អប្បិយជំនឿ​ និង​ត្រណម​​ខ្មែរ​ដែល​មិន​ចេះសាបរលាប

  • 2018-06-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​សព្វ​ថ្ងៃ​នេះ ជា​សម័យ​កាល​​នៃ​វិទ្យាសាស្ត្រ ​មាន​​បច្ចេកវិទ្យា​ទំនើប​ជឿន​លឿន​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរនៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​​អប្បិយជំនឿ​ ព្រម​តាំង​ត្រណម​​ទាំង​ឡាយ ដែល​មាន​តាំង​ពី​​បរម​បុរាណ​មក ដូច​​ពាក្យ​ចាស់​ពោល​ថា "បើ​មិន​ជឿ​កុំ​ប្រមាថ​"។ ហេតុ​ដូច​ច្នេះ បាន​ជា​ខ្មែរ​មិន​បោះ​បង់​ចោល ហើយ​បន្ត​ជំនឿ​​ទាំង​អស់​នោះ ត​កូន​តចៅ​រហូត​​មក​ដល់​​សព្វ​ថ្ងៃ។

១. កាត់​ក្រចក​ពេល​យប់ ធ្វើ​ឲ្យ​អ្នក​ជួប​សំណាង​អាក្រក់។

២. ​ដើរ​លេង​ ជាពិសេស​នៅ​ក្នុង​ព្រៃ មុន​ញ៉ាំ​អី​ត្រូវ រំលែក​សែនទៅ​ឲ្យ​ម្ចាស់​ទឹក​​​ម្ចាស់​ដី​សិន ដើម្បី​​ឲ្យ​គេ​តាម​ជួយ​ថែរក្សា​បាន​ក្តី​សុខ។​

រូបតំណាង

**៣.** ពេល​ដើរ​ក្នុង​ព្រៃ​​ហាម​និយាយ​ពាក្យ​ផ្ដេសផ្ដាស​ មិន​ពីរោះពិសា ​ព្រោះ​​អាច​ធ្វើ​ឲ្យ​អ្នក​តា​ម្ចាស់​ព្រៃ​ខឹង ​ហើយ​អ្នក​ច្បាស់​ជា​ជួប​រឿង​មិន​ល្អ។

៤. ពេល​មាន​មនុស្ស​ស្លាប់ ហាម​ឲ្យ​ឆ្មា​សម្បុរ​​ ៣​ ពណ៌​រត់​រំលង ព្រោះ​អាច​ទាញ​ឲ្យ​សាក​សព​ងើប​ឡើង។

រូបតំណាង

៥. សត្វ​​​អាច​មើល​ឃើញ​ខ្មោច​បាន​ ជាពិសេស​ឆ្កែ​ និង​ឆ្មា។

៦. មុន​​ចាប់​ផ្តើម​សាងសង់​ផ្ទះ ឬ​ចូល​នៅ​​ផ្ទះ​ថ្មី ត្រូវ​មាន​សំណែន​សុំ​​​​ឲ្យ​បាន​ត្រឹម​ត្រូវ​​ជា​មុន​​សិន ព្រោះ​ខ្មែរ​តែង​ជឿ​ថា ទោះ​នៅ​ទី​​ណា​ក៏​មាន​ព្រលឹងអារក្ស​ អ្នកតា និង​ម្ចាស់​ដែល​ជា​អ្នក​កាន់​កាប់​កន្លែង​នោះ​ដែរ។

៧. រាប់​​ចំនួន​​តុក​កែ​យំ ជា​ពិសេស​នារី​នៅ​លីវ ចង់​ដឹង​ថា​បាន​ប្តី​កំលោះ​ឬ​ពោះ​ម៉ាយ ពេល​ឮ​តុកកែ​យំ​​លើក​ដំបូង​ត្រូវ​​និយាយ​ថា​​​កំលោះ លើក​ទី​២​​និយាយ​ថា​ពោះ​ម៉ាយ បើ​តុក​កែ​ឈប់​យំ ត្រង់​ពាក្យ​ណា​មាន​ន័យ​ថា​ នោះ​ហើយ​ជា​គូ​ព្រេង​អ្នក។

៨. មិន​​ញ៉ាំ​ត្រី​ដំរី ព្រោះ​គិត​ថា​​ត្រី​ដំរី ធ្លាប់​ជា​មនុស្ស​ស្រី​​ដែល​​ប្តី​សម្លាប់​​​ធាក់​ទម្លាក់​ទឹក ហើយ​ក្លាយ​ជា​ត្រី​ដំរី​នេះ​ឯង។

៩. ពេល​ញ៉ាំ​ត្រី​ អស់​​មួយ​ចំហៀង​ កុំ​ក្រឡាប់​ទៅ​​ម្ខាង​ទៀត ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​រក​​ត្រី​ ក្រឡាប់​ទូក​ពេល​នេសាទ។​

១០. ​​ការ​​ចាក់​សាក់​នៅ​លើ​​ដង​ខ្លួន​ ពិសេស​​លើ​ទ្រូង​​និង​ខ្នង ពេញ​និយម​បំផុត​សម្រាប់​ប៉ូលិស ទាហាន ដើម្បី​ការពារ​ខ្លួន​ពី​​​គ្រាប់​កាំភ្លើង​​​ និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង។

១១. ក្រៅ​ពី​ការ​ចាក់​សាក់ អ្នក​ខ្លះ​ជ្រើស​រើស​​ខ្សែ​កថា​ដើម្បី​ការពារ​ខ្លួន ដោយ​ឲ្យ​ព្រះ​សង្ឃ ឬ​គ្រូ​មន្ត​អាគម​​គាថា​សូត្រ​បាលី​ជា​មុន​សិន។

រូបតំណាង

​​​​​​១២. បើ​​មាន​ខ្លែង​ស្រាក់​មក​យំ​លើ​ដំបូល​ផ្ទះ គឺ​ជា​ប្រផ្នូល​​អាក្រក់​បំផុត។

១៣. បើ​នារី​ណា​ច្រៀង ពេល​កំពុង​ចម្អិន​ម្ហូប អាច​​នឹង​បាន​ប្តី​ពោះ​ម៉ាយ។

ចុះ​អ្នក​ទាំង​អស់​គ្នា ធ្លាប់​បាន​ដឹង​ពី​ជំនឿ​ឬ​តំណម​អី​ផ្សេង​ទៀត​អត់? បើ​មាន​អាច​​ចែក​រំលែក​ជា​មួយ​ កញ្ញា​ បាន​ណា។​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម