ចៀ វៃ កើប​លុយ​រាប់​ម៉ឺន​ដុល្លារ ក្រោយ​ត្រូវ​គេ​ចោទ​ថា​រៀបការ​គ្មាន​ចុះ​ឈ្មោះ

  • 2019-01-09 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Ruby Lin និង Wallace Hou ត្រូវ​បាន​គេ​សង​ជំងឺ​ចិត្ត​ជិត​៣​ម៉ឺន​ដុល្លារ ក្រោយ​ពេល​ត្រូវ​អ្នក​កាសែត​ម្នាក់​ចោទ​ថា រៀបការ​ទាំង​គ្មាន​ចុះ​ឈ្មោះ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​តំណាង​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Ruby Lin បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ពី​លទ្ធផល​នៃ​ការ​ប្ដឹងផ្ដល់​ករណី តារា​ស្រី​រូប​នេះ​ត្រូវ​គេ​រៀបការ​ទាំង​គ្មាន​ចុះ​ឈ្មោះ។

លទ្ធផល​ចុង​ក្រោយ​គឺ​តួ​រឿង "ព្រះនាងយេយេ" ជា​អ្នក​ឈ្នះ ដោយ​អ្នក​កាសែត Dong Tao Tong ត្រូវ​សូមទោស​ប្ដី​ប្រពន្ធ​នាង​ជា​សាធារណៈ ហើយ​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​២៩០០០​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍​គេ។ តំណាង​ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​ខាង​លើ​ត្រូវ​សូមទោស ចៀ វៃ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​ពេល​តុលាការ​កាត់​ក្ដី និង​បង់​លុយ​ពិន័យ​តាម​ការ​ចែង។

គួរ​រំលឹក​ឡើង​វិញ​ថា កាល​ពី​ចុង​ឆ្នាំ​២០១៧ Dong Tao Tongបាន​ចុះ​ផ្សាយ​ថា ទោះ​បី​ជា​ទទួល​យក​កូន​ក៏​ដោយ តែ Wallace Hou មិន​បាន​ពេញ​ចិត្ត​នឹង Ruby Lin ឡើយ ព្រោះ​លោក​ត្រូវ​ជាប់​អន្ទាក់​គេ ហេតុ​នេះ​ហើយ ទើប​មិន​ព្រម​ចុះ​ឈ្មោះ​រៀបការ ហើយ​ការ​ទាំង​ប្រថុចញ៉ុច។ ក្រោយ​ពេល​ព័ត៌មាន​នេះ​ចុះ​ផ្សាយ ភាគី​ខាង Ruby Lin បាន​ដាក់​ពាក្យ​បណ្ដឹង ហើយ​ទី​បំផុត​នាង​ជា​អ្នក​ឈ្នះ​បណ្ដឹង​នេះ៕

ចុចអានបន្ត៖ វែក​មុខ​​តារា​កូរ៉េ​​ស្រី​​​​​​​​​​​​​កើត​​ឆ្នាំ​​​​កុរ​៥​​រូប​ ដែល​​​​មាន​សមត្ថភាព​​​​និង​​​លេច​​ធ្លោ​ជាង​គេ​​​​​ក្នុង​​​​ប្រទេស

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម