ម៉ាក់អ្នកពពោះ ឯប៉ាគួរក៏ធ្វើរឿងទាំងនេះដើម្បីកូនកើតមកគួរឱ្យស្រលាញ់ និង IQ ខ្ពស់
- 2018-06-09 03:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់អ្នកពពោះ ឯប៉ាគួរក៏ធ្វើរឿងទាំងនេះដើម្បីកូនកើតមកគួរឱ្យស្រលាញ់ និង IQ ខ្ពស់
ការមានផ្ទៃពោះមិនមែនជាការងាររបស់ម្ដាយតែម្នាក់ឯងនោះទេ តែប៉ាប៉ាក៏ត្រូវរួមចំណែកសំខាន់ផងដែរក្នុងថែរក្សាគភ៌តាំងពីនៅក្នុងពោះ រហូតដល់ពេលឆ្លងទន្លេ ដើម្បីប្រាកដថា កូនមានសុខភាព និងខួរក្បាលឆ្លាតវាងវៃ។ ដូច្នេះដើម្បីបានកូនតូចម្នាក់ដ៏គួរឱ្យស្រលាញ់ និងប្រាជ្ញាឆ្លៀវឆ្លាត លោកប៉ាទាំងឡាយគួរស្វែងយល់ពីរឿងចាំបាច់ដែលគួរធ្វើដាក់ប្រពន្ធនិងកូនអំឡុងពេលមានផ្ទៃពោះដូចខាងក្រោមនេះ៖
រំញោច ឬធ្វើចលនាពោះម្ដាយ
វេលាមុនពេលចូលគេង គភ៌ដែលនៅក្នុងផ្ទៃច្រើនតែធ្វើចលនា ជាងពេលធម្មតា។ ដូច្នេះដើម្បីប្រាស្រ័យជាមួយកូនដ៏គួរឱ្យស្រលាញ់នោះ ប៉ាប៉ាគួរចេះប្រឡែងលេងជាមួយគេដោយយកដៃរង្គើពោះរបស់ម៉ាក់ម៉ាក់ ឬយកម្រាមដៃរត់ចុះរត់ឡើងលើផ្ទៃពោះដើម្បីឱ្យកូនរឹតតែមានភាពជិតស្និទ្ធ និងស្វែងយល់ពីភាពកក់ក្ដៅដែលប៉ានិងម៉ាក់កំពុងផ្ដល់ឱ្យ។ ការធ្វើចលនាម្រាមដៃលើពោះនេះអាចធ្វើពី៥ទៅ១០នាទី ប៉ុន្តែជៀសវាងការប្រើបាតដៃត្រដុស ឬសង្កត់ធ្ងន់ៗលើពោះ ព្រោះវាអាចប៉ះពាល់ដល់គភ៌ ឬធ្វើឱ្យរលូតបាន។
ថើបពោះម៉ាក់ម៉ាក់ ហើយនិយាយជាមួយកូន
អ្នកខ្លះប្រហែលមិនជឿពីរឿងនេះ ប៉ុន្តែការពិតវាអាចជាវេទមន្ត និងក្ដីសុខដែលប៉ាប៉ាអាចផ្ដល់ដល់កូនពិតប្រាកដមែន។ យោងតាមអ្នកវិទ្យាសាស្ត្រ ទោះបីគភ៌កំពុងនៅក្នុងផ្ទៃមិនស្គាល់មុខ ឬនិយាយស្ដីបាន តែពួកគេអាចយល់និងស្ដាប់ឮរាល់អ្វីដែលបានកើតឡើងនៅខាងក្រៅ។
ការថើប ថ្នាក់ថ្នមភរិយា និយាយជាមួយកូន ឬច្រៀងឱ្យគេស្ដាប់នៅក្នុងពោះនឹងជួយឱ្យអ្នកម្ដាយមានអារម្មណ៍រីករាយ ហើយកូនក៏ទទួលបានអារម្មណ៍រីករាយនេះដូចគ្នា។ ទង្វើបែបនេះនឹងជួយឱ្យគភ៌លូតលាស់បានយ៉ាងល្អ ទាំងកាយសម្បទា និងប្រាជ្ញាស្មារតី។ ដូច្នេះ រាល់យប់ គួរតែចំណាយពេល១៥ទៅ២០នាទីដើម្បីនិយាយជាមួយកូន អានសៀវភៅ ឬច្រៀងបំពេគេមុនចូលគេង។
ឧស្សាហ៍បើកចម្រៀងឱ្យកូនស្ដាប់
ចម្រៀងប្រៀបដូចជាឱសថព្យាបាលភាពសៅហ្មង និងបន្ថែមអារម្មណ៍ស្រស់ស្រាយបានយ៉ាងពិតប្រាកដ។ បន្ថែមពីនេះ ចម្រៀងក៏អាចជំរុញឱ្យគភ៌ដែលនៅក្នុងផ្ទៃអាចលូតលាស់ខួរក្បាលបានល្អ និងធ្វើឱ្យម្ដាយមានអារម្មណ៍ល្អដែលនឹងជះឥទ្ធិពលវិជ្ជមានដល់កូនផងដែរ។ លោកប៉ាគួរតែជ្រើសរើសបទចម្រៀងបែបស្រទន់ៗ គ្មានចង្វាក់កញ្ឆក់ៗ និងប្រើសំឡេងល្មម ដើម្បីសម្រួលការគេងផង និងជំនួយការលូតលាស់ផង។
នាំប្រពន្ធចេញក្រៅដើរលេង
ការដើរចេញក្រៅលំហែ និងដកដង្ហើមវែងៗ ស្រូបយកខ្យល់អាកាសបរិសុទ្ធនឹងជួយឱ្យអ្នកម្ដាយមានអារម្មណ៍ស្រស់ស្រាយ ដកដង្ហើមបានស្រួល ជំនួយដល់ការគេង កាត់បន្ថយការចុករោយ សម្រួលចលនាឈាម និងជួយដល់ការលូតលាស់របស់គភ៌បានយ៉ាងល្អ។ ដូច្នេះមិនថារវល់យ៉ាងណាទេ លោកប៉ាគួរឆ្លៀតពេលកំដរប្រពន្ធដើរកម្សាន្ត និយាយលេងពីនេះពីនោះ ដើម្បីកាត់បន្ថយអារម្មណ៍ឈឺចាប់ ឬតានតឹងដោយសារការពពោះ និងទំហំពោះដែលចេះតែធំៗឡើងនោះផង។
នាំប្រពន្ធទៅពិនិត្យពោះឱ្យបានទៀងទាត់
ការពិនិត្យផ្ទៃពោះ និងសុខភាពគភ៌គឺជារឿងសំខាន់បំផុតដែលអ្នកម្ដាយមិនគួរភ្លេចឡើយ។ រាល់ការតាមដាន អ្នកនឹងអាចដឹងពីសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ផ្ដល់ឱ្យកូន និងស្ថានភាពសុខភាពរបស់កូន។ ដូច្នេះប៉ាប៉ាត្រូវជួយរម្លឹកអ្នកម៉ាក់ និងជូនអ្នកម៉ាក់ទៅពិនិត្យពោះ ព្រោះវត្តមានរបស់ប៉ាប៉ានៅក្បែរគឺជាភាពកក់ក្ដៅដែលអ្នកដទៃមិនអាចផ្ដល់ឱ្យដូចបានឡើយ។
ចុចអាន៖ អត់ស្រួលទេ! ១៧សន្លឹកចាក់ដោតអារម្មណ៍ម្ដាយដែលថែទាំកូនតូចៗរាល់ថ្ងៃ
ទន្ទឹមនឹងអ្វីដែលគួរធ្វើទាំងនេះ លោកប៉ាក៏គួរដឹងពីរឿងដែលមិនគួរធ្វើដាក់ប្រពន្ធ ឬកូនដែលនៅក្នុងផ្ទៃដែរ៖
កុំជក់បារីនៅក្បែរប្រពន្ធ ឬនៅក្នុងផ្ទះ
កុំមាត់ធំមាត់តូច រករឿង ឬប្រើអំពើហិង្សាដាក់ប្រពន្ធ
កុំមកផ្ទះយឺត ដោយគ្មានជូនដំណឹងជាមុន
កុំបណ្ដោយឱ្យប្រពន្ធធ្វើការងារផ្ទះដែលអាចមានគ្រោះថ្នាក់ ពេលពោះកាន់តែធំ
កុំបង្ខំប្រពន្ធរឿងរួមដំណេកច្រើនទាំងដឹងថានាងមិនស្រួលខ្លួន ឬជិតដល់ពេលត្រូវឆ្លងទន្លេ
ម៉េចដែរបុរសៗ អាចធ្វើបានអត់ប៉ុណ្ណឹង?