របស់ប្រើប្រាស់ទាំង៧ក្នុងផ្ទះផ្ទុកមេរោគច្រើន តែបែរជាមើលរំលងមិនព្រមសម្អាត
- 2020-03-24 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ប្រើប្រាស់ទាំង៧ក្នុងផ្ទះផ្ទុកមេរោគច្រើន តែបែរជាមើលរំលងមិនព្រមសម្អាត
ខាងក្រោមនេះគឺសុទ្ធតែជារបស់ប្រើប្រាស់ដែលយើងចាប់កាន់ជារៀងរាល់ថ្ងៃ តែមិនចាប់អារម្មណ៍ថាវាមានផ្ទុកបាក់តេរីច្រើនរាប់មិនអស់ហើយក៏មិនឧស្សាហ៍សម្អាតដូចគ្នា។
១. កុងតាក់ភ្លើង
នេះគឺជារបស់ដែលអ្នកប៉ះមុនពេលចូលផ្ទះ និងចុងក្រោយគេមុនពេលគេង ហើយវាក៏ជាបណ្ដុំនៃមេរោគផងដែរ។ ដើម្បីកុំឲ្យឆ្លងរោគគួរបាញ់ទឹកសម្អាតដាក់ក្រណាត់ហើយយកមកជូតជាប្រចាំដើម្បីបង្ការមេរោគឆ្លងដល់សមាជិកគ្រួសារ។
២. វាំងនន
វាំងននគឺជាជម្រកនៃធូលីជាច្រើន។ យើងអាចជូតផ្ទះរាល់ថ្ងៃតែមិនបានបោកវាំងនេះជាញឹកញាប់ឡើយ។ វាំងននមិនស្អាតអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នករស់នៅក្នុងគ្រួសារ។
៣. ធុងសម្រាម
ពួកយើងតែងតែច្រកស្បោងចូលធុងសម្រាមហើយយកសម្រាមទៅចោលតែម្ដង ដោយមិនសូវខ្វល់ពីការលាងសម្អាតធុងឡើយ។ ប្រការនេះធ្វើឲ្យធុងក្លាយជាកន្លែងដែលផ្ទុកមេរោគច្រើនបំផុត និងមានក្លិនស្អុយផ្អួលពិបាកទ្រាំ។ តាមការណែនាំ អ្នកគួរសម្អាតធុងសម្រាមរាល់ក្រោយការចោល។
៤. ម៉ាស៊ីនបោកខោអាវ
ការសង្កេតឃើញថា ម៉ាស៊ីនបោកខោអាវនៅផ្ទះនីមួយៗសុទ្ធតែឡើងពណ៌លឿងដោយសារតែយូរខែឆ្នាំ មិនសម្អាតចេញ។ រាល់បាក់តេរីនៅលើខោអាវដែលយើងបោកនោះ គឺងាយស្រួលក្នុងការតោងទាមម៉ាស៊ីននេះខ្លាំង។ ដូចនេះកុំរវល់តែបោកខោអាវ ហើយមិនសម្អាតម៉ាស៊ីនបោកខោអាវឲ្យសោះ។
៥. កែវដាក់ច្រាសដុះធ្មេញ
បរិដ្ឋានសើម និងហប់ក្នុងបន្ទប់ទឹកគឺជាកន្លែងដ៏ប្រពៃបំផុតសម្រាប់មេរោគធ្វើការរស់នៅ។ កែវដាក់ច្រាសដុះធ្មេញ បើមិនឧស្សាហ៍លាងសម្អាតទេ គឺងាយដុះស្លែជាទីបំផុត។
៦. តេឡេទូរទស្សន៍
ចន្លោះតូចៗលើតេឡេទូរទស្សន៍គឺជាកន្លែងផ្ទុកបាក់តេរី។ បើផ្ទះមានកូនតូចទៀត គឺអាចធ្វើឲ្យកូនយកដាក់ក្នុងមាត់ បណ្ដាលឲ្យឆ្លងរោគជាច្រើន។ វិធីសម្អាតគឺយកក្រដាសសើមមកជូតឲ្យសព្វទាំងអស់។
៧. ស៊ុមរូបថត
ស៊ុមរូបថត បើមើលពីចម្ងាយឃើញថាស្អាត តែបើសង្កេតឲ្យជិតគឺធូលីរោមឡើងជិត។ ដោយសារតែមានក្បាច់ច្រើន ដូចនេះពេលសម្អាត អ្នកអាចត្រូវការឧបករណ៍តូចៗមកជំនួយដូចជាសំឡីត្បល់ត្រចៀកជាដើម៕