វិធីងាយៗការពារមិនឲ្យឈឺក្បាល នៅពេលអាកាសធាតុប្រែប្រួលមិនទៀងទាត់

  • 2019-07-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកដឹងថាខ្លួនឯងឧស្សាហ៍ឈឺក្បាលពេលដែលមេឃក្តៅ កុំភ័យវាមិនមែនមានតែអ្នកម្នាក់ទេ។ កត្តាអាកាសធាតុដូចជាសំណើម​​ សម្ពាធខ្យល់ ខ្យល់ និងសីតុណ្ហភាព គឺជាមូលហេតុដែលបង្កឲ្យឈឺក្បាល។អ្នកមិនអាចផ្លាស់ប្តូរអាកាសធាតុបានទេ ប៉ុន្តែមានវិធីដែលអាចឲ្យអ្នកការពារមិនឲ្យឈឺក្បាលបាន។

ចាំមើលតាមដានការព្យាករណ៍អាកាសធាតុ

នៅពេលដែលអ្នកដឹងអំពីមូលហេតុដែលនាំឲ្យឈឺក្បាល អ្នកអាចការពារវាបាន ឬព្យាបាលនៅពេល ដែលអ្នកឈឺ។ តាមដានការព្យាករណ៍អាកាសធាតុនៅលើទូរស័ព្ទដៃ ហើយប្រយ័ត្នចំពោះអាកាសធាតុក្តៅ។ ថ្មីៗនេះអាកាសធាតុនៅប្រទេសកម្ពុជាយើងបានផ្លាស់ប្តូរយ៉ាងរហ័សពីក្តៅ ហើយស្ងួត ទៅជាភ្លៀងភ្លាមៗ ក្នុងថ្ងៃតែមួយ ដូច្នេះហើយអ្នកគួរតែជៀសវាងនៅក្រៅក្រោមកម្តៅថ្ងៃក្តៅ។

គ្រប់គ្រងកម្តៅ និងរក្សាភាពត្រជាក់

ជាក់ស្តែងណាស់យើងមិនអាចជៀសវាងពីការចេញទៅក្រៅក្រោមកម្តៅថ្ងៃនោះទេ ប៉ុន្តែអ្នកអាចការពារ កម្តៅរាងកាយរបស់អ្នកកុំឲ្យកើនឡើងបានដោយពាក់មួក​ការពារក្បាល និងមុខមិនឲ្យត្រូវកម្តៅចំពេក។ ជៀសវាងពាក់ឈុតពណ័ខ្មៅដោយសារវាឆាប់ស្រូបកម្តៅ និងត្រូវនៅក្រោមម្លប់ពេលអ្នកចាប់ផ្តើមបែក ញើសខ្លាំង។

កុំមើលចំពន្លឺព្រះអាទិត្យ ឬពន្លឺដែលចាំងខ្លាំង

ប្រសិនបើអ្នកធ្វើការខាងក្រៅ ឬត្រូវចេញក្រៅ ត្រូវពាក់វ៉ែនតាការពារកម្តៅថ្ងៃ​​ ដើម្បីការពារពីពន្លឺថ្ងៃកុំឲ្យ ចាំងចំភ្នែក។ នៅពេលដែលពន្លឺភ្លឺខ្លាំង និងពន្លឺព្រះអាទិត្យចាំង​ចំហើយផ្លិតផ្លេត វាអាចធ្វើឲ្យសារធាតុ គីមីខ្លះនៅក្នុងខួរក្បាលកើនឡើង​ ដែលបណ្តាលឲ្យអ្នកឈឺក្បាល។

សារធាតុទឹកគឺចាំបាច់

បើទោះជាអាកាសធាតុក្តៅឬត្រជាក់ ការរក្សាជាតិទឹកក្នុងរាងកាយតែងតែល្អក្នុងការការពាររាងកាយ អ្នក។ កំឡុងពេលមេឃក្តៅត្រូវផឹកទឹកឲ្យបានច្រើន ជាពិសេសពេលបែកញើស។ វានឹងរក្សារាងកាយអ្នកឲ្យ ត្រជាក់ និងការពារមិនឲ្យខ្វះជាតិទឹក។ ការឈឺក្បាលក៏បណ្តាលមកពីការបាត់បង់ជាតិទឹក និងអេឡិចត្រូលីតក្នុងរាងកាយផងដែរ។ បើអ្នកឧស្សាហ៍ឈឺក្បាល ត្រូវដាក់ថ្នាំបំបាត់ការឈឺចាប់ដូចជា ប៉ារ៉ាសេតាមុលតាមខ្លួនជានិច្ច ឬព្យាយាម ដកដង្ហើមឲ្យបានវែង ប្រសិនបើអ្នកចាប់ផ្តើមស្រ្តេស។ បើអ្នកមានអាការៈឈឺក្បាលប្រកាំង ឬបញ្ហាផ្សេងៗ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។

តើអ្នកបានរៀនអ្វីថ្មីនៅថ្ងៃនេះទេ? ហើយតើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀតទេ? សូមចុច Like និងតាមដានទំព័រហ្វេសប៊ុករបស់យើង នៅទីនេះ

ចុចអានបន្ត៖ ដើម្បីសុវត្ថិភាព មនុស្សឆ្លាតតែងត្រៀមប្រអប់សង្ក្រោះបឋមទាំងនៅក្នុងផ្ទះ និងពេលធ្វើដំណើរ

អត្ថបទ៖ ដេត ឈុនអ៉ី