នាវ នារីបញ្ចពិសី ស្រ្តីកម្ពុជាដំបូងឆ្លងកាត់ភ្នំអាល់វែងជាងគេនៅតំបន់អឺរ៉ុបដោយម៉ូតូ
- 2019-07-23 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវ នារីបញ្ចពិសី ស្រ្តីកម្ពុជាដំបូងឆ្លងកាត់ភ្នំអាល់វែងជាងគេនៅតំបន់អឺរ៉ុបដោយម៉ូតូ
នាវ នារីបញ្ចពិសី ជានារីកម្ពុជាដំបូងគេធ្វើដំណើរឆ្លងកាត់ភ្នំអាល់ដោយម៉ូតូ ដែលជាជួលភ្នំទឹកកកវែងជាងគេបង្អស់នៅតំបន់អឺរ៉ុប ដោយចំណាយពេលជាង១អាទិត្យលើចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។ នេះជាមោទកភាពមួយ ដែលកម្រមានស្ត្រីរូបណាហ៊ានធ្វើដំណើរលក្ខណៈផ្សងព្រេងបែបនេះ ឆ្លងកាត់ជួលភ្នំវែងជាងគេក្នុងអាកាសធាតុត្រជាក់ស្ទើររឹងកកបែបនេះណាស់។
អ្វីកាន់តែអស្ចារ្យទៀតនោះ គឺម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គមឆ្នាំ២០១៦ រីករាយដែលបានប្រាប់ប្រជាជនរស់នៅតំបន់នោះពីប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត ដែលមនុស្សភាគតិចណាស់នៅទីនោះបានស្គាល់ ។
ប្រធានក្រុមហ៊ុនទេសចរណ៍ All Dream (Cambodia) Co. Ltdប្រាប់ថា ក្នុងដំណើរឆ្លងកាត់ភ្នំវែងជាងគេនៅអឺរ៉ុបនេះ ក៏មានស្វាមីអ្នកស្រីចូលរួមដែរ ដោយគាត់ជាអ្នកបើកម៉ូតូប្រភេទ BMW ហើយអ្នកស្រីជិះពីក្រោយ ព្រមទាំងសមាជិកក្រុមម៉ូតូ BMW ច្រើនរូបទៀត ចូលរួមដំណើរដ៏អស្ចារ្យនេះ កាលពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃ ៧ ខែកក្កដា ឆ្នាំ២០១៩។
ផ្ដើមចេញពីប្រទេសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសអូទ្រីស ប្រទេសស្វីស និងប្រទេសអ៊ីតាលី ហើយជិះម៉ូតូមួយថ្ងៃជាង១០ម៉ោង អ្នកស្រីនិយាយថា ទទួលបានបទពិសោធន៍ច្រើនលើសលុប ដោយសារស្ថានភាពផ្លូវកោង មានឧបសគ្គខ្លះៗ ។ ប៉ុន្តែមិនមែនជាបញ្ហាចោទនោះឡើយ ព្រោះអតីតនិស្សិតជំនាញផ្នែកគ្រប់គ្រងធ្លាប់ជិះម៉ូតូលក្ខណៈផ្សងព្រេងបែបនេះនៅប្រទេសវៀតណាម និងថៃរួចមកហើយ។ លើសពីនេះ ជាចំណង់ចំណូលចិត្តរបស់អ្នកកើតនៅទីក្រុងភ្នំពេញនេះស្រាប់តែម្ដង ដែលចូលចិត្តដំណើរកម្សាន្តគ្រប់ប្រភេទ។
សម្រាប់អ្នកស្រី អ្វីដែលពេញចិត្តបំផុតពីដំណើរនេះ គឺបានបង្ហាញជនបរទេសពីប្រទេសកម្ពុជា ព្រោះនៅទីនោះកម្រមានជនជាតិអាស៊ីទៅលេងណាស់។ ម្យ៉ាងទៀត មានគេសួរអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះថា តើអ្នកស្រីជាជនជាតិអ្វី មកពីណា? ថៃ ឬវៀតណាម? ពាក់ព័ន្ធនឹងរឿងនេះ អ្នកស្រី បញ្ចពិសីមិនស្ទាក់ស្ទើរនឹងប្រាប់ថា ជាជនជាតិខ្មែរ មកពីប្រទេសកម្ពុជានោះទេ ហើយអ្នកស្រីក៏បានណែនាំឲ្យជនបរទេសទាំងនោះមកលេងប្រាសាទអង្គរវត្តទៀតផង។
នេះពិតជាមោទកភាពណាស់ សម្រាប់នារីកម្ពុជាដំបូងបានធ្វើដំណើរឆ្លងកាត់ភ្នំអាល់វែងជាងគេនៅអឺរ៉ុបដោយម៉ូតូយ៉ាងជឿជាក់ ព្រមទាំងបានបង្ហាញដល់ពិភពលោកពីប្រទេសកម្ពុជាថែមទៀត៕
ចុចអាន៖ ២ចំណុចសំខាន់ត្រូវដឹង មុននឹងសម្រេចចិត្តជ្រើសការងារណាមួយ