ហេតុផល​សាមញ្ញ​ ៥​ យ៉ាង ដែល​បណ្ដាល​ឲ្យ​វដ្ដ​​រដូវ​របស់​ស្ត្រី​យឺតយ៉ាវ

  • 2018-03-22 01:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វដ្ដ​រដូវ​យឺតយ៉ាវ គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​នារី​ៗ​ស្ទើរតែ​គ្រប់​គ្នា ជា​ពិសេស​អ្នក​ដែល​មិន​ទាន់​មាន​គម្រោង​ចង់​បាន​កូន។ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​បន្ថែម​ខាង​ផ្នែក​សុខភាព កញ្ញា សូម​បង្ហាញ​ហេតុផល​សាមញ្ញ ៥ យ៉ាង ដែល​បណ្ដាល​ឲ្យ​វដ្ដ​រដូវ​របស់​អ្នក​​​​​យឺតយ៉ាវ ហើយ​អ្នក​គួរ​តែ​រៀន​ស្វែងយល់ និង​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង​ផ្ទាល់៖

១.វដ្ដ​រដូវ​របស់​អ្នក​មិន​ទាន់​បញ្ចប់

ជា​ទូទៅ​មួយ​វដ្ដ​រដូវ​របស់​មនុស្ស​ស្រី​មាន​រយៈ​ពេល​ប្រហែល ២៨ ថ្ងៃ ដូច្នេះ​ប្រសិន​ខែ​នេះ​វា​ប្រែប្រួល​មក​លឿន​ជាង​សព្វ​ដង​​​​​ត្រឹម ២៤ ថ្ងៃ​ក្រោម​ហេតុផល​ណា​មួយ នោះ​ខែ​បន្ទាប់​វា​នឹង​ត្រូវការ​រយៈ​ពេល​រហូត​ដល់ ៣២ ថ្ងៃ ដើម្បី​បង្គ្រប់​ប៉ុន្មាន​ថ្ងៃ​ដែល​សល់​កាល​ពី​ខែ​មុន។

២.ភាព​តានតឹង

រាងកាយ​របស់​អ្នក​នឹង​ជម្រុះ​ពង​អូវុល​ចេញ​ពី​អូវែ ដើម្បី​បន្ត​ចូល​វគ្គ​បង្ក​កំណើត ដូច្នេះ​ប្រសិន​អ្នក​មាន​អារម្មណ៍​ភ័យ​ព្រួយ ឬ​ពិបាក​ចិត្ត​ខ្លាំង​ចំពោះ​បញ្ហា​អ្វី​មួយ​នៅ​កំឡុង​ពេល​នោះ វា​នឹង​រង់ចាំ​មួយ​រយៈ​សិន រហូត​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង រដូវ​របស់​អ្នក​អាច​មិន​មក​រាប់​ខែ​ក៏​មាន។

រូបតំណាង

**៣.អ្នក​ឈឺ ឬ​មាន​របួស**

ប្រសិន​អ្នក​មាន​ជំងឺ ឬ​រង​របួស​ធ្ងន់ធ្ងរ រាងកាយ​របស់​អ្នក​ក៏​មិន​បញ្ចេញ​អូវុល​ដែរ ក្រោម​ហេតុផល​អ្នក​មិន​មាន​លទ្ធភាព​​គ្រប់គ្រង​ដើម្បី​បង្ក​កំណើត។ អ្នក​អាច​មាន​រដូវ​ដូច​ដើម​វិញ នៅ​ពេល​ដែល​សុខភាព​របស់​អ្នក​វិវត្ត​មក​ប្រក្រតី​វិញ។

៤.អ្នក​ញ៉ាំ​មិន​គ្រប់គ្រាន់ ឬ​ហាត់​​ប្រាណ​ខ្លាំង​ពេក

នៅ​ពេល​រាងកាយ​របស់​អ្នក​ខ្វះ​វីតាមីន​ដោយ​សារ​ការ​ញ៉ាំ​មិន​គ្រប់គ្រាន់ ឬ​ក៏​ប្រើប្រាស់​ថាមពល​អស់​ច្រើន​​ដោយសារ​ការ​ហាត់​ប្រាណ នោះ​​សុខភាព​របស់​អ្នក​នឹង​ដុនដាប មិន​មាន​លទ្ធភាព​បង្ក​កំណើត។ អ្នក​ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​វដ្ដ​រដូវ​មិន​ទៀងទាត់ ឬ​ក៏​​ផ្អាក​មួយ​រយៈ​ធំ​​ជា​ដើម។

រូបតំណាង

៥.ការ​​ប្រើ​ប្រាស់​ឱសថ

ការ​ចាប់ផ្ដើម​ប្រើប្រាស់ ឬ​ផ្លាស់ប្ដូរ​ឱសថ​ភ្លាមៗ ក៏​ជះ​ឥទ្ធិពល​ដល់​វដ្ដ​រដូវ​របស់​អ្នក​ដែរ។ ហេតុនេះ​ប្រសិន​អ្នក​ជួប​បញ្ហា​បែប​នេះ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ជា​បន្ទាន់។

ដំបូន្មាន៖ ប្រសិន​វដ្ដ​រដូវ​របស់​អ្នក​មិន​សូវ​ទៀងទាត់ ហើយ​តែងតែ​យឺតយ៉ាវ មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​រឹត​តែ​ធ្វើ​ឲ្យ​អារម្មណ៍​​របស់​អ្នក​កាន់​តែ​ធុញថប់​ ដូច្នេះ​អ្នក​គួរ​តែ​ធ្វើ​តេស្ដ​ទឹក​នោម​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​សម្ពាធ​ផ្លូវ​ចិត្ត​នោះ​បាន​រសាយ​មក​វិញ។ ទោះ​ជា​លទ្ធផល​បែប​ណា អ្នក​ក៏​អាច​ដឹង​បាន​ឆាប់ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ត​បាន​រហ័ស​ដូច​គ្នា៕

ចុចអាន៖ស្ត្រី​ពេល​ធំ​ពេញ​វ័យ​​ទៅ នឹង​ជួប​រឿង​នឹក​ស្មាន​​មិន​ដល់​ទាំង ៧ យ៉ាង​នេះ​ពី​សុដន់

ប្រភព៖ popsugar អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី