មូលហេតុសិស្សឆ្នើមលេខមួយទូទាំងប្រទេស នៅតែត្រូវបង់ថ្លៃសិក្សា
- 2018-09-17 04:16:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុសិស្សឆ្នើមលេខមួយទូទាំងប្រទេស នៅតែត្រូវបង់ថ្លៃសិក្សា
ប្អូនស្រី ថន រតនា មកពីវិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ដែលទើបតែក្លាយជាសិស្សឆ្នើមលេខ១ ទទួលបានពិន្ទុ ច្រើនជាងគេទូទាំងប្រទេស បន្ទាប់ពីក្រសួងប្រកាសលទ្ធផលសារជាថ្មី។ បន្ទាប់ពីបានឮដំណឹងនេះ រតនា មានការរំភើបយ៉ាងខ្លាំង ព្រោះលទ្ធផលគឺលើសពីការរំពឹងទុករបស់នាងទៅទៀត។ កូនស្រីអ្នករត់ម៉ូតូឌុបរូបនេះ បានប្រាប់មកកាន់វិបសាយកញ្ញាថា "ភាគច្រើននៅក្នុងថ្នាក់ ខ្ញុំតែងទទួលបានលេខ១សឹងរាល់ខែ ប៉ុន្តែពេលប្រឡងខ្ញុំគិតថាទទួលបាននិទ្ទេសAធម្មតា មិននឹកស្មានខ្លួនឯងអាចបានលើសគេទូទាំងប្រទេសបែបនេះសោះ។”
ចំណែកឪពុករបស់ប្អូនស្រីវិញ រៀនបានត្រឹមថ្នាក់ទី៧ ហើយម្តាយដែលជាស្រ្តីមេផ្ទះរៀនបានត្រឹមថ្នាក់បឋមប៉ុណ្ណោះ ទើបធ្វើឲ្យអ្នកទាំងពីរមានមោទនភាព និងសប្បាយចិត្តហួសថ្លែងចំពោះកូនស្រីរបស់គាត់។
គួរឲ្យស្តាយ ដោយសារតែជីវភាពខ្វះខាត គិតថាខ្លួនគ្មានលទ្ធភាពសម្រាប់ថ្លៃសម្ភារសិក្សា ធ្វើឲ្យក្តីស្រមៃក្លាយជាវេជ្ជបណ្ឌិតក៏បានផ្លាស់ប្តូរទៅជាជ្រើសរើសមុខជំនាញសំណង់ស៊ីវិលវិញ ព្រមទាំងខកខានឱកាសរារែកមិនហ៊ានដាក់អាហារូបករណ៍មុនពេលប្រឡងបាក់ឌុប នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម) ជាមូលហេតុដែលសិស្សឆ្នើមលេខមួយ ត្រូវបង់ថ្លៃសិក្សា ទោះបីទទួលបាននិទ្ទេសល្អ ពិន្ទុខ្ពស់លើសគេក៏ដោយ។ យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ យុវតី ថន រតនា មានតែបន្តស្វែងរកជំនួយពីសប្បុរសជន ដើម្បីសម្រេចបំណងប្រាថ្នា ក្លាយជាវេជ្ជបណ្ឌិត ហើយនាងមិនអស់សង្ឃឹមនោះទេ។
សិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ បានបង្ហើបប្រាប់ទៀតថា " ត្បិតតែមិនទាន់ច្បាស់លាស់១០០% ខ្ញុំនៅតែជឿជាក់ថា មានសប្បុរសជនមានសណ្តានចិត្តល្អ ជួយដល់រូបខ្ញុំ។”
ប្រសិនបើលោកអ្នកដែលមានបំណងឧបត្ថម្ភដល់ យុវតី ថន រតនា អាចទំនាក់ទំនងតាមលេខទូរស័ព្ទដៃប្អូនផ្ទាល់ គឺ 096 8286007។