​មនុស្ស​ចូលចិត្ត​នៅ​ម្នាក់​ឯង​ មិន​មែន​ពួក​គេ​ចង់​ទេ តែ​មក​ពី​គ្មាន​មនុស្ស​ដែល​អាច​យល់​ពី​គេ

  • 2019-01-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​​តែងតែ​ព្យាយាម​លាក់របួស​ និង​ភាព​សោកសៅរបស់​ខ្ញុំ​ដោយប្រឈមមុខ​នឹងសុភមង្គល​ដែល​ខ្ញុំ​ប្រឹង​ធ្វើ​ពុត ប៉ុន្តែវា​ពិបាកណាស់​សម្រាប់ខ្ញុំ​ដែល​ប្រឹង​ជម្នះ​នូវ​រឿង​ទាំង​នេះ។ ខ្ញុំ​ចង់ឱ្យមាននរណាម្នាក់​ជួយ​​សម្រាល​ការឈឺចាប់​របស់ខ្ញុំ​ ប៉ុន្តែ​គ្មាន​នរណាម្នាក់​យល់​ពី​ខ្ញុំ​ហើយ​អាច នៅ​ក្បែរ​ខ្ញុំ​បាន​ឡើយ។

ក្រៅ​ពី​ខ្លួន​ឯង​ គ្មាន​អ្នក​ណា​អាច​ដឹង អាច​យល់​ឡើយ ពួក​គេ​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​គិត​ច្រើន ចូលចិត្ត​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​អាប់អួ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ត្រឹម​តែ​និយាយ​ថា​ «កុំគិតច្រើន» រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ។

ត្រូវ​ហើយ​គ្មាន​នរណា​ចង់​ស្ដាប់​រឿងទុក្ខ​សោក​របស់​អ្នក​ផ្សេង​ទេ ព្រោះ​អាច​ឲ្យ​គេ​ខូច​អារម្មណ៍​ និង​ពិបាក​ចិត្ត​តាម​យើង។ បែប​នេះ​ហើយ​ទើប​ខ្ញុំ​ចូលចិត្ត​នៅ​ម្នាក់​ឯង លួង​ខ្លួន​ឯង មិន​ចង់​និយាយ មិន​ចង់​ទៅ​រំខាន​អ្នក​ណា​ឡើយ។ ខ្ញុំ​ចូលចិត្ត​នៅ​ដាច់​ឆ្ងាយ​ពី​គេ ព្រោះ​ខ្ញុំ​គិត​ថា​វត្តមាន​ខ្ញុំ​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​មិន​សប្បាយ​ចិត្ត​តាម​ខ្ញុំ។

ការ​ពិត​ខ្ញុំ​ឯកា​ណាស់ ខ្ញុំ​មិន​ចូលចិត្ត​អារម្មណ៍​ឯកា​នោះ​ទេ តែ​ខ្ញុំ​បែរ​ជា​ចង់​នៅ​ស្ងាត់​តែ​ឯង ព្រោះ​ទោះ​មាន​គ្នា​ក៏​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ដាច់​តែ​ឯង។ ខ្ញុំ​ចង់​មាន​អ្នក​អាច​ស្ដាប់​ខ្ញុំ​ថា​ខ្ញុំ​ពេល​នេះ​មាន​រឿង​លំបាក​ចិត្ត​បែប​ណា ខ្ញុំ​ចង់​មាន​អ្នក​ដែល​អាច​ឲ្យ​ស្មា​ខ្ញុំ​ផ្អែក ហើយ​អង្អែល​ក្បាល​ខ្ញុំ​ថ្នម​ៗ ហើយ​និយាយ​ពាក្យ​ពីរោះៗ​ជាមួយ​ខ្ញុំ ហើយ​អាច​នៅ​ក្បែរ​ខ្ញុំ​ពេល​ខ្ញុំ​ដុនដាប​បំផុត។

ប្រហែល​ជា​ពិបាក​នឹង​រក​មនុស្ស​បែប​នេះ​ហើយ ទើប​បាន​ជា​ខ្ញុំ​ចូលចិត្ត​នៅ​ម្នាក់​ឯង នៅ​ស្ងាត់ស្ងៀម ព្រោះ​ល្អ​ជាង​នៅ​ជាមួយ​មនុស្ស​ដែល​ចូលចិត្ត​ឡកឡឺយ​ឲ្យ​ខ្ញុំ ថា​ខ្ញុំ​បែប​នេះ ថា​ខ្ញុំ​បែប​នោះ ទាំង​មិន​បាន​យល់​អី​សោះ​ពី​ខ្ញុំ។

មនុស្ស​គ្រប់​គ្នា​គ្មាន​នរណា​ម្នាក់​ចូលចិត្ត​នៅ​ម្នាក់​ឯង ដាច់​ពី​គេ​ពី​ឯង​ទេ តែ​មក​ពី​មនុស្ស​ដែល​គេ​នៅ​ជាមួយ​សុទ្ធ​តែ​ជាមនុស្ស​មិន​សម​ឲ្យ​គេ​ចង់​នៅ​ក្បែរ ដូច្នេះ​ទើប​បាន​ជា​មាន​មនុស្ស​ជ្រើស​រើស​នៅ​ម្នាក់​ឯង​ដោយ​ស្ងប់ស្ងាត់៕

ចុចអាន៖រៀន​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ ពេល​ជួប​ឧបសគ្គក្នុង​ជីវិតតាម​គន្លឹះសាមញ្ញៗ

អត្ថបទ៖ ផេង ផលធិតា