ស្ត្រីវ័យកណ្ដាលអាចប្រឈមខ្ពស់នឹងបញ្ហាស្រុតស្បូន
- 2019-11-29 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីវ័យកណ្ដាលអាចប្រឈមខ្ពស់នឹងបញ្ហាស្រុតស្បូន
ចូលមកដល់វ័យកណ្ដាល ស្ត្រីមានការប្រឈមជាមួយជំងឺស្រុតស្បូនខ្លាំងជាងគេ បើធៀបនឹងជំងឺរោគស្រ្តីដទៃទៀត។
បើយោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត គាន់ អូន ឯកទេសរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ប្រមាណ ៣០% នៃស្ត្រីកម្ពុជា គឺមានជំងឺស្រុតស្បូននេះ ជាពិសេសស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។
១. ចំពោះមូលហេតុបណ្ដាលមកពី៖
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមាន
ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage)។
ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត (anomalie osseuse)។
ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក។
ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក។
មានជំងឺទល់លាមកញឹកញាប់។
ធ្វើការធ្ងន់ រឺលើករបស់របរធ្ងន់ៗ។
ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអ័រម៉ូន។
ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក។
២. រោគសញ្ញា៖
ជាទូទៅជំងឺនេះមានរោគសញ្ញាដូចជា
មានផលរំខានលើមុខងារបង្ហូរទឹកនោម។
អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច រឺលើករបស់ធ្ងន់ ។ល។
អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស។
អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក។
អ្នកជំងឺអាចជ្រាបលាមក រឺលេចផោម ដោយឯកឯង។
ឈឺនៅអាងត្រគាក
មានធ្លាក់ស
រលាកទ្វារមាស
ផលរំខានក្នុងការរួមភេទ
ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ។
៣. ការព្យាបាល៖
វិធីព្យាបាលនៃជំងឺនេះមាន ៣ ប្រភេទ:
ក. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអ័រម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
ខ. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។
គ. វិធីវះកាត់៖
ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ៕
រូបភាពផ្ដល់ដោយ៖Calmette Hospital
ចុចអាន៖រូបមន្តខ្មែរបុរាណសម្រាប់ដាំទឹកងូត ដើម្បីបំបាត់អាការចាញ់កូនខ្លាំង