មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​ តែង​តែ​បង្ហាញ​សកម្មភាព​បែប​នេះ​ចំពោះ​អ្នក

  • 2018-07-11 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មិន​បាច់​មើល​អី​ច្រើន​ពេក​ទេ បើ​មនុស្ស​ប្រុស​ម្នាក់​នោះ​ពិត​ជា​ស្រឡាញ់​អ្នក​ខ្លាំង​មែន គាត់​នឹង​បង្ហាញ​សកម្មភាព​ទាំង​នេះ​ជាមួយ​អ្នក។ នេះ​មិន​មែន​ជា​សកម្មភាព​អី​ធំ​ដុំ​ទេ តែ​សាក​សួរ​ខ្លួន​ឯង​មើល​បើ​អ្នក​ឃើញ​សង្សារ​អ្នក​មាន​កាយវិការ​បែប​នេះ​ អ្នក​មាន​អារម្មណ៍​បែប​ណា ៖

១. តែង​កាន់​ដៃ​អ្នក ឬ​យក​ដៃ​កាន់​ស្មា​ពេល​ដើរ​តាម​ផ្លូវ

កាយវិការ​បែប​នេះ​គឺ​មក​ពី​គាត់​បារម្ភ​ពី​អ្នក​ពេល​ដើរ​តាម​ផ្លូវ និង​ចង់​បង្ហាញ​ប្រាប់​គេ​ផង​ថា​អ្នក​ជា​សង្សារ​គាត់។ ម្យ៉ាង​ទៀត​វា​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​ភាព​ល្អ​ប្រសើរ​ដែល​ស្នេហា​អ្នក​មាន មិន​មែន​ម្នាក់​ដើរ​មុខ ម្នាក់​ដើរ​ក្រោយ​នោះ​ទេ។

២. ទៅ​ណា​មក​ណា​តែង​ជួយ​យួរ​ឥវ៉ាន់​អ្នក

មិន​បាច់​ទាល់​តែ​ទៅ​ណា​ឆ្ងាយ​ទេ ពេល​ខ្លះ​គ្រាន់​តែ​ដើរ​ផ្សារ​ ក៏​គាត់​ជួយ​​យួរ​ឥវ៉ាន់​ពី​អ្នក​ដែរ ទោះ​តិច​ឬ​ច្រើន​ក៏​ដោយ។ ម្យ៉ាង​ទៀត​ពេល​ខ្លះ​ឃើញ​កាតាប​អ្នក​ធ្ងន់​ គាត់​សុខចិត្ត​ទាញ​ពី​អ្នក​យក​មក​ស្ពាយ​ខ្លួន​ឯង​ទៀត ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ស្ពាយ​ធ្ងន់។ នេះ​មិន​មែន​បង្ហាញ​ថា​គាត់​អន់​នោះ​ទេ តែ​បង្ហាញ​ថា​គាត់​គិត​ពី​សង្សារ​គាត់​ជាង​អ្នក​ដទៃ​មើល​មក។

៣. ជូន​អ្នក​ដល់​ផ្ទះ

បើ​ពេល​ថ្ងៃ​អី​ប្រហែល​គាត់​អាច​ឲ្យ​អ្នក​ទៅ​ផ្ទះ​ម្នាក់​ឯង​បាន តែ​បើ​ពេល​យប់​ហើយ​គាត់​តែង​ជូន​អ្នក​ដល់​ផ្ទះ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​គាត់​វិញ។ គាត់​ធ្វើ​បែប​នេះ​មក​ពី​គាត់​ស្រឡាញ់ បារម្ភ​ មិន​ចង់​ឲ្យ​អ្នក​មាន​បញ្ហា​អី​កើត​ឡើង។ នេះ​គឺ​ជា​សកម្មភាព​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក ព្រោះ​គេ​អាច​គិត​ពី​អ្នក​ច្រើន​ជាង​ខ្លួន​ឯង​ក៏​មាន។

៤. ចូលចិត្ត​លេង​ក្បាល ឬ​សក់​អ្នក

តែងតែ​លេង​ក្បាល ឬ​អង្អែល​សក់​អ្នក ហើយ​ពេល​ខ្លះ​អាច​បន្លំ​ថើប​ ឬ​ហិត​សក់​ដ៏​ស្រស់​ស្អាត​របស់​​អ្នក​ក៏​មាន។ នេះ​ជា​កាយវិការ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​មនុស្ស​ប្រុស​ម្នាក់​ពេល​ដែល​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​ខ្លាំង។

រូបតំណាង

៥. ឲ្យ​អាវ​ក្រៅ​របស់​គាត់​មក​អ្នក​ពេល​អ្នក​រងា ឬ​ចេញ​ក្រៅ​ក្ដៅ

គាត់​តែង​តែ​ឲ្យ​អាវ​រងា​គាត់​មក​អ្នក​ពេល​អ្នក​រងា ទោះ​គាត់​រងា​ខ្លួន​ឯង ក៏​គាត់​ប្រាប់​អ្នក​ថា​អត់​រងា​ដែរ។ មួយ​វិញ​ទៀត​បើ​ចេញ​ទៅ​ណា​ក្ដៅ​ឲ្យ​អ្នក​គ្មាន​អាវ​ក្រៅ​នោះ​ គាត់​នឹង​ឲ្យ​អ្នក ហើយ​ប្រាប់​ថា​ «បង​មនុស្ស​ប្រុស​មិន​អី​ទេ ខ្មៅ​ក៏​បាន​ដែរ តែ​អូន​ឯង​ស្រី ត្រូវ​តែ​ពាក់»។ ទាំង​នេះ​សុទ្ធ​តែ​ជា​សកម្មភាព​ដែល​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​អ្នក​ជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​គាត់។

៦. ស្ដី​ឲ្យ​អ្នក​ពេល​ញ៉ាំ​តិច ចង់​ឲ្យ​​អ្នក​ញ៉ាំ​ឲ្យ​បាន​ច្រើន

ពេល​អ្នក​ញ៉ាំ​អី​តិច​ពេក ឬ​អត់​ញ៉ាំ​សោះ ​ព្រោះ​អ្នក​ខ្លាច​ធាត់​នោះ គាត់​តែង​ស្ដី​ឲ្យ​អ្នក ហើយ​ឲ្យ​អ្នក​ញ៉ាំ​ឲ្យ​បាន​ច្រើន។ គាត់​តែង​និយាយ​ថា​« ញ៉ាំ​ឲ្យ​ច្រើន​ទៅ រាង​ប៉ុណ្ណឹង​គ្មាន​អី​ធាត់​ទេ ស្អាត​សម្រាប់​បង​ណាស់​ទៅហើយ»។ គាត់​ចង់​ឲ្យ​អ្នក​សុខភាព​ល្អ ជាង​អង្គុយ​មើល​អ្នក​អត់​អាហារ ហើយ​ឃ្លាន និង​គ្មាន​កម្លាំង​កំហែង។​

រូបតំណាង

បើ​មាន​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ចូលចិត្ត​រករឿង​គាត់​ពេក ត្រូវ​ស្រឡាញ់​គាត់​ឲ្យ​បាន​ច្រើន ព្រោះ​មនុស្ស​ប្រុស​ល្អ​មិន​ងាយ​ជួប​ទេ៕

ចុចអាន៖ទោះ​គ្មាន​លុយ​ក៏​មាន​សុភមង្គលបាន​ដែរ​ បើ​ក្នុង​ផ្ទះមាន​នារី​ ៥​ ប្រភេទ​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម