ស្នេហា៖ បើ​ស្រឡាញ់​គ្នា​គ្រប់​គ្រាន់​គួរ​តែ​រក្សា តែ​បើ​គិត​ថា​ឈឺចាប់​ដោះលែង​វា​ទៅ

  • 2018-10-07 23:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​មាន​អារម្មណ៍​ថា​ហត់​នឹង​ទំនាក់ទំនង​ស្នេហា​ដែល​ខ្លួន​មាន​ទេ? ធ្លាប់​មាន​អារម្មណ៍​ថា​មាន​ស្នេហា​ក៏​ដូច​អត់​មាន​ទេ? ពេល​ខ្លះ​ក៏​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​បន្តិច​តែ​បន្ទាប់​មក​គ្រប់យ៉ាង​ស្ងប់ស្ងាត់​សឹង​តែ​ដូច​ជា​អ្នក​ដទៃ​ទៅ​ហើយ។

រូបតំណាង

ខ្ញុំ​ពេល​ខ្លះ​ពិត​ជា​មិន​យល់​មែន​ថា​ពេល​នេះ​ស្នេហា​ខ្ញុំ​គឺ​ជា​អ្វី​ឲ្យ​ប្រាកដ ព្រោះ​គ្រប់​យ៉ាង​ហាត់​ដូច​ជា​មិន​ទៀង មិន​ច្បាស់​លាស់​ទាល់​តែ​សោះ។

ខ្ញុំ​សួរ​ខ្លួន​​ឯង​ជា​ច្រើន​ដង​ថា​ «ការ​ស្រឡាញ់​របស់​ខ្ញុំ​ពេល​នេះ​គ្រប់​គ្រាន់​ទេ?» «តើ​រាល់​ថ្ងៃ​ខ្ញុំ​សប្បាយ​ចិត្ត ឬ​កើត​ទុក្ខ​ជាង?» «មនុស្ស​ប្រុស​ម្នាក់​នោះ​ល្អ​នឹង​ខ្ញុំ​​ទេ?»

សំណួរ​ជា​ច្រើន​រត់​កាត់​ខួរ​ក្បាល​ខ្ញុំ ហើយ​វា​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​ខ្ញុំ​គួរ​បន្ត ឬ​បោះបង់​ចោល​ត្រឹម​នេះ។

ស្រឡាញ់​គ្នា​ជាង​២​ឆ្នាំ ពេល​វេលា​ប៉ុណ្ណឹង​មិន​យូរ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ស្នេហា​មិន​មែន​ងាយ​ស្រួល​ដូច​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង​នោះ​ទេ។ ភាព​រកាំរកូស ខ្វែង​គំនិត​គ្នា មិន​ត្រូវ​គ្នា បាន​កើត​មាន​ជា​ហែហូរ រហូត​ធ្វើ​ឲ្យ​ម្នាក់​ៗ​ធុញ​ទ្រាន់​នឹង​ទំនាក់​ទំនង​នេះ។

ចុង​ក្រោយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ស្នេហា​នេះ ហេតុ​ផល​គឺ​ថា ខ្ញុំ​មិន​ចង់​អង្គុយ​យំ​ អង្គុយ​ Sad សឹង​តែ​រាល់​យប់​នោះ​ទេ។ ភាព​មិន​ចុះ​សម្រុង​គ្នា គឺ​មិន​អាច​ឲ្យ​ស្នេហា​ដើរ​ទៅ​មុខ​ល្អ​នោះ​ទេ ព្រោះ​ទោះ​ពេល​ខ្លះ​ព្យាយាម​យល់​គ្នា ព្យាយាម​សម្របសម្រួល​គ្នា​យ៉ាង​ណា​ក៏​វា​នៅ​តែ​កើត​ឡើង។

មិន​មែន​ខ្ញុំ​មិន​ស្រឡាញ់​គាត់ ឬ​គាត់​មិន​ស្រឡាញ់​ខ្ញុំ​នោះ​ទេ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​គឺ​ភាព​ផ្លាស់ប្ដូរ​រវាង​យើង​ទាំង​ពីរ។ គាត់​ប្រែ​ជា​មនុស្ស​មិន​សូវ​ខ្វល់ ខណៈ​ខ្ញុំ​ប្រែ​ទៅ​ជា​មនុស្ស​ស្រី​ដែល​គិត​ច្រើន។ គាត់​ប្រែ​ទៅ​ជា​មនុស្ស​ប្រុស​ដែល​រវល់​ខ្លាំង​ជាង​មុន ខណៈ​ខ្ញុំ​តែង​តែ​ឆ្លៀត​ពេល​សម្រាប់​គាត់​ជានិច្ច។ ខ្ញុំ​ប្រែ​ទៅ​ជា​ស្ងាត់ ខណៈ​គាត់​ក៏​កាន់​តែ​ស្ងាត់ ហើយ​ចុង​ក្រោយ​មាន​តែ​ការ​ចែក​ផ្លូវ​គ្នា​ប៉ុណ្ណោះ។

រូបតំណាង

អង្គុយ​គិត​មើល​ឡើង​វិញ​ថា​ស្នេហា​អ្នក​ពេល​នេះ​យ៉ាង​ម៉េច​ហើយ? បើ​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​គ្រប់គ្រាន់​អ្នក​គួរ​តែ​ថែរក្សា​វា តែ​បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត ដោះលែង​វា​ទៅ៕

ចុចអាន៖អារម្មណ៍​មនុស្ស​ស្រី​នៅ​ពេល​ជួប​មនុស្ស​សុទ្ធ​តែ​មិន​ច្បាស់លាស់ ម្ដង​ហើយ​ម្ដង​ទៀត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម