លាបព្រាបាយ (មិនដាក់ក៏បានតាមចំណូលចិត្ត)
ខ្ញី ៥ ជំនិត (ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត)
វិធីធ្វើ៖
រូបតំណាង
១. ដំបូង អ្នកត្រូវលាយម្សៅដំណើបជាមួយទឹកល្មម រួចហើយ លុញជារាងមូលៗតូច។ ក្រោយមក ត្រូវដាក់ស្ងោរនំអ៊ីឲ្យឆ្អិន។
២. បន្ទាប់មក ដាំទឹកឲ្យពុះ រួចដាក់ ខ្ញី៥ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
៣. បន្ទាប់មកទៀត គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បានឬ ចង់ គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នាក៏បាន។
៤. បន្ទាប់ពីនេះ យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម្សៅឆា ១ ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងកូនចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរអោយឡើងខាប់។
៥. ចុងក្រោយ ចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមកដាក់ នំអ៊ីចូល យកខ្ទិះដូងដាក់ដាំអោយពុះ ដាក់អំបិលបន្តិច ដាំឲ្យឆ្អិនបន្តិច ដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះ ពីលើជាការស្រេច។
ភ្លក្សបង្អែមឲ្យល្មមទៅតាមការចូលចិត្តរបស់ខ្លួនហើយ ត្រូវដួសដាក់កូនចានជូនសម្រាប់លោកអ្នកមានគុណមុនសិនដើម្បីបានពរជ័យពីឳពុកម្តាយ លោកយាយលោកតា ពូមីងរបស់អ្នក។ បន្ទាប់មកទៀត អ្នកអាចទទួលទាននៅផ្ទះយ៉ាងសប្បាយជួបជុំសមាជិកគ្រួសារប្រកបដោយសុភមង្គល៕
រូបភាព៖ រសជាតិ Tasteful
ចុចអានបន្ត៖
តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?