តំបន់ទេសចរណ៍បែបធម្មជាតិមួយចំនួនមិនគួរមើលរំលងសម្រាប់ឱកាសបុណ្យភ្ជុំ
- 2019-09-23 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍បែបធម្មជាតិមួយចំនួនមិនគួរមើលរំលងសម្រាប់ឱកាសបុណ្យភ្ជុំ
តំបន់ទេសចរណ៍ធម្មជាតិទាំងនេះមានខ្លះមិនដល់១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងខ្លះមានចម្ងាយលើសពី១០០គីឡូម៉ែត្រ។ ក្នុងឱកាសបុណ្យភ្ជុំបើបានទៅលេងស្រុកអាចពិចារណាតំបន់ទាំងនេះបានក្រែងនៅជិតស្រុកកំណើតរបស់លោកអ្នក។
**សហគមន៍ត្រពាំងសង្កែ៖** សហគមន៍នេះមានចម្ងាយប្រហែលជាប្រាំពីរគីឡូម៉ែត្រពីទីរួមខេត្តកំពតតាមបណ្តោយផ្លូវជាតិលេខ៣៣។ ភូមិទេសចណ៍ត្រពាំងសង្កែមានកន្លែងស្នាក់នៅក្នុងតម្លៃអាចពី១០ដុល្លារឡើង។ ទៅលេងទីនោះភ្ញៀវអាចជិះទូកមើលទេសភាពព្រៃកោងកាង ដាំដើមកោងកាងក្នុងសហគមន៍ ស្ទូចត្រី និងពេលយប់អាចមើលអំពិលអំពែកបានផងដែរ។
Farmhouse Smiling Gecko៖ ជាកន្លែងលំហែមួយកន្លែង ដែលមានបឹងហ្គាឡូសម្រាប់សម្រាកកម្សាន្ត មានកសិដ្ឋានបន្លែធម្មជាតិ មានភ្នំ មានកន្លែងជិះឡូរី និងអាហារភេសជ្ជៈជាច្រើនប្រភេទ ដែលសក្ដិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។ Farmhouse Smiling Gecko មានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីភ្នំពេញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ហួសបន្ទាយលង្វែក និងត្រូវបត់ឆ្វេងចូលតាមផ្លូវសាលាស្រុកសាមគ្គីមានជ័យបន្តទៀត។
កន្លែងសម្រាកលំហែនេះមានទាំងម្ហូបខ្មែរ និងបរទេស គ្រាន់តែថាបើអ្នកទៅលេងចង់ទទួលទានម្ហូបខ្មែរដូចជាមាន់ដុត ត្រីបំពងជាដើម ត្រូវកក់ឬប្រាប់ម្ចាស់កន្លែងជាមុន។
អន្លង់ភ្ញៀវ៖ អន្លង់ភ្ញៀវជាតំបន់ទេសចរបែបធម្មជាតិកែច្នៃ មួយកន្លែងនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចម្ងាយប្រហែលជាជាង១០០គីឡូម៉ែត្រពីភ្នំពេញ។ អ្នកធ្វើដំណើរត្រូវបត់ស្ដាំពេលទៅដល់ផ្សារអង្គរតាសោម និងត្រូវបន្តដំណើរប្រហែលជា៤០គីឡូម៉ែត្រទៀតទើបដល់។
ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានកន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀត៕
ប្រភព៖ Sabay News