កប់​ណាស់! មក​មើល​ទិដ្ឋភាព​ដេគ័រ​មង្គលការ​​អ្នក​មាន​ៗ​នៅ​ឌូបៃ (វីដេអូ)

  • 2018-08-19 02:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ទស្សនាវដ្ដី​ Weddingideas ទី​ក្រុង​ឌូបៃ​គឺ​ជា​ដែនដី​នៃ​របស់​ថ្លៃៗ ជា​ពិសេស​សូម្បី​តែ​ការ​រៀបចំ​មង្គលការ​ក៏​ត្រូវ​ប្រើ​តម្លៃ​កប់​សេរី​ផង​ដែរ។ សម្រាប់​​អាពាហ៍ពិពាហ៍​ដែល​ចាត់​ទុក​ថា​ខ្នាត​តូច​សម្រាប់​គ្រួសារ​អភិជន​ក្នុង​ទីក្រុង​ឌូបៃ ហោច​ណាស់​ក៏​អញ្ជើញ​ភ្ញៀវ​១០០​តុ ឬ​ពី​១០០០ ទៅ​៣០០០​នាក់​ដែរ។ គម្រោង​រៀបចំ​នៃ​មង្គលការ​នីមួយៗ​ត្រូវ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ជា​ច្រើន​ខែ​មុន​កាល​កំណត់ ហើយ​ការ​ដេគ័រ​ក៏​ត្រូវ​ជ្រើសរើស​ម៉ូដ​ណា​មិន​ជាន់​គ្នា ឬ​ប្រើ​ម៉ូដ​ដែល​គូ​ផ្សេង​ធ្លាប់​ប្រើ​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបភាព​ការ​ដេគ័រ​ខ្លះៗ​នៃ​មង្គលការ​ប្រណីត​ៗ​នៅ​​អ្នក​ក្រុង​អ្នក​មាន​នេះ ដោយ​ប្រើ​គ្រឿង​តុបតែង​ថ្លៃ​​ៗ៖

មង្គលការ​​ផ្កា​ Lily of the Valley

អាពាហ៍ពិពាហ៍​នេះ​តុបតែង​លម្អ​ទៅ​ដោយ​ផ្កា​ Lily of the Valley ស្ទើរ​តែ​គ្រប់​ពណ៌​នៅ​លើ​តុ តាម​ផ្លូវ​ដើរ និង​​គ្រប់​ទី​កន្លែង​ក្នុង​សាល​តែ​ម្ដង។ ជាមួយ​នឹង​ផ្កា​ពាសពេញ​បែប​នេះ​សាល​ទាំង​មូល​គ្រប​ដណ្ដប់​ដោយ​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់។ ក្រៅ​ពី​នេះ ក៏​មាន​ភ្លើង​ទំនើប​ៗ​ជះ​មក​លើ​វាំងនន​បង្កើត​បាន​ជា​ទស្សនីយភាព​អស្ចារ្យ​ផ្សេងៗ។

មង្គលការ​គ្រីស្ដាល់

វិចិត្រករ​ និង​ជា​អ្នក​ថត​រូប​នៅ​ទីក្រុង​ឌូបៃ Sheika Lateefa វ័យ​២៩​ឆ្នាំ​បាន​​នឹក​ឃើញ​គំនិត​ដេគ័រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​​អាពាហ៍ពិពាហ៍​កូន​កំលោះ​ក្រមុំ​ដោយ​ប្រើ​អំពូល​គ្រីស្តាល់។​ អ្នក​នាង​ Sheika ​បាន​ប្រើ​អំពូល​ភ្លឺ​ផ្លេក​ចំនួន​១ម៉ឺន​៥​ពាន់​អំពូល ​គ្រីស្តាល់​ប្រភេទ​ Swarovski ចំនួន​៦ម៉ឺន​៥​ពាន់​គ្រាប់​ ចាប​ក្រដាស​ចំនួន​៤​ពាន់​ដើម្បី​រំលេច​ពី​លើ​ការ​តុបតែង​បែប​ជា​​ផ្ទៃ​មេឃ​ភ្លឺ​ចិញ្ចាំង​ចិញ្ចែង។ ​

មង្គលការ​សួន​ផ្កា​ស្គុះស្គាយ

ដោយ​ប្រើ​ពណ៌​ស​ជា​គោល សាល​​អាពាហ៍ពិពាហ៍​ទាំង​មូល​ត្រូវ​តុបតែង​លម្អ​ដោយ​សួន​ផ្កា​ចម្រុះ។ ចំណុច​​​ដ៏​លេចធ្លោ​មួយ​ទៀត​ក្នុង​ការ​ដេគ័រ​នេះ គឺ​ចង្កោម​ផ្កា​ពណ៌​ស​ស្គុស​ព្យួរ​​ទម្លាក់​ពី​លើ​ពិតាន​មក​ប្រៀប​ដូច​ពពក​លើ​វេហាស៍។ បន្ថែម​ពី​នេះ ភ្លើង​ពណ៌​ស្វាយ​ភ្លឺ​ចិញ្ចាច​​ត្រូវ​បាន​បង្កប់​និង​បន្ថែម​យ៉ាង​ស្ទាត់​ជំនាញ​​ដើម្បី​បន្ថែម​ភាព​ឥត​ខ្ចោះ​សម្រាប់​មង្គលការ​មួយ​នេះ។​​

មង្គល​ការ​លក្ខណៈ​ Outdoor នា​រដូវ​រងា

សម្រាប់​ដែន​ដី​​ដែល​មាន​អាកាសធាតុ​ក្ដៅ​ដូច​ទីក្រុង​ឌូបៃ ទិដ្ឋភាព​ខែ​រងា​ដោយ​មាន​ព្រិល​ធ្លាក់​គឺ​ជា​រឿង​ដ៏​កម្រ​មួយ។ ហេតុ​នេះ​ទើប​មង្គលការ​ដែល​រៀបចំ​ឡើង​ក្នុង​រដូវ​រងា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទី​វាល​​ខាង​ក្រៅ ដោយ​​បង្កើត​ជា​សួន​ផ្កា​​រដូវ​​ត្រជាក់​ដ៏​ល្អ​ប្រណីត។ នៅ​ដើម​​ផ្លូវ​ដើរ​ចូល​​នៃ​អាពាហ៍ពិពាហ៍​នេះ​មាន​ប្រក់​ដំបូល​កញ្ចក់​ថ្លា​រាង​​ក្រឡូម​ ដោយ​ព្យួរ​ទម្លាក់​ត្បូង​គ្រឹស្តាល់​រាប់​ពាន់​គ្រាប់​ភ្លឺ​ចិញ្ចាច​ដើម្បី​ទុក​ជា​តំណាង​នៃ​ព្រិល​និង​ទឹកកក៕

ចុចអាន៖ អ្នក​ជិត​រៀបការ មក​ដឹង​ពី​តម្លៃ​តុ​​ និង​ម្ហូប​អាហារ​នៅ​សណ្ឋាគារ​​​លំដាប់​ផ្កាយ​ ៥

អត្ថបទ៖ សរ សុគន្ធី