លោក​ជំទាវ ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី ប្រតិកម្ម​ធ្ងន់​ៗ​ករណី ទេព បូ​ព្រឹក្ស រង​ការ​ប្រមាថ

  • 2018-12-26 04:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក ជំទាវ ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​ប្រតិកម្ម​ធ្ងន់​ៗ និង​លើក​ទឹក​ចិត្ត​ឲ្យ​តារា​ចម្រៀង ទេព បូ​ព្រឹក្ស ប្ដឹង​ទៅ​លើ​ជន​សង្ស័យ​រក​យុត្តិធម៌​ឲ្យ​បាន ក្នុង​នោះ​ក៏​អាច​ប្ដឹង​បន្ត​មក​ក្រសួង​កិច្ចការ​នារី​ផង លើ​ករណី​ដែល​នាង​រង​ការ​ប្រមាថ​កាល​ពី​យប់​មិញ ដោយ​ត្រូវ​បុរស​ម្នាក់​គប់​នឹង​កំប៉ុង​ស្រាបៀ ពេល​នាង​កំពុង​ច្រៀង​លើ​ឆាក។

លោក ជំទាវ ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី

លោក ជំទាវ បាន​អះអាង​ថា ទង្វើ​ដែល​មាន​ក្នុង​ហេតុការណ៍​ពី​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​របស់​ស្ត្រី​ទាំង​មូល។ ដូច្នេះ​ហើយ លោក​ជំទាវ ញ៉ែម មរកត បាន​​ស្នើ​ឲ្យ​បិទ​ហាង​ខាង​លើ និង​បន្ត​រក​យុត្តិធម៌​ដល់​តារា​ចម្រៀង​រង​គ្រោះ។

"បិទ​ហាង​នេះ ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​ជន​សម​គំនិត ទាមទារ​ជំងឺ​ចិត្ត សូម​មេត្តា​កុំ​យោគយល់ ហើយ​ក៏​អាច​ប្ដឹង​មក​ក្រសួង​កិច្ចការ​នារី​បន្ថែម​ក៏​បាន​ដែរ។ នៅ​ក្រសួង​កិច្ចការ​នារី​មាន​គណៈកម្មាធិការ​លើក​កម្ពស់​សីលធម៌​សង្គម និង​តម្លៃ​ស្ត្រី​ខ្មែរ ដែល​សមាសភាព​មាន​ថ្នាក់​ដឹកនាំ​ស្ត្រី​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន ក្នុង​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​កិត្តិយស"។ លោក ជំទាវ ញ៉ែម មរកត បាន​លើក​ឡើង នៅ​ក្នុង​គ្រុប​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត។

ទេព បូ​ព្រឹក្ស បាន​រង​ការ​ប្រមាថ​មួយ​កាល​ពី​យប់​មិញ ដោយ​ត្រូវ​បុរស​ម្នាក់ គប់​នឹង​កំប៉ុង​ស្រាបៀ​នៅ​ចំពោះ​មុខ​​ភ្ញៀវ​ជា​ច្រើន​ក្នុង​ហាង "សមុទ្រ" ខណៈ​ពេល​នាង​កំពុង​ច្រៀង​លើ​ឆាក ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។ ភ្លាម​ៗ បូព្រឹក្ស បាន​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយ​បាន Live វីដេអូ​យំ​សស្រាក់ សុំ​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​រក​យុតិ្តធម៌ និង​លុបលាង​ការ​អាម៉ាស់​របស់​នាង​វិញ។

យ៉ាង​ណា មក​ដល់​ព្រឹក​ថ្ងៃ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ភាគី​បុរស​បង្ក​ហេតុ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​កូន​ប្រុស​របស់​ម្ចាស់​ហាង។ យ៉ាង​នេះ​ក្ដី ភាគី​ខាង ទេព បូព្រឹក្ស អះអាង​ថា នឹង​មិន​បញ្ចប់​ករណី​នេះ​ឡើយ ប្រសិន​បើ​ភាគី​ម្ខាង​ទៀត មិន​ចេញ​មុខ​មក​សុំ​ទោស​នាង​ជា​សាធារណៈ ឬ​ក៏​កាយ​វិការ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​យក​បាន​ទេ​នោះ។ លោក ងួន ច័ន្ទដេវីត គូ​ស្នេហ៍​របស់ បូព្រឹក្ស ក៏​បាន​បញ្ជាក់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​ជាមួយ TVFB ដែរ​ថា លោក​នឹង​ប្រើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដោយ​ខាន​ពុំ​បាន ប្រសិន​បើ​ភាគី​បង្ក មិន​ព្រម​ទទួល​ខុស​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

ជុំ​វិញ​ករណី​នេះ​ដដែល លោក ហេង ឡុង ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រ បាន​អះអាង​ថា នឹង​មិន​ឱប​ដៃ​ឈរ​មើល​ករណី​នេះ​ឡើយ។ លោក​បញ្ជាក់​ថា សមាគម នឹង​ផ្ដល់​មេធាវី​ជំនួយ​ផ្លូវ​ច្បាប់ ដល់​ភាគី​តារា​ចម្រៀង​ដែល​រង​ការ​ប្រមាថ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បាន៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម