មក​ដឹង​ត្រួស​ៗ​ពី​ប្រទេស​ម៉ាឡេស៊ី សម្រាប់​អ្នក​មាន​គម្រោង​ទៅ​ដើរ​លេង​ថ្ងៃ​ក្រោយ

  • 2019-04-24 07:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​ម៉ាឡេស៊ី​ជា​រាជាណាចក្រ​សហព័ន្ធ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយ​នៅ​អាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ី​មាន​ផ្ទៃ​ដី​សរុប ៣២៩ ៨៤៧ គ.ម២។ ម៉ាឡេស៊ី​មាន​រដ្ឋ ១៣ និង​ដែនដី​សហព័ន្ធ​៣។ ភូមិ​សាស្ត្រ​ម៉ាឡេស៊ី​បែង​ចែក​ជា​២​តំបន់​គឺ ​ឧប​ទ្វីប​ម៉ាឡេស៊ី​ (ឬ​ម៉ាឡេស៊ី​ខាង​លិច) និង​ម៉ាឡេស៊ី​បរ​នេ​អូ (ឬ​ម៉ាឡេស៊ី​ខាង​កើត) ដែល​តំបន់​ទាំង​២​នេះ​ត្រូវ​ខណ្ឌ​ចែក​ដោយ​សមុទ្រ​ចិន​ខាង​ត្បូង។

ម៉ាឡេស៊ី​មាន​ព្រំ​ដែន​គោក​ជាប់​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ ហើយ​ជាប់​ព្រំដែន​ទឹក​ជាមួយ​សិង្ហបុរី វៀតណាម និង​ហ្វីលីពីន។ ដោយសារ​ម៉ាឡេស៊ី​ស្ថិត​នៅ​ក្បែរ​ខ្សែ​អេក្វាទ័រ ប្រទេស​នេះ​មាន​អាកាសធាតុ​ត្រូពិច​ដូច​កម្ពុជា​ដែរ។ រដ្ឋធានី​គឺ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ចំណែក​ទី​ក្រុង​រដ្ឋបាល​(កន្លែង​ការិយាល័យ​រដ្ឋាភិបាល​តាំង​នៅ)​គឺ​នៅ​ពុត្រាចាយ៉ា ដែល​មាន​ចម្ងាយ​ប្រហែល​២៥​គ.ម​ពី​កូឡាឡាំពួរ។

ទិដ្ឋភាពក្រុងពុត្រាចាយ៉ាថតពីសណ្ឋាគារ Le Meridien Putrajaya

គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ ម៉ាឡេ​មាន​ប្រជាជន​ជាង​៣២​លាន​នាក់​ ដែល​ភាគច្រើន​នៃ​ប្រជាជន​ម៉ាឡេស៊ី​ជា​ជន​ជាតិ​ម៉ាឡេ។ ក្រៅ​ពី​នេះ​មាន​ជន​ជាតិ​ចិន និង​ឥណ្ឌា។ សាសនា​ឥស្លាម​ជា​សាសនា​ធំ​ជាង​គេ​នៅ​ម៉ាឡេស៊ី និង​ជា​សាសនា​របស់​រដ្ឋ។ ភាសា​ប្រើ​ប្រាស់​ផ្លូវ​ការ​គឺ​ភាសា​ម៉ាឡេ។

ក្លោងទ្វារមកុដនៅមុខរាជវាំងស៊ុលតង់ Johor

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ ប្រទេស​នេះ​ធ្លាប់​ត្រូវ​បាន​ពួក​ប៉ទុយហ្គាល់​ដាក់​អាណា​និគម​មុន​គេ​នៅ​ឆ្នាំ​១៥១១ ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​ដាក់​អាណានិគម​ដោយ​ពួក​ហូឡង់​នៅ​ឆ្នាំ​១៦៤១ បន្ទាប់​មក​ក៏​មាន​ចក្រភព​អង់គ្លេស​ និង​ឯកសារ​ខ្លះ​ក៏​ថា​មាន​ជប៉ុន​ចូល​មក​លុក​លុយ​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ដែរ។

និយាយ​ពី​សេដ្ឋកិច្ច ប្រទេស​នេះ​មាន​វត្ថុធាតុ​ដើម​៣​សំខាន់ៗ​​គឺ ប្រេង​ដូង កៅស៊ូ និង​សំណ​ប៉ាហាំង​ដែល​អាច​នាំ​ឱ្យ​ខ្លួន​​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​ពាក់​កណ្ដាល​ស.ត​ទី​២០។ ហេតុ​នេះ​ហើយ ពេល​ជិះ​លើ​យន្តហោះ ឬ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ជា​ពិសេស​​តាម​ផ្លូវ​ចេញ​ពិ​ក្រុង អ្នក​នឹង​បាន​ឃើញ​ដើម​ដូង​ប្រេង និង​កៅស៊ូ​ដាំ​ត្រៀបត្រា​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ប្រទេស​តែ​ម្ដង។ មួយ​ទៀត ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​ច្រក​ម៉ាឡាកា​ក៏​ជា​ផ្នែក​សំខាន់​នៃ​សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​ដែរ។

ប្រទេស​ម៉ា​ឡេ​មាន​អាកាសយានដ្ឋាន​ច្រើន​តាម​រដ្ឋ​នីមួយៗ និយាយ​ទៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​តែ​ម្ដង។ ប៉ុន្តែ​អាកាសយានដ្ឋាន​ដែល​មមាញឹក​ជាង​គេ​ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ​ដែល​ជា​ចំណត​ និង​​កន្លែង​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ទាំង​ជាតិ​និង​អន្តរជាតិ​។

អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ

តាម​របាយ​ការណ៍​ត្រួសៗ អាកាសយានដ្ឋាន​មួយ​នេះ​មាន​អ្នក​ដំណើរ​ដែល​ហោះ​ឆ្លង​កាត់​ប្រមាណ​ជាង​៥៨​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ​ចាត់​ទុក​ថា​ច្រើន​ និង​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​មួយ​នេះ​ជាប់​ចំណាត់​ថ្នាក់​ជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន​អាកាសចរណ៍ Air Asia របស់​ម៉ាឡេស៊ី​ បម្រើ​​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​តម្លៃ​ថោក​ជាង​គេ​ក្នុង​តំបន់។ អូ​និយាយ​ពី​ រូបិយប័ណ្ណ ម៉ាឡេស៊ី​ប្រើ​​រីងហ្គីត​ជា​រូបិយប័ណ្ណ​ជាតិ។ ចំណែកល្វែងម៉ោង ម៉ាឡេស៊ីដើរលឿនជាងកម្ពុជាយើង១ម៉ោង ឯកូដ​ទូរស័ព្ទ​គឺ​ +៦០៕

ចុចអាន៖ ម៉ាឡេស៊ី​អញ្ជើញ​អ្នក​សារព័ត៌មាន​ និង Blogger ពី​១០​ប្រទេស​ទៅ​​​ភ្លក់អាហារប្រចាំតំបន់ច្រើនកន្លែង

ចង់​ដឹង​​លម្អិត​បន្ថែម សូម​តាមដាន​វីដេអូ​ខាង​ក្រោម៖ ​​​

អត្ថបទ៖ សរ សុគន្ធី